ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីផឹកស៊ីស្រវឹងនៅកន្លែងគេធ្វើការងារស្រែកឡូឡារំខាន គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃើញ ក៏ទៅប្រាប់កុំឱ្យឡូឡា ត្រូវបុរសប្រមឹកស្ទុះវ៉ៃប៉ូលិសមួយដៃខៀវភ្នែកឆ្វេង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះសា សី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយឡែកបុរសម្នាក់ទៀត ត្រូវប៉ូលិសហៅទៅសួរដែរនោះ ឈ្មោះនឹប មាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រពាំងប្រការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់រួមជាមួយមិត្តភក្តិរួមការងារមានគ្នា៣នាក់ អង្គុយផឹកនៅរោងមួយកន្លែងជាកន្លែងគេធ្វើការសម្រាប់ការដ្ឋានសំណង់ផ្សេង លុះមួយស្ទុះក្រោយមកមិត្តភក្តិ២នាក់ងើបទៅធ្វើការបាត់ នៅតែជនដៃដល់ម្នាក់ឯងអង្គុយផឹកបន្តហើយស្រែកឡូឡារំខានដល់កន្លែងគេធ្វើការ។
លុះនៅវេលាម៉ោងខាងលើ គាប់ជួនកម្លាំងប៉ុស្តិ៍ល្បាតឃើញក៏ដើរទៅប្រាប់កុំឱ្យឡូឡា ចៀសវាងរំខានដល់អ្នកដទៃ ស្រាប់តែជនបង្ក ស្ទុះវាយប៉ូលិសមួយដៃខៀវភ្នែក ត្រូវប៉ូលិសចាប់ឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ និងហៅបុរសម្នាក់ទៀត ជាអ្នករួមវង់ផឹកជាមួយកាលពីព្រឹក ទៅសាកសួរផងដែរ។

មន្ត្រីនគរបាលដែលត្រូវមួយដៃខៀវភ្នែកនោះឈ្មោះស្វាយ ជុំសាគរ ធ្វើកាេនៅប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ករណីបង្កហិង្សាមកលើសមត្ថកិច្ចនេះ ជនដៃដល់ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ និងអនុវត្តតាមនីតិវិធី៕