Saturday, September 13, 2025
Homeព័ត៌មានជាតិម្នាក់ៗចេះតែធុំក្លិន នាំគ្នាដើររកមើល ទើបបែកធ្លាយ

ម្នាក់ៗចេះតែធុំក្លិន នាំគ្នាដើររកមើល ទើបបែកធ្លាយ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែពូកទាំងខ្លួនអាក្រាត និងមានសភាពហើមរលួយជះក្លិនស្អុយភាយៗទៅហើយ ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ហេតុការណ៍ប្រទះឃើញសាកសពហើមរលួយខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាកអ័រអេស (RS Guest House) បន្ទប់លេខ L03 ជាន់ទីឡៅតឿ ផ្ទះលេខ 33E0 ផ្លូវលេខ១៧៨ ក្រុម៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះខាងលើ មានឈ្មោះ SITES STEPHEN PATRICK ជនជាតិអាមេរិកកាំង ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៥៧៥៣០១៥៤១។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានចុះដល់និងគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញាការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យលើសព។

ជាលទ្ធផល តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនបរទេសរូបនោះស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីជំងឺលើសឈាម)។

នៅកន្លែងកើតហេតុមានសម្ភារៈសព​ រួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ទូរស័ព្ទដៃចំនួន១គ្រឿង, កាតធនាគារ (ATM) ចំនួន២សន្លឹក, កុំព្យូទ័រ (Laptop) ១គ្រឿង, ប័ណ្ណបើកបរចំនួន១សន្លឹក លុយដុល្លារចំនួន២៧ដុល្លារ និងវ៉ាលិសចំនួន១ ព្រមទាំងខោអាវមួយចំនួន។

សម្ភារខាងលើរបស់សពត្រូវបានប្រគល់ឱ្យការិយាល័យស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក

ក្រោយពីពិនិត្យរួច ខាងជំនាញបច្ចេកទេសបានដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីរង់ចាំសាច់ញាតិនិងតំណាងស្ថានទូតចាត់ចែងបន្ត៕

RELATED ARTICLES