ខេត្តកណ្តាល ៖ យុវជនម្នាក់ព្រោះតែខឹងសម្បានឹងរឿងថៅកែបញ្ឈប់ខ្លួនពីការងារ ពុំព្រមទទួលឱ្យចូលធ្វើការវិញ ក៏កើតមានគំនុំក្នុងចិត្តរហូតឈានដល់ការចូលទៅអុកឡុកក្នុងហាងវាយបំផ្លាញតុកៅអី និងរបស់របរមួយចំនួនទៀត ព្រមទាំងទាញសាំងកន្លះលីត្រមកគំរាមដុតហាងចោលទៀតផង ទីបំផុតថៅកែហាងដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីគំរាមដុតហាងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងមីហឹរ Seoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ។ លុះមកដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យបានចូលមកធ្វើសកម្មភាពអុកឡុកក្នុងហាងម្តងទៀត ទើបឈានដល់ការចាប់ខ្លួនតែម្តង។

ជនរងគ្រោះមានឈ្មោះឡាង សុធាវី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរម្ចាស់ហាងមីហឹរ Seoul មានលំនៅសព្វថ្ងៃក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យមានឈ្មោះឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ និងជាអតីតបុគ្គលិកហាងលក់មីហឹរ Seoul ខាងលើ មានលំនៅសព្វថ្ងៃនៅភូមិឃុំកើតហេតុខាងលើ។ រីឯវត្ថុតាងចាប់យកប្រេងសាំងចំនួន១ដប ទឹកបរិសុទ្ធចំណុះ០,៥លីត្រ (កន្លះលីត្រ)។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កន្លងមកជនសង្ស័យគឺជាបុគ្គលិកធ្វើការក្នុងហាងលក់មីហឹរ Seoul ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ក្រោយមកត្រូវបានជនរងគ្រោះជាម្ចាស់ហាងបានបញ្ឈប់ជនសង្ស័យពីការងារ។ លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះឃាង គីមពេជ្រ បានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុនិងជញ្ជាំងហាង ព្រមទាំងគំរាម ងិយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឱ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះប្រគល់ជូននគរបាល។

ប្រភពដដែលបន្តថា រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យដដែលខាងលើនេះ មិនខ្លាចរអារដើរចូលទៅក្នុងហាងរករឿងរកវាយបុគ្គលិកនិងវាយបំផ្លាញតុកៅអីក្នុងហាងខូចខាតមួយចំនួនថែមទៀត តែលើកនេះ ត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់រួចប្រគល់ជូននគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕