ខេត្តបាត់ដំបង ៖ ជនសង្ស័យល្មោភកាមម្នាក់បានលួងលោមក្មេងស្រីម្នាក់ឱ្យទៅយកនំប៉័ងប្រហិតហូប និងប្រាប់ថានឹងឱ្យលុយ២-៣ពាន់រៀលចាយ លុះនាំក្មេងស្រីដល់កន្លែងស្ងាត់ក៏ចាប់អូសដៃចូលក្នុងគុម្ពោតព្រៃ សម្រាតខោចាប់រំលោភទាំងកំរោលតែមិនបានសម្រេច ដោយសារក្មេងស្រីរងគ្រោះប្រឹងរើបម្រះនិងស្រែកហៅគេឯងឱ្យជួយ ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ចាប់ក្របួចជនល្មោភកាមប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានប៉ុនប៉ងរំលោភក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចគុម្ពោតព្រៃមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុមទី០៤ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីមិនបានសម្រេច បែរជាត្រូវជាប់ខ្នោះវិញនេះ មានឈ្មោះតក់ ទិត្យ ហៅបូរី ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះហ.ប.ផ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុជនសង្ស័យបានហៅនាងឱ្យទៅជួបនិងលួងលោមឱ្យនាងទៅជាមួយគេ ដើម្បីយកនំប៉័ងប្រហិតញ៉ាំ ព្រមទាំងប្រាប់ទៀតថា ចាំគេឱ្យលុយ២ពាន់ទៅ៣ពាន់រៀលចាយ។

លុះពេលនាងដើរតាមជនសង្ស័យទៅដល់ចំណុចកើតហេតុខាងលើដែលជាកន្លែងស្ងាត់ ក៏ស្រាប់តែជនសង្ស័យបានចាប់អូសដៃរបស់នាងចូលទៅក្នុងគុម្ពោធព្រៃក្បែរនោះ រួចក៏ធ្វើសកម្មភាពចាប់សម្រាតខោរបស់នាងចេញ និងប៉ុនប៉ងបង្ខំរំលោភនាងទាំងកំរោលតែម្តង ប៉ុន្តែពេលនោះនាងបានប្រឹងរើបម្រះផងនិងស្រែកឆោឡោហៅគេឱ្យជួយផង រហូតមានអ្នកភូមិបានលឺរត់មកជួយនិងឃាត់ខ្លួនជនល្មោភកាមរូបនេះជាប់យកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភក្មេងស្រីរងគ្រោះដូចអ្វីដែលនាងប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្នជនសង្ស័យល្មោភកាមខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕