ខេត្តបាត់ដំបង ៖ បុរសម្នាក់បានឡើងភ្នំដើម្បីកើបអាចម៍ប្រជៀវលក់ ស្រាប់តែអកុសលរអិលជើងធ្លាក់ចូលក្នុងកន្លៀតថ្មដ៏តូចចង្អៀត បណ្តាលឱ្យជាប់នៅក្នុងនោះរយៈពេល៣ថ្ងៃ៤យប់មកហើយ រហូតមកដល់យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ទើបក្រុមគ្រួសារប្រទះឃើញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចរូងថ្ម១កន្លែង ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាហុងទឹក ស្ថិតក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
ជនរងគ្រោះមានឈ្មោះបូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន។

តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានបាត់ខ្លួនតាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ហើយក្រុមអ្នកជួយសង្គ្រោះមានសមត្ថកិច្ចនិងអ្នកភូមិប្រុសស្រីចែកគ្នាដើររក រហូតទើបប្រទះឃើញនៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ក្នុងស្ថានភាពស្គមស្គាំងគួរឱ្យសង្វេគ។

ស្ត្រីជាម្តាយជនរងគ្រោះបានបន្តថា នៅមុនថ្ងៃកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានចេញបាត់ពីផ្ទះគ្មានដំណឹង រយៈពេល៣ថ្ងៃក្រោយ ទើបមានការផ្អើលឆោឡោដើររករហូតមកដល់វេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ទើបរកឃើញជាប់ក្នុងកន្លៀតថ្មភ្នំ។

ជនរងគ្រោះនៅនិយាយបាននៅឡើយ ហើយបានប្រាប់ថា ខ្លួនបានកើបអាចម៍ប្រជៀវ ភ្លាមនោះក៏បានជ្រុះកែវពិល ហើយខ្លួនក៏បានដើររកក៏រអិលធ្លាក់ជាប់ក្នុងកន្លៀតថ្ម ថយក៏អត់រួច ស្ថិតនៅជួរភ្នំចក្រី ភូមិក្បាលហុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

ពាក់ព័ន្ធករណីនេះមកដល់រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី គន់ គឹម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមសមត្ថកិច្ចជាច្រើនអង្គភាព រួមមានទាំងក្រុមសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ កម្លាំងនគរបាល អាវុធហត្ថ យោធា ជួយសង្គ្រោះជនរងគ្រោះ ចេញពីកន្លៀតថ្ម នៅកន្លែងកើតហេតុបានដោយសុវត្ថិភាព នោវេលាម៉ោងជិត៧យប់។

មកដល់ព្រឹកនេះ បុរសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលយ៉ាងខ្លាំង៕