ភ្នំពេញ ៖ ជនសង្ស័យម្នាក់តែងបង្ករឿងអុកឡុកក្នុងផ្ទះជាញឹកញាប់ លុះក្រោយពីសុំលុយម្តាយមិនបានក៏ផ្ទុះកំហឹងទាញកាំបិតផងដាវផងដេញកាប់ម្តាយទាំងកំរោល ធ្វើឱ្យស្ត្រីចំណាស់ជាម្តាយភ័យលស់ព្រលឹងប្រឹងរត់គេចស្រែកហៅគេឯងឱ្យជួយ និងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសកំណាច ចង់សងគុណម្តាយដោយលីដាវដេញកាប់នេះ យកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសលីដាវដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកជើងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះទូច គឹមសាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយមានឈ្មោះចាន់ ចម្រើន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកជើងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យខាងលើបានមកសុំលុយពីម្តាយយកទៅចាយវាយ តែត្រូវម្តាយប្រាប់ថា គ្មានលុយឱ្យទេ រំពេចនោះស្រាប់តែជនសង្ស័យបានផ្ទុះកំហឹងស្ទុះទៅទាញដាវផងកាំបិតផង ដេញកាប់ម្តាយបង្កើតខ្លួនឯងទាំងកំរោល ធ្វើឱ្យស្ត្រីជាម្តាយភ័យស្លន់ស្លោរត់គេចចេញទាន់ពេល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាកូនប្រុស ព្រមទាំងដកហូតបានកាំបិតផ្កាក់ដងឬស្សីចំនួន១ដើម និងដាវកែឆ្នៃដងជ័យចំនួន១ដើមផងដែរ។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕