ខេត្តសៀមរាប ៖ អាស្រមដូនជី១ខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែមូលហេតុដូនជីបានដុតទៀនបំភ្លឺនៅក្នុងខ្ទម លុះទំនងជាទៀនដួលរលំធ្វើឱ្យភ្លើងឆាបឆេះអស់ចំនួន២ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអាស្រមយាយជី ក្នុងបរិវេណវត្តព្រះឥនកោសា ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អាស្រមដូនជីដែលទទួលរងការឆាបឆេះមានចំនួន២តូប ក្នុងមួយតូបមានបណ្តោយ៥ម៉ែត្រទទឹង៤ម៉ែត្រ ជញ្ជាំងក្តារ ដំបូលស័ង្កសីដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុដូនជីដែលគង់នៅក្នុងអាស្រមខាងលើ បានដុតទៀនបំភ្លឺនៅក្នុងអាស្រម លុះភ្លេចខ្លួន ទៀននោះក៏បានដួលរលំធ្វើឱ្យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនិងរាលឆេះដល់អាស្រម១ខ្នងទៀត ដែលនៅក្បែរគ្នានិងធ្វើឱ្យផ្អើលឆោឡោដល់ព្រះសង្ឃ តាអាចារ្យ គណៈកម្មការវត្តរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចរួចនឹងរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយបាញ់ទឹកពន្លត់រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមការបញ្ជាក់ឱ្យដឹងពីដូនជីជាម្ចាស់អាស្រមខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញអាស្រមស្នាក់នៅចំនួន២ខ្នងទាំងស្រុង ទូដាក់ខោអាវ១ ខោអាវមួយចំនួន ប្រាក់រៀល ៣ម៉ឺនរៀល។
សមត្ថកិច្ចបញ្ជាក់ថា ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចបានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ដោយប្រើ ប្រាស់អស់ទឹក៣រថយន្ត និងមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕