Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាត២នាក់ ស្ម័គ្ររៀបការ មួយយកប្តីខ្វិន មួយបានប្តីក្រិន

ស្រីស្អាត២នាក់ ស្ម័គ្ររៀបការ មួយយកប្តីខ្វិន មួយបានប្តីក្រិន

ភ្នំពេញ ៖ ស្រីស្អាតចំនួន២នាក់បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ភ្ញាក់ផ្អើលកក្រើក បន្ទាប់ពីបានឃើញស្រីស្អាតទាំង២រូបស្ម័គ្រចិត្តរៀបការប្តីដំណាលគ្នា ដោយម្នាក់ទទួលយកស្វាមីជាមនុស្សពិការជើងទាំង២ (ខ្វិន) ចំណែកម្នាក់ទៀតបានរៀបការជាមួយបុរសក្រិនតូចទាបប៉ុនក្មេងអាយុ៣ឆ្នាំ ជាហេតុធ្វើឱ្យកំលោះជាច្រើន បានលួចច្រណែននឹងបុរសជាស្វាមីទាំង២នាក់ ដោយសរសើរថា ទោះបីមានកាយសម្បទាមិនមាំទាំគ្រប់គ្រាន់ ប៉ុន្តែមាន វាសនាខ្ពស់បានប្រពន្ធជាស្រីស្អាត។

គូស្វាមីភរិយាទាំង២គូខាងលើ គូទី១. កូនកំលោះ (ប្តី)មានឈ្មោះម៉ោង ហុងលី (ពិការជើងទាំងសងខាង) អាយុ២០ឆ្នាំ និងកូនក្រមុំ (ប្រពន្ធ) មានឈ្មោះកែ វណ្ណា អាយុ១៩ឆ្នាំ រៀបការកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។

ចំណែកគូទី២. កូនកំលោះ (ប្តី) មានឈ្មោះ ស៊ុំ កាក់ អាយុជាង៣០ឆ្នាំ តែមានរូបរាងក្រិនតូចល្អិត ប៉ុននាយក្រិន និងកូនក្រមុំ (ប្រពន្ធ) មានឈ្មោះសុខ សាអែម អាយុជាង៣០ឆ្នាំ មានរូបរាងស្វែល ខ្ពស់ស្រឡះ។

យោងតាមរូបភាពដែលត្រូវបានបង្ហោះចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីពិធីរៀបការរវាងកូនកំលោះក្រមុំទាំង២គូខាងលើ ដែលមួយគួ កូនកំលោះពិការជើងទាំងពីរខ្វិនខ្វង់ អង្គុយលើរទេះរុញបង្ហាញនូវស្នាមញញឹមពព្រាយរីករាយចិត្ត ដ្បិតបានរៀបការជាមួយកូនក្រមុំដ៏មានរូបសម្រស់ស្អាតផូរផង់សម្បុរស្រអែមស្រស់បែបនារីខ្មែរ ពូជពង្សអ្នកថែអង្គរ។

ចំណែកភាគីកូនក្រមុំវិញក៏មើលទៅមានការពេញចិត្តពេញថ្លើមសម្បើមណាស់ដែរក្នុងការរៀបការជាមួយកូនកំលោះពិការដែលជាអនាគតស្វាមី ទោះបីជានាងឈរថតជាមួយប្តីខ្វិនអង្គុយលើរទេះរុញ ក៏នាងបង្ហាញស្នាមញញឹមគ្រប់រូបភាពដែលជាការសបញ្ជាក់បានថា នាងរៀបការដោយស្ម័គ្រចិត្តព្រមទទួលយកបុរសពិការធ្វើជាប្តីដោយគ្មានការបង្ខិតបង្ខំឡើយ។

ដោយឡែកពិធីរៀបការរវាងកូនកំលោះក្រមុំមួយគូទៀត ក៏មិនខុសពីពិធីរៀបការរវាងកូនកំលោះខ្វិនជាមួយក្រមុំរូបស្រស់ខាងលើនេះដែរ គឺកូនក្រមុំក៏បង្ហាញស្នាមញញឹមទាំងពេលថតរូប ទោះបីកូនកំលោះឈរទៅបានត្រឹមស្មើក្រោមក្លៀកនាងយ៉ាងណា ក៏កូនក្រមុំញញឹមពព្រាយរីករាយចិត្ត។

រីឯពេលកាត់ផ្លែឈើ ទោះបីពេលពិធីករបង្គាប់ឱ្យថើបគ្នាពិបាកឱនបន្តិច ព្រោះតែរូបរាងកម្ពស់កម្ពរខុសគ្នាខ្លាំងពេកក្តី ក៏កូនក្រមុំសុខចិត្តឱនឱ្យកូនកំលោះថើបនិងឱនថើបកូនកំលោះវិញយ៉ាងផ្អែមស្អិត ធ្វើឱ្យសាច់ញាតិនិងភ្ញៀវកិត្តិយសទះដៃហ៊ោកញ្ជ្រៀវកងរំពងអបអរសាទរគូស្វាមីភរិយាថ្មីនេះ។

បន្ទាប់ពីរូបភាពរៀបការរបស់គូស្វាមីភរិយាថ្មោងថ្មីទាំង២គូខាងលើត្រូវបានបង្ហោះចែករំលែកតៗគ្នា ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានអ្នកចាប់អារម្មណ៍បញ្ចោញយោបល់ផ្សេងៗគ្នាដោយភាគច្រើនសរសើរថា បុរសជាកូនកំលោះ (ប្តី) ទាំង២នាក់ខាងលើមានសំណាង ព្រោះទោះបីម្នាក់ពិការជើងទាំងពីរខ្វិនខ្វង់ អង្គុយតែលើរទេះរុញ តែមានក្រមុំក្មេងរូបស្រស់ស្អាតស្ម័គ្រចិត្តទទួលយកជាប្តីដោយរៀបការតាមប្រពៃណី។

ចំណែកមួយគូទៀត ភាគីប្រុសជាកូនកំលោះមានរូបរាងតូចល្អិត ប៉ុនក្មេងអាយុ៥-៦ឆ្នាំ តែមានសំណាងបានរៀបការជាមួយនារីរូបស្រស់ មិនខុសពីតារាកំប្លែងមាឌតូចល្អិត នាយក្រិន ដែលមានប្រពន្ធទីមួយ ក៏ជាស្រីស្អាតរៀបការផ្អើលក្រុងព្រះសីហនុ លុះបានកូនមួយក៏លែងលះគ្នា បែរជារកបានប្រពន្ធថ្មីជាស្រីស្អាតទ្រលុក​ឥឡូវមានកូន៣នាក់ទៅហើយ។

ពាក់ព័ន្ធនឹងគូស្នេហ៍ខាងលើនេះ ទោះបីជាមាននារីខ្លះហាក់មិនគាំទ្រ ដោយនិយាយរិះគន់ថា រូបស្អាតប៉ុណ្ណឹងដែរ ទៅយកប្តីពិការខ្វិនខ្វង់ ឬប្តីតូចល្អិតប៉ុនកូនក្មេង ជាដើម តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនលើកទឹកចិត្តភាគីនារីជាប្រពន្ធឱ្យស្រឡាញ់គ្នាបានយូរអង្វែង និងខ្លះចាត់ទុកថា ពួកគេជាគូព្រេងដែលទេវតាចារមកឱ្យជួបគ្នា ទើបបានជួបនិងរៀបការជាមួយគ្នាតាមប្រពៃណីបែបនេះ៕

RELATED ARTICLES