Monday, November 24, 2025
Homeព័ត៌មានជាតិម៉ែយោលអង្រឹងកូនខ្ចីនៅក្រោមផ្ទះ... ស្រាប់តែលេចមកមកដល់

ម៉ែយោលអង្រឹងកូនខ្ចីនៅក្រោមផ្ទះ… ស្រាប់តែលេចមកមកដល់

ខេត្តកណ្តាល ៖ បុរសប្រមឹកម្នាក់ក្រោយពីផឹកស៊ីស្រវឹងជោក ឃើញស្ត្រីកូនខ្ចីម្នាក់ដេកយោលអង្រឹងកូនតូចអាយុ៣ខែកន្លះនៅក្រោមផ្ទះ ក៏ចូលទៅលួចបីយីកកូនតូចនោះបោះចោលចូលទៅក្នុងភក់បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវឪពុកម្តាយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យគន្ធបុប្ជា រួចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនកំណាចខាងលើយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

ទារករងគ្រោះដែលត្រូវជនកំណាចលួចបីពីអង្រឹងយកទៅបោះចោលកប់ភក់នេះ មានឈ្មោះយីម ឡៃធី ភេទប្រុស អាយុ៣ខែកន្លះ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យចិត្តខ្មៅ មានឈ្មោះរិ រ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយរបស់ទារករងគ្រោះខាងលើកំពុងដេកយោលអង្រឹងកូនតូចនៅក្រោមផ្ទះដូចសព្វដង ស្រាប់តែលេចមុខជនសង្ស័យខាងលើ មិនដឹងជាផឹកស្រាស្រវឹងនិងជក់ថ្នាំញៀន (បែកថ្នាំ) មកពីណាមិនដឹងក៏បានដើរចូលមកលួចបីយកកូនតូចចេញពីក្នុងអង្រឹង រួចក៏បោះទារកនោះចោលទៅលើដីភក់ បណ្តាលឱ្យរងរបួសធ្ងន់។

ភ្លាមៗនោះ ឪពុកម្តាយទារករងគ្រោះខាងលើបានផ្អើលឆោឡោប្រញាប់ដឹកបញ្ជូនកូនតូចទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត។

ប្រភពដដែលបន្តថា បន្ទាប់មកឪពុករបស់ទារករងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បី បន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES