ភ្នំពេញ៖ បុរសម្នាក់បាននាំប្រពន្ធទៅញាំអីក្នុងហាងមួយកន្លែង ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែប្តីរូបនោះមានចិត្តប្រចណ្ឌ រហូតទាញកាំភ្លើងចេញពីចង្កេះបាញ់សំដៅប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅស្ថិតនៅក្នុងហាងទីរ៉ានី ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា បុរសជាប្តីមានឈ្មោះឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធានៅភូមិភាគ៥ ឋានៈពលបាលឯកចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ត្រង់ចង្កេះ២គ្រាប់, ពោះ១គ្រាប់, ដៃស្តាំ១គ្រាប់ លើដើមទ្រូងខាងឆ្វេង១គ្រាប់។

លោកអធិការបានបន្តថា ប្តីប្រពន្ធខាងលើនេះរស់នៅបែកគ្នា ដោយប្តី និងកូន២នាក់រស់នៅខេត្ត ចំណែកប្រពន្ធនៅភ្នំពេញ។ លុះនៅថ្ងៃកើតហេតុ បុរសប្តីបានទូរស័ព្ទមកបបួលប្រពន្ធហូបអី រួចហើយបុរសជាប្តីបានមកយកប្រពន្ធធ្វើដំណើរទៅហាងខាងលើនេះ។

លោកអធិការប្តទៀតថា ខណៈដែលកំពុងញាំងីនោះ មិនដឹងថា ប្តីប្រពន្ធ២នាក់នេះមានរឿងអីនោះទេ ស្រាប់តែបុរសជាប្តីបានដកកាំភ្លើងខ្លីមួយដើមម៉ាកK59 បាញ់សំដៅប្រពន្ធខ្លួនឯង ចំនួន៨គ្រាប់ ប៉ុន្តែត្រូវតែ៥គ្រាប់ប៉ុណ្ណោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។

លោកអធិការបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច បុរសជាប្តីបានដើរចេញពីហាង រួចឡើងរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6753 រត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានប្រដេញតាមរហូតដល់ចំណុចច្រកចូលបុរីហ្គ្រែនភ្នំពេញ ទើបសមត្ថកិច្ចឃាត់ប្តីបាន និងនាំខ្លួនមកអធិការខណ្ឌ ដើម្បីសួរនាំ៕


