Monday, November 24, 2025
Homeព័ត៌មានជាតិភ្ញៀវត្រឡប់ទៅផ្ទះអស់ហើយ... ម្ចាស់ផ្ទះយំផ្អើលភូមិ

ភ្ញៀវត្រឡប់ទៅផ្ទះអស់ហើយ… ម្ចាស់ផ្ទះយំផ្អើលភូមិ

បន្ទាយមានជ័យ ៖ ឪពុកម្តាយកូនប្រុសស្រីទាំង២នាក់បានធ្វើពិធីឡើងផ្ទះមិនទាន់ចប់ស្រួលបួលផងនោះ ស្រាប់តែបានបាត់កូនប្រុសស្រី២នាក់ លុះពេលដើររកក៏ប្រទះឃើញស្បែកជើងនៅមាត់ស្រះ ក៏បាននាំគ្នាចុះរាវរកឃើញកូនទាំង២បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មទៅហើយ ធ្វើឲ្យឪពុកម្តាយកូនប្រុសស្រីទាំង២ យំបោកខ្លួនគួរឲ្យសង្វេគបំផុត។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

សពក្មេងស្រីរងគ្រោះ មានឈ្មោះ ជា ដាវរី អាយុ៥ឆ្នាំ មានម្តាយឈ្មោះ ង៉ាន់សុជាតិ ឪពុកឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ចំណែកសពក្មេងប្រុសមានឈ្មោះ ត្រាំ សាន់ ភេទប្រុស អាយុ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា និងម្តាយឈ្មោះ ង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមឪពុកម្តាយក្មេងប្រុសស្រីទាំង២ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានធ្វើពិធីឡើងផ្ទះ មិនទាន់ចប់មិនទាន់ស្រួលបួលនោះទេ ដោយទុកកូនៗលេងជាមួយគ្នាដោយមិនបានចាប់អារម្មណ៍ថាកូនៗទៅលេងឯណានោះទេ។ លុះពេលភ្ញៀវត្រឡប់ទៅផ្ទះវិញអស់ ម្ចាស់ផ្ទះបានយកលុយដែលភ្ញៀងបានកួចដៃមករាប់។

ប្រភពបានបន្តទៀតថា ក្រោយពេលរាប់លុយចប់ ពួកគាត់បានហៅកូនៗ តែមិនដឹងឮឆ្លើយនោះទេ ពេលនោះបានធ្វើឲ្យឆោឡោឡើង រួចក៏នាំគ្នាដើររកទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើង ហើយចុះរាវរកក៏បានឃើញសពកូនៗ រួចបានបីបញ្ច្រាសក្បាលចុះក្រោម រួចរលាក់ឲ្យចេញទឹក ប៉ុន្តែជាអកុសក ពូកគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជំនាញ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ក្មេងទាំង២នាក់ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ។

បច្ចុប្បន្ន សាកសពក្មេងប្រុសស្រីទាំង២ សមត្ថកិច្ចបានប្រគល់ឲ្យជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី គឺរុះរោងឡើងផ្ទះ ធ្វើរោងបុណ្យសពវិញម្តង៕

RELATED ARTICLES