Monday, November 24, 2025
Homeព័ត៌មានជាតិធ្វេសប្រហែសពេកហើយ... ផ្អើលពេញពេទ្យជោរៃភ្នំពេញ

ធ្វេសប្រហែសពេកហើយ… ផ្អើលពេញពេទ្យជោរៃភ្នំពេញ

ភ្នំពេញ ៖ បុរសជាងកញ្ចក់ម្នាក់បានយកសោម៉ាឡេតមកមួលដោះខ្ចៅកញ្ចក់ពិតាន តែដោះមិនរួចក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែកកញ្ចក់ធ្លាក់សង្កត់ជនរងគ្រោះធ្វើឱ្យធ្លាក់ចុះពីលើរន្ទាមកក្រោម បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះបានកើតឡើកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចយ៉ខាងមុខមន្ទីរពេទ្យជោរៃភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះខាងលើ មានឈ្មោះលី ដានី អាយុ៣៧ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមសម្តីបុរសឈ្មោះហុល ហៃ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ជាកម្មកររួមការងារជាមួយជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មេការបានបែងចែកការងារឱ្យពួកគេទាំង៤នាក់ ធ្វើការងាររៀងៗខ្លួនតែពុំទាន់បានធ្វើទេ ហើយពួកគេក៏នាំគ្នាឡើងតាមអន្ទាទៅលើដំបូលយ៉កញ្ចក់ រួចមេការក៏ឡើងដែរ ពេលនោះជនរងគ្រោះបានយកដែកដាក់លើធ្នឹមកញ្ចក់និងយកសោម៉ាឡេតមកមួលដោះខ្ចៅ តែដោះមិនរួចក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែកកញ្ចក់ធ្លាក់ជនរងគ្រោះចុះមកក្រោមបណ្តាលឱ្យរបួសជាទម្ងន់ ហើយលើកយកមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យជោរៃ រហូតដល់ម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃដដែល ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា បុរសរូបនោះស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES