ខេត្តរតនគិរី ៖ ជនសង្ស័យពីរនាក់ជាប់ចោទពីបទចោរកម្មក្នុងករណី២ផ្សេងគ្នា ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ជនសង្ស័យទី១-ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះថា បានលួចកាប់កូនគោមួយក្បាល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចំការចន្ទី ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ។
ជនរងគ្រោះមានឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះធឿន ជា ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងអធិការនិងកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗ និងដកហូតសាច់គោបានមួយចំនួនផងដែរ។
ដោយឡែកនៅវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ១គ្រឿង ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើ មានឈ្មោះឃាង ហាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ។

ក្រោយឃាត់ជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕