ខេត្តកណ្តាល៖ បុរសម្នាក់កំពុងតែដេកលក់ស្កប់ស្កល់ ស្រាប់តែក្រោកពីដំណេកទាំងពាក់កណ្តាលយប់ ក៏បានឃើញក្មេងប្រុសម្នាក់នៅក្រោមគ្រែ មិនដឹងថាចូលមកតាំងពីពេលណា មានបំណងចង់លួចម៉ូតូ ក៏បានចាប់ខ្លួនប្រគល់ឲ្យប្រគល់ឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ហេតុការន៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល។
ជនរងគ្រោះមានឈ្មោះស៊្រុន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សារដែក។ ចំណែកក្មេងប្រុសជាជនសង្ស័យ មានឈ្មោះជាវ រុន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចាក់សោរទ្វារបន្ទប់រួចដេកនៅក្រោមផ្ទះក្រៅបន្ទប់ ដោយយកកូនសោរដាក់ក្រោមពូក រួចដេកលក់ទៅ។ លុះដល់វេលាកើតហេតុ គាត់ក៏បានភ្ញាក់ពីដំណេក ក៏បានប្រទះឃើញជនសង្ស័យពួនក្រោមគ្រែ ទើបចាប់ខ្លួន រួចរាយការណ៍មកសមត្ថកិច្ច ។
ក្រោយពីទទួលបានការរាយការណ៍ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ដំបូងរូបគេបានចូលបើកទូរើកកាយរកលុយនៅផ្ទះក្បែរនោះមួយរួចមកហើយ ប៉ុន្តែពុំមានលុយសោះ ទើបរូបគេចូលមកផ្ទះជនរងគ្រោះ លួចបានកូនសោរបន្ទប់មួយចង្កោមដែលទុកក្រោមពូកក្បាលដំណេក ហើយរូបគេក៏បានដើរទៅរកបន្ទប់ទុកម៉ូតូ ពេលកំពុងតែចាក់សោរមិនទាន់បានផង ត្រូវម្ចាស់ភ្ញាក់ទាន់ទើបខ្លួនរត់ចូលពួនក្រោមគ្រែ ហើយត្រូវម្ចាស់ផ្ទះប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនស្ស័យបានបន្តថា កន្លងមកគេធ្លាប់ចូលលួចផ្ទះជនរងគ្រោះបាន២លើករួចមកហើយៗបានលួចយកទូរស័ព្ទ២គ្រឿង និងលុយមួយចំនួន ឯផ្ទះអ្នកភូមិនៅក្បែរៗនោះ រូបគេបានលួចយកលុយនិងទូរស័ព្ទជាច្រើនលើកមកហើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកាសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ បន្តនីតិវិធីតាមផ្លូវច្បាប់៕