ខេត្តក្រចេះ ៖ ទីបំផុត ប្តីកំណាចដែលកាប់ប្រពន្ធស្លាប់ រួចទាញសពទម្លាក់ចួលប្រឡាយលូទឹកស្អុយនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការចាប់ខ្លួនឃាតករកំណាចនោះ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ និងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកសំបូរ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក នេត លីន អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ជនដៃដល់បានធ្វើសកម្មភាពកាប់សម្លាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះគង់ ស្រីទូច អាយុ២៧ឆ្នាំ ដោយប្រើកាំបិតផ្គាក់កាប់ស្ទើរដាច់ក បណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចក៏អូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយនៅក្បែរផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពីផ្សារកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ មានការណីឃាតកម្មមួយបានកើតឡើង ដោយសារប្តីខឹងប្រពន្ធសុំលែង ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា ក៏លួចកាប់ស្លាប់រួចទាញទម្លាក់ប្រឡាយលូទឹកស្អុយ នៅចំណុចភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងខេត្តក្រចេះ។

បុសជាប្តីដែលលបកាប់ប្រពន្ធស្លាប់ មានឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធ១គូនេះ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកប្តីប្រពនញធ១គូនេះឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ គឺមិនដែលចុះសម្រុងគ្នានោះទេ ហើយស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងសុំលែងលះដែរ ប៉ុន្តែបុរសជាប្តីមិនព្រមជាដាច់ខាត។

ប្រភពដដែលបានបន្តថា លុះនៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះទើបតែមកពីទិញបង្អែមនៅចំណុចផ្លូវលំច្រកចូលផ្ទះ ស្រាប់តែបុរសជាប្តីដែលបានលាក់ខ្លួន ចេញមកដោយដៃមានកាន់កាំបិតផ្គាក់ផងនោះ បានកាប់ទៅលើប្រពន្ធជាច្រើនកាំបិត ចំបំពង់កនិងកញ្ចឹងកស្លាប់ រួចហើយប្តីកំណាចរូបនេះបានទាញសពប្រពន្ធទម្លាក់ចូលប្រឡាយទឹកលូតែម្តង ហើយបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះពិនិត្យសាកសពស្ត្រីរងគ្រោះ ហើយបានធ្វើការស្រាវជ្រាវដេញតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសាកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕