ខេត្តព្រះសីហនុ៖ សំណង់អគារកម្ពស់៩ជាន់មួយកន្លែងត្រូវបានអាជ្ញាធររកឃើញថា មិនមានលិខិតអនុញ្ញាតសាងសង់ ពេលនេះត្រូវបានសម្រេចផ្អាកការសាងសង់ទាំងស្រុង។

អគារកម្ពស់៩ជាន់ដែលសាងសង់គ្មានលិខិតអនុញ្ញាតសាងសង់នេះ មានឈ្មោះ ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់ សិន អេនជីនារិង(ខេមបូឌា)ឯ.ក មានទីតាំងទល់មុខរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន១ច្បាប់ របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ថា ក្រសួងបានពិនិត្យបច្ចេកទសរួចមក ឈ្មោះ ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់ សិន អេនជីនារិង(ខេមបូឌា)ឯ.ក មិនមានលិខិតអនុញ្ញាតសាងសង់ គ្មានលិខិតអនុញ្ញាតបើកការដ្ឋាន និងបច្ចុប្បន្នកំពុងប្រេះស្រាំជញ្ជាំងបេតុង។

សេចក្តីប្រកាសព័ត៌មាននោះក៏បាមបញ្ជាក់ថា អាជ្ញាធរសម្រេចផ្អាកសាងសង់ជាបន្ទាន់ ហើយតម្រូវឲ្យរុះចេញ និងស្នើឲ្យប្រជាពលរដ្ឋដែករស់នៅជិតខាងអគារនេះមានការប្រុងប្រយ័ត្នខ្ពស់៕

