ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកដំណើរម្នាក់បានសម្រេច កាលពីព្រឹកថ្ងៃទី០៨ ខែសីហា តាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ គេចខ្លួនបាត់អស់រយៈពេលជិត៣ម៉ោង ស្រាប់តែលេចមុខមកធ្វើសកម្មភាពលួចម៉ូតូកែងខាងក្រោយសួនកុមារពោធិ៍ចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ផ្អើលប្រជាពលរដ្ឋដេញចាប់បានម្នាក់រត់គេចម្នាក់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននេះមាន ឈ្មោះសំ សៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិតាមដងផ្លូវសារធារណៈផងដែរ ដោយប្រើប្រាស់ម៉ូតូហុងដាឌ្រីមសេ ១១០ ជាមធ្យោបាយ ចំនួន៣លើកមកហើយ។

យោងតាមចម្លើយជនសង្ស័យបានឱ្យដឹងថា មុនចាប់ខ្លួន រូបគេរួមជាមួយបក្ខពួកម្នាក់ទៀតឈ្មោះនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់និងធ្លាប់ដើរឆក់ដូចគ្នា មានលំនៅភូមិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី០៨ ខែសីហា ពួកគេមានគ្នា៣នាក់ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់លើផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ហើយរត់គេចខ្លួន។

កាបូបដែលឆក់បានបក្ខពួកម្នាក់ទៀតបានយកទុកហើយ ចំណែករូបគេនិងឈ្មោះនិត ក៏បានហៅម៉ូតូឌុបជិះពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី មកឈប់នៅកែងក្រោយសួនកុមារពោធិ៍ចិនតុង លុះមកដល់គោលដៅគ្មានលុយឱ្យថ្លៃម៉ូតូ ឃើញឱកាសល្អម្ចាស់ម៉ូតូចុះចេញមិនបានដកសោ រូបគេក៏បានហក់ឡើងជិះម៉ូតូបម្រុងបើករត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានតែម្តង ។

បើតាមឈ្មោះឡយ រ៉ា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិប៉ប៉្រកជើង សង្កាត់កាកាប១ មានស្រុកកំណើត ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌុបមកឈប់នៅចំណុចខាងលើ មិនបានឱ្យថ្លៃម៉ូតូឌុបផង ឆ្លៀតឃើញម្ចាស់ចុះចេញពីម៉ូតូឈរភ្លេចខ្លួន ហើយមិនដកកូនសោ ជនសង្ស័យហក់ឡើងបញ្ឆោះជិះ តែត្រូវបានជនរងគ្រោះស្រែកឆោឡោផ្អើលនាំគ្នាដេញចាប់បានជនសង្ស័យម្នាក់។

ក្រោយពីចាប់បានជនសង្ស័យម្នាក់ភ្លាម ជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះម៉ូតូចាកចេញទៅបាត់ដែរ មិនទាន់ឃើញមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល មានតែប្រជាពលដ្ឋមកបំភ្លឺចំពោះមុខសមត្ថកិច្ច ហើយក្រោយពីសាកសួរជនសង្ស័យដឹងទីតាំងបក្ខពួកលាក់ខ្លួន សមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅតាមស្វែងរកចាប់ខ្លួនបក្ខពួកនៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ដែលជនសង្ស័យសកម្មឆក់ចង្អុលង្ហាញថា ជាបក្ខពួកដែរ។

ជនដែលឃាត់ខ្លួនតាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះថែល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបម្រើការងារហាង។ តែទោះជាយ៉ាងណាក្តី ជនដែលឃាត់ខ្លួនលើកក្រោយនេះ បានបដិសេដថា ខ្លួនមិនដែលស្គាល់ជនសង្ស័យរូបនេះឡើយ ហើយខ្លួនក៏មិនដែលធ្លាប់ប្រព្រឹត្តបទល្មើសលួចឆក់ដែរ គឺធ្វើការងារតែក្នុងហាង។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្អែកតាមការចង្អុលបង្ហាញជនរូបនេះថាជាបក្ខពួកដែរនោះ សមត្ថកិច្ចឃាត់នាំទៅសាកសួរសិន ម៉្យាងពេលចុះទៅឃាត់ខ្លួនក្នុងបន្ទប់ រកឃើញឧបករណ៍ជក់ថ្នាំញៀនផងដែរ ហើយបើរកឃើញថា ជាប់ពាក់ព័ន្ធនោះត្រូវប្រឈមនឹងផ្លូវច្បាប់ តែបើរកមិនឃើញ នឹងអនុញ្ញតឱ្យគាត់ត្រឡប់ទៅវិញ សំខាន់នាំទៅសាកសួរសិន៕