Monday, November 24, 2025
Homeព័ត៌មានជាតិទើបបង្ហោះតាមហ្វេសប៊ុករួច ប្រើល្បិចហ្នឹងនៅកន្លែងផ្សេងទៀត ជាប់ល្មម

ទើបបង្ហោះតាមហ្វេសប៊ុករួច ប្រើល្បិចហ្នឹងនៅកន្លែងផ្សេងទៀត ជាប់ល្មម

ភ្នំពេញ៖ យុវជនម្នាក់ដែលបានប្រើល្បិចឆបោកហាងលក់ផលិតផលតាមអនឡាញម្នាក់ ហើយត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ច ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានហើយកាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។

យុវជនសង្ស័យមានឈ្មោះរតនៈ សន្យា កើតឆ្នាំ១៩៩៣ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានផេកហ្វេសប៊ុកមួយឈ្មោះថា MyEyes បានបង្ហោះសារ ស្តីពីល្បិចឆបោកថ្មី ដោយជនឆបោកបានខលមកហាងលក់ផលិតផលអនឡាញរបស់គាត់ដើម្បីទិញទូរទស្សន៍ និងបញ្ឆោតឲ្យក្រុមការងារយកទូរទស្សន៍ទៅឲ្យនៅលើផ្សារទំនើបរតនាផ្លាហ្សា ហើយក៏ឆ្លៀតឱកាសលួចយកទូរទស្សន៍គេចខ្លួនបាត់ ដែលករណីមួយនេះ ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ព្រោះគេពុំធ្លាប់បានឃើញពីមុនមក។

សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យរូបនេះបានដើរចូលទៅផ្ទះលក់ទូរទស្សន៍មួយកន្លែង នៅក្បែរផ្សារអូឡាំពិក ដោយធ្វើជាទិញទូរទស្សន៍ម៉ាក LG មួយគ្រឿងនិងប្រាប់ថា ត្រូវដឹកយកទៅឱ្យនៅផ្សារស្ទឹងមានជ័យថ្មី នាព្រឹកស្អែក ហើយក៏បានឱ្យលេខទូរស័ព្ទទុកសំរាប់ទាក់ទងគ្នា ប៉ុន្តែដោយមានការសង្ស័យ ព្រោះឃើញលេខទូរស័ព្ទដែលអ្នកមកទិញនេះដូចគ្នានិងលេខគេបង្ហោះតាមហ្វេសប៊ុកថា ធ្លាប់ត្រូវម្ចាស់លេខនេះធ្វើជាមកទិញទូរទស្សន៍ហើយបោកយកទៅបាត់នោះ ទើបអ្នកលក់បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ឲ្យរៀបចំអន្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកម៉ោង09និង30នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩តែម្តង។

នៅចមពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមករូបគេបានធ្វើសកម្មភាពឆបោក នៅតាមហាងលក់គ្រឿងអេឡិចត្រូនិចនានាក្នុងរាជធានីភ្នំពេញ ១០លើករួចមកហើយ សម្ភារៈដែលឆបោកបាន រួមមាន ទូរទស្សន៍ និងធុងបាស់ចាក់ខារ៉ាអូខេ តែមិននឹកស្មានថាលើកទី១១នេះ ត្រូវភ្លាត់ស្នៀតជាប់អន្ទាក់សមត្ថកិច្ចយ៉ាងដូច្នេះឡើយ ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងរកជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES