ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះមានមេក្លោងម្នាក់ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យផងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចុះឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆបោក ដោយបានយកដីអ្នកដទៃទៅលក់ដើម្បីជាប្រយោជន៍បក្ខពួករបស់ខ្លួន។

ការឃាត់ខ្លួនក្រុមជនឆបោកខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតនៅចំណុចភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ដីរួចមក កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឧដុង្គ ស្រុកសំរោងទង និងកម្លាំងនៃមន្ទីរយុត្តិធម៌ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៏ ដោយមានការសម្របសម្រួលពីលោកស្រីចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទឆបោក។

ជនសង្ស័យទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន
ទី១-ឈ្មោះនួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានលំនៅក្នុងភូមិជើងស្រុក ឃុំជង្រុក ស្រុកគងពិសី។
ទី២-ឈ្មោះតន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣-ឈ្មោះភោគ សានិន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ទី៤-ឈ្មោះច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
និងទី៥-ឈ្មោះហ៊ាង អេងទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនបានហើយ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង រួមមាន
ប្រាក់ដុល្លារចំនួន៥ម៉ឺនដុល្លារ
អត្តសញ្ញាណប័ណ្ណចំនួន៤សន្លឹក
កិច្ចសន្យាកក់ប្រាក់១សន្លឹក
លិខិតប្រគល់ទទួលប្រាក់១សន្លឹក
លិខិតក្រុមហ៊ុន សុខ រដ្ឋា ខេមបូឌារប្រជីធី អ៊ិនវេសម៉ិន ឯ.ក ១សន្លឹក
ឯកសារដី១ច្បាប់ ស្មើនឹង៦សន្លឹក ទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ
រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ 2Z-2321 និងទូរស័ព្ទដៃចំនួន៨គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យវត្ថុតាងសម្ភារទាំងអស់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយបញ្ចប់ការសាកសួរ កម្លាំងអាវុធហត្ថបានបញ្ជូនជនសង្ស័យទាំង៥នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕




