Monday, November 24, 2025
Homeព័ត៌មានជាតិថៃ ស្រីនាង វាយបកលោកស្រីម៉ម សុម៉ាលី និងតាន់ គឹមសួរ

ថៃ ស្រីនាង វាយបកលោកស្រីម៉ម សុម៉ាលី និងតាន់ គឹមសួរ

ក្រោយពីត្រូវលោកតាន់ គឹមសួរ បានវាយប្រហារទៅលើថៃ ស្រីនាង ថា កាស្លៀកពាក់សិចសុី ជាផ្នែកមួយដែលនាំឲ្យកើតមានករណីរំលោភ និងបានជាន់ឈ្លីតម្លៃស្ត្រីខ្មែរយ៉ាងខ្លាំងនោះ ស្រាប់តែអ្នកនាងថៃ ស្រីនាង បានបង្ហោះសារតបទៅវិញថា សូមកុំយកពាក្យរំលោភសម្លាប់មកដាក់កំហុសលើនាងតែម្នាក់ ហើយសូមបិទយូធូប ឌីស វេបសាយ ឬវីដេអូសិច។ល។

ថៃ ស្រីនាង បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ចង់សួរថា រូបគេស្សីននិងរូបខ្ញុំថត តើខុសគ្នាត្រង់ណា អរប្រហែលខុសគ្នាត្រង់ខ្ញុំដោះធំជាង ក្តិតធំជាងមែន..! សូមកុំយកពាក្យរំលោភសម្លាប់មកដាក់កំហុសលើខ្ញុំម្នាក់ ពាក្យនេះមានតាំងពីជំនាន់យាយខ្ញុំមកម្ល៉េះ ម្យ៉ាងទៀតសូមបិទយូធូប ឌីស វេបសាយ ឬវីដេអូសិច។ល។ កុំឲ្យហូរចូលមកស្រុកខ្មែរ និងបិទមិនឲ្យម៉ូតរ៉ូបដូចខ្ញុំពាក់លក់និងផង ព្រោះខ្ញុំទិញពីគេមកលក់ មិនមែនដេរខ្លួនឯងទេ ។ ហើយខ្ញុំក៏មិនស៊ែរព័ត៌មានមនុស្សមួយចំនួន ដែរកំពុងវៃប្រហារខ្ញុំដែរ ខ្លាចប្រលាក់ទូរស័ព្ទ។

លោកតាន់ គឹមសួរ និងលោកស្រីម៉ម សុម៉ាលី

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ថៃ ស្រីនាង ក៏បានបង្ហោះសារថា “ពេលដែរបើកប្រូហ្វាល អ្នកជេរខ្ញុំនៅក្នុងផេក ( ថៃ ស្រីនាង online shop. ) ខ្ញុំគិតថា បើប្តឹងគាត់ គាត់មានតែម្រាមដៃ10 ប៉ុណ្ណឹង ចឹងហើយចេះតែខ្ចិល ខ្ញុំយល់ឃើញថា មនុស្សមួយចំនួនការចេះដឹងនៅមានកំរិត ចឹងបានជាអ្នកមាននិងអ្នកក្រ សរសេរអក្សរមិនដូចគ្នា ខិខិខិ តោះឆាតកម្មង់ទៀត នប់ៗ”។

ដោយឡែក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ថៃ ស្រីនាង ក៏បានបង្ហោះសារថា “ម្នាក់ៗខំជេរយកល្បីរាងៗខ្លួន ខុសពីខ្ញុំខំលក់ដូរយកលុយទុកផ្ទះ ព្រោះខ្លាចតិចទៀត ប្តឹងផ្តល់ចាញ់គេ អត់លុយសងគេ តែមិនអីទេ ជ្រុលដើក្នុង ពិភពគុណហើយ ត្រូវតែរៀនកាន់ដាវ តោះឆាតកម្មង់ទៀត នប់ៗ នេះម៉ូតទី4 ជួយឡាចផេកអូនផង អលនប់”។

ការបង្ហោះសារវាយបកទៅលើលោកតាន់ គឹមសួរ នេះ បន្ទាប់ពីពេលថ្មីៗនេះ លោកគឹមសួរបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ថា “បើស្រីម្នាក់នេះជាប់ទោសដោយសារទង្វើដ៏ថោកទាបនេះ ហាមអាណិត។ បើចំពោះខ្ញុំបន់ឱ្យតែជាប់គុកទេ ពីបទជាន់ឈ្លីតម្លៃស្ត្រីខ្មែរ និង ពីបទរួមចំណែកបង្កឱ្យមានអំពើចាប់រំលោភ”។

អ្នកនាងថៃ ស្រីនាង

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកតាន់ គឹមសួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ថា “បាទ! ចំពោះខ្ញុំអត់មានអីបន្ថែមពីលើហ្នឹងទៀត ពីព្រោះសំណេរខ្ញុំនេះមានអត្ថន័យគ្រប់គ្រាន់បង្ហាញអំពីអារម្មណ៍មួយ ដែលទទួលយកទង្វើអសីលធម៌នេះមិនបាន ព្រោះគាត់នេះមិនមែនទើបតែលើកទី១ទេ ជាច្រើនលើកច្រើនសាហើយៗនៅតែមានការផ្គើនឡើងៗ ហើយខ្ញុំក៏បញ្ជាក់ដាក់ទោសដាក់អីដែរ ខ្ញុំដាក់បើសិន ហើយនេះគ្រាន់តែតាមដំណឹងទេ ខាងក្រសួង ខាងអី គាត់នឹងមានវិធានការ នឹងមានយន្តការ ពាក់ព័ន្ធអំពីរឿងបែបអនាចារនៅលើ បណ្តាញសង្គមមួយនេះៗ គ្រាន់តែឮរហៀងៗទេ ហើយអ្វីដែលខ្ញុំបង្ហោះនេះគឺចង់ព្រមានគាត់ចង់ឱ្យគាត់ឃើញថា ក្រសួងអាចនឹងមានវិធានការ អ៊ីចឹងសូមអ្នកឈប់បន្តបង្ហាញសកម្មភាពបែបនេះទៀត ព្រោះការបង្ហាញសកម្មភាពដ៏អាត្មានិយមរបស់អ្នកនេះ ទាក់ទាញប្រយោជន៍ពិតប្រាកដមែន ប៉ុន្តែអ្នកបានបំផ្លាញទៅក្មេងៗដែលគាត់នៅតាមទីជនបទអីអ៊ីចឹងទៅ។ រូបភាពទាំងនេះហ្នឹងគឺធ្វើឱ្យកើតឡើងនូវចំណង់ផ្លូវភេទ អ៊ីចឹងបើសិនអ្នកនៅតាមទីដាច់ស្រយាលទីជនបទអី គាត់ឃើញរូបភាពហើយ គាត់កើតអារម្មណ៍ភ្លាម។ សួរថា គេទៅធ្វើអីអ្នកបានអត់? គេមិនធ្វើអីអ្នកទេ គេធ្វើក្មេងៗដែលអត់ដឹងអីនៅជុំវិញហ្នឹងនោះ។ នេះហើយជាប្រតិកម្មរបស់ខ្ញុំ ហើយចំពោះបុគ្គលនោះខ្ញុំមានការប្រតិកម្មជាច្រើនដងហើយ”។

លោកតាន់ គឹមសួរ បន្តថា “ចំពោះក្រសួងដែលថាអាចនឹងចាត់វិធានការលើបុគ្គលនោះ ទី១. ក្រសួងវប្បធម៌ ហើយមួយទៀតក្រសួងកិច្ចការនារី គេកំពុងតែសិក្សាអំពីផ្លូវច្បាប់ហ្នឹងហើយ។ ខ្ញុំមានការសំណូមពរដល់បុគ្គលដែលជានារីមួយចំនួនធំនោះ មុននឹងធ្វើអីឱ្យគិតដល់តម្លៃដែលជាស្ត្រីខ្មែរផង ព្រោះតម្លៃស្ត្រីខ្មែរនោះគឺគ្មានអីអាចកាត់ថ្លៃបានទេ ហើយតាំងពីដូនតាមកហើយៗធ្វើការបង្ហាញអ៊ីចឹង ហាក់កំពុងតែជាន់ឈ្លីលើតម្លៃស្ត្រីខ្មែរ។ អ៊ីចឹងសំណូមពរឱ្យអ្នកដែលលក់ផលិតផលតាមអនឡាញ ឬអ្នកដែលទទួលប្រយោជន៍ពីការបង្ហាញកេរម៉ែចែកឱ្យហ្នឹង ឈប់បង្ហាញសកម្មភាពបែបហ្នឹងទៀតទៅ គិតគូរដល់តម្លៃជាស្ត្រីខ្មែរផង ហើយគិតគូរដល់សុវត្ថិភាពក្មេងៗតាមទីជនបទ ដែលគ្នាអត់ដឹងអីនោះ ដែលទទួលរងនូវអំពើ ចាប់រំលោភនានានោះ ហើយឥឡូវនេះឃើញព័ត៌មានចុះជាច្រើន ដូចថ្មីៗនេះគឺមានទៀតក្មេងអាយុដំណាលគ្នា ចាប់រំលោភក៏មានដែរ អាយុ១៣ឆ្នាំ ១០ឆ្នាំអីក៏វាចេះមានចំណង់ហ្នឹងដែរ ហើយអានេះជាចំណែកតូចមួយដែលធ្វើឱ្យមានការកើតឡើងនូវចំណង់ចាប់រំលោភផ្លូវភេទហ្នឹង ចំណង់ផ្លូវភេទហ្នឹង ហើយពិតប្រាកដហើយយើងមិនអាចទៅហាមឃាត់លំហូរចូលនៃរូបភាពស្រើបស្រាលលើអ៊ីនធើរណេតបានទេ ប៉ុន្តែយើងគួរកុំបង្កើតឱ្យវាមានបន្ថែមទៀត ដែលជាស្នាដៃចេញពីកូនខ្មែររបស់យើងនេះអាណិតក្មេងៗដែលអត់ដឹងអីផង”។

ដោយឡែក អ្នកស្រីម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីព បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ថា រូបអាសអាភាសហ្នឹងមិនដល់ថ្នាក់ដាក់គុកមែន ប៉ុន្តែអ្នកស្រីបកសំណួរទៅសួរមនុស្សប្រុសនៅក្នុងពិភពលោក នៅក្នុងប្រទេសខ្មែរថា តើមនុស្សទាំងអស់គ្នាស្រលាញ់មនុស្សស្រីម្នាក់ ដែលជាប្រពន្ធស្លៀកខោស្លីបពាក់អាវទ្រនាប់ចេញនៅតាមអនឡាញឱ្យគេឃើញគ្រប់គ្នាឬអត់?

អ្នកស្រីម៉ម សុម៉ាលី បានមានប្រសាសន៍ថា “បើតាមខ្ញុំជាមនុស្សចាស់ម្នាក់ ខ្ញុំមានបទពិសោធន៍ច្រើន ខ្ញុំគិតថាមិនអាចទេ ទាំងលោក (អ្នកយកព័ត៌មាន) ទាំងកូនប្រុសខ្ញុំក៏ដោយ។ និយាយរួមការសិចស៊ីហ្នឹងវាមិនដល់ថ្នាក់សិចស៊ីដោះខោអាវចេញ បានហៅថាសិចស៊ីទេ ព្រោះថានៅបរទេស មនុស្សស្រីដែលសិចស៊ីហ្នឹង សូម្បីតែពាក់អាវសស្លៀកខោខូវប៊យ ក៏សិចស៊ីដែរ គឺសិចស៊ីសំដៅទៅលើរឿងថា គាត់ធ្វើការគាត់ពូកែគាត់ខ្លាំង សំដៅទៅលើថាចេញរូបភាពអាហ្នឹងវាចូលដល់អាសអាភាសហើយ ស្លៀកខោ ស្លៀកអីអ៊ីចឹង។ បើថាស្លៀកម៉ៃយ៉ូ ប៊ីគីនី នៅមាត់សមុទ្រ ក៏ខ្ញុំអត់ថាអីដែរ តែអានេះលក់ខោអាវនៅតាមអនឡាញ វាអត់សម។ អ៊ីចឹងសុំឱ្យគាត់គិតពិចារណាម្តងទៀតទៅ អ្វីដែលគាត់ធ្វើហ្នឹង វាជ្រុលហើយគាត់មិនមែន តែបានទទួលការរិះគន់ពីខាងណាទេ ខ្ញុំគិតថាមនុស្សភាគច្រើន គេមានយោបល់គេរិះគន់ច្រើនណាស់ ហើយខ្ញុំមិនរិះគន់អីទេ គ្រាន់តែសុំថាបើប្អូនដឹងថា ខ្លួនឯងខុសហើយ យើងកែទៅ”។

អ្នកស្រីម៉ម សុម៉ាលី បន្តថា “ចំពោះថាសិចស៊ី ទើបគាត់លក់ផលិតផលដាច់ត្រង់ចំណុចនេះ ខ្ញុំឃើញអារី នួន គាត់លក់អនឡាញ លក់ឡេឱ្យស្បែកស ខ្ញុំឃើញធារ៉ា លាង គាត់លក់អ៊ីចឹងដូចគ្នា ហើយគាត់ស្លៀកខោអាវជិតក ជិតដៃ ខ្ញុំឃើញថា Fan របស់គាត់ដូចជាច្រើនណាស់ ហើយគាត់លក់ដាច់ខ្លាំងណាស់។ ខ្ញុំស្គាល់អ្នកលក់អនឡាញច្រើនណាស់ ហ្សូរីដា ឌួង អី ដូចគេលក់ច្រើនណាស់ ប៉ុន្តែអត់ឃើញគេស្លៀកខោស្លីបអីផង ឃើញតែគេនៅលក់ដាច់ ហើយចំពោះទី២ ខ្ញុំអត់ចង់ឱ្យថា ដើម្បីលុយ យើងធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយ កិត្តិយសរបស់មនុស្សស្រីយើងពិបាកស្តារមកវិញណាស់។

ដូច្នេះខ្ញុំ សំណូមពរទី១. ទៅក្រសួងកិច្ចការនារី ដោយសារខ្ញុំធ្វើការជាមួយក្រសួងកិច្ចការនារី ហើយរឿងហ្នឹងយើងបានប្រជុំគ្នា១ខែមុនហ្នឹង យើងប្រជុំគ្នាទៅលើការស្លៀកពាក់។ អ៊ីចឹងសុំឱ្យក្រសួងកិច្ចការនារី គាត់មានវិធានការ ព្រោះធម្មតាក្រសួងកិច្ចការនារី ជាកិច្ចការនារី ជាការងាររបស់គាត់ ហើយក្រសួងកិច្ចការនារី សហការជាមួយក្រសួងផ្សេងៗដូចជាក្រសួងវប្បធម៌ ខាងក្រសួងព័ត៌មាន ខាងអីហ្នឹង គាត់មានការសហការ អ៊ីចឹងសម្រាប់ខ្ញុំៗធ្វើការជាមួយក្រសួងកិច្ចការនារី សុំឱ្យក្រសួងកិច្ចការនារី គាត់មានវិធានការហៅមកពន្យល់ណែនាំ ព្រោះអ្នកខ្លះគាត់ស្លៀកពាក់អត់ដឹងទេ អ៊ីចឹងខ្ញុំថារឿងអីក៏ដោយ មុននឹងបន្ទោសអ្នកណាម្នាក់មិនល្អ យើងត្រូវការឱ្យគាត់ដឹងថាហេតុអី? គាត់ស្លៀកហ្នឹងវាជះឥទ្ធិពលអីខ្លះ? បើសិនជាខ្ញុំមានពេលវេលាបើសិនជាពួកគាត់មកជាមួយកូនៗនៅក្នុងមណ្ឌលបាន ដើម្បីសួរថា តើការស្លៀកពាក់របស់គាត់ ដោយសារពួកគាត់មែន ឬអី? គាត់អាចជួបជាមួយក្មេងរងគ្រោះ គាត់អាចមកអង្គការបាន…”៕

RELATED ARTICLES