ក្រចេះ៖ ប្តីប្រពន្ធ១គូ រស់នៅមិនចុះសម្រុងគ្នា ហើយចេះតែឈ្លោះប្រកែកគ្នានោះ ខាងស្រីបានសុំលែងលះ តែប្តីមិនព្រម ថែមទាំងបាន លបកាប់ស្តីជាប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ រួចទាញសាកសពទម្លាក់ចូលប្រឡាយទឹកលូ រួចបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ។

បុសជាប្តីដែលលបកាប់ប្រពន្ធស្លាប់ មានឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធ១គូនេះ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកប្តីប្រពនញធ១គូនេះឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ គឺមិនដែលចុះសម្រុងគ្នានោះទេ ហើយស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងសុំលែងលះដែរ ប៉ុន្តែបុរសជាប្តីមិនព្រមជាដាច់ខាត។

ប្រភពដដែលបានបន្តថា លុះនៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះទើបតែមកពីទិញបង្អែមនៅចំណុចផ្លូវលំច្រកចូលផ្ទះ ស្រាប់តែបុរសជាប្តីដែលបានលាក់ខ្លួន ចេញមកដោយដៃមានកាន់កាំបិតផ្គាក់ផងនោះ បានកាប់ទៅលើប្រពន្ធជាច្រើនកាំបិត ចំបំពង់កនិងកញ្ចឹងកស្លាប់ រួចហើយប្តីកំណាចរូបនេះបានទាញសពប្រពន្ធទម្លាក់ចូលប្រឡាយទឹកលូតែម្តង ហើយបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះពិនិត្យសាកសពស្ត្រីរងគ្រោះ ហើយបានធ្វើការស្រាវជ្រាវដេញតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕