Monday, November 24, 2025
Homeព័ត៌មានជាតិម្នាក់អាយុ២០ឆ្នាំ ម្នាក់ទៀតអាយុ១៧ឆ្នាំ បើសិនដឹងកន្លែងលាក់ខ្លួន បាន៥០០ដុល្លារភ្លាម

ម្នាក់អាយុ២០ឆ្នាំ ម្នាក់ទៀតអាយុ១៧ឆ្នាំ បើសិនដឹងកន្លែងលាក់ខ្លួន បាន៥០០ដុល្លារភ្លាម

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាតែងតែធ្វើសកម្មភាពប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនិងតាមបណ្តាខេត្តជាប់ព្រំប្រទល់ នៅពេលនេះត្រូវបានផែនការងារនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ប្រកាសស្វែងរកចាប់ខ្លួនជាថ្នូរនឹងការប្រគល់ប្រាក់រង្វាន់ចំនួន៥០០ដុល្លារ ចំពោះប្រភពណាដែលផ្តល់ព័ត៌មានរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់។

ជនត្រូវចោទទាំង២នាក់ ដែលត្រូវសមត្ថកិច្ចប្រកាសស្វែងរកចាប់ខ្លួនរួមមាន ទី១-ឈ្មោះវុទ្ធី សំអូន ហៅប៊ូម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ និងទី២-ឈ្មោះឃាត វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ។

ការប្រកាសតាមចាប់ខ្លួនជនទាំង២នាក់នេះ ពាក់ព័ន្ធពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងតាមដីកាលេខ៤៣៥ ដ.ច.ន និងលេខ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោកលី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយនេះ នគរបាលខេត្តត្បូងឃ្មុំ ថែមទាំងប្រកាសជូនរង្វាន់លើកទឹកចិត្ត ប្រសិនបើបងប្អូនស្គាល់អត្តសញ្ញាណជនត្រូវចោទខាងលើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនងលោកស្នងការរងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 088 8945 935 និង 012 945 935 រហូតឈានដល់ការចាប់ខ្លួន ផែនការងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ចំនួន500ដុល្លារ៕

RELATED ARTICLES