ខេត្តរតនគិរី ៖ ក្មេងប្រុសស្ទាវឡើងកម្នាក់បានធ្វើសកម្មភាពចូលទៅចាប់រំលោភក្មេងស្រីវ័យ១០ឆ្នាំម្នាក់ នៅលើផ្ទះទាំងកំរោលរហូតដល់បានសម្រេច ខណៈដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ។ លុះឪពុកម្តាយត្រឡប់មកវិញក្មេងស្រីរងគ្រោះក៏ទម្លាយរឿងរ៉ាវប្រាប់អស់គ្មានសល់ និងឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់ ។
ករណីរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតនៅក្នុងភូមិឡាំប៉ាត់ ឃុំហាត់ប៉ក ស្រុកវើនសៃ។

ក្មេងស្រីរងគ្រោះដែលត្រូវក្មេងស្ទាវល្មោភកាមចាប់រំលោភ មានឈ្មោះ ឆ.យ អាយុ១០ឆ្នាំ មុខរបរសិស្ស។ ចំណែកជនសង្ស័យមានឈ្មោះផាត ផង់ អាយុទើប១៤ឆ្នាំប៉ុណ្ណោះ មុខរបរកសិករ។ ក្មេងប្រុសស្រីទាំង២នាក់ខាងលើមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
យោងតាមរបាយការណ៍ពីនគរបាលស្រុកវើនសៃ បានឱ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីពូរបស់ក្មេងស្រីរងគ្រោះ ដោយបានដាក់ពាក្យបណ្តឹងទៅលើក្មេងប្រុសឈ្មោះផាត ផង់ ថាបានចាប់រំលោភក្មួយស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ដែលទើបនឹងមានអាយុ១០ឆ្នាំ រហូតដល់បានសម្រេច។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវើនសៃ បានចុះទៅឃាត់ខ្លួនជនសង្ស័យ រួចនាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសជាជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕