Monday, November 24, 2025
Homeព័ត៌មានជាតិប្តីទួញយំបោកខ្លួន ប្រពន្ធថាឆាកល្ខោនប្តី ខឹងមិនព្រមរួមស្នេហ៍ជាថ្មី

ប្តីទួញយំបោកខ្លួន ប្រពន្ធថាឆាកល្ខោនប្តី ខឹងមិនព្រមរួមស្នេហ៍ជាថ្មី

ភ្នំពេញ ៖ បុរសម្នាក់បានទួញយំសោកបោកខ្លួនននៀលដី ទាញអំបោសនិងស្បែកជើងវ៉ៃក្បាលខ្លួនឯងផង ស្រែកប្រកូកប្រកាសទាំងកណ្តាលយប់ ចោទប្រកាន់ថា ប្រពន្ធរបស់ខ្លួនដែលខ្លួនទើបនឹងសម្រាលកូនខ្ចីបាន៤ខែ បានលួចរួមរ័កជាមួយប្រុស ហើយខ្លួនជាប្តីបានលបមើលឃើញផ្ទាល់ភ្នែក ធ្វើឱ្យខ្លួនជាប្តីឈឺចិត្តស្អិតទ្រូងស្ទើរកកឈាមស្លាប់។ ប៉ុន្តែស្ត្រីជាប្រពន្ធបានចេញមុខបំភ្លឺថា តាមពិតអ្វីដែលប្តីយំឡាំប៉ាចោទថា នាងដេកជាមួយប្រុសនោះគឺគ្រាន់តែជាឆាកល្ខោន ដែលប្តីចង់ល្បីចង់បង្កាច់បង្ខូចនាងព្រោះតែខឹងរឿងនាងមិនព្រមត្រឡប់ទៅរួមស្នេហ៍វិញប៉ុណ្ណោះ។

ហេតុការណ៍ប្តីយំឡាំប៉ាបោកខ្លួនថា ឃើញប្រពន្ធកំពុងរួមរ័កជាមួយប្រុសថ្មីនោះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខហាងម៉ាស្សាមួយកន្លែងយីហោ “ម៉ាស្សាកោសជប់ ៥៩” មានទីតាំងស្ថិតនៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បុរសជាប្តីមានឈ្មោះអុល ពេជ្រ អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះស្រីនិច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់នៅទីតាំងកើតហេតុ។ ប្តីប្រពន្ធមួយគូនេះមានកូនប្រុសចំនួន២នាក់ក្នុងបន្ទុក ដោយក្នុងនោះ កូនប្រុសច្បងមានអាយុជាង៣ឆ្នាំ និងកូនប្រុសពៅទើបនឹងមានអាយុ៤ខែប៉ុណ្ណោះ។

តាមសម្តីបុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរថា ដោយសារជីវភាពមានការខ្វះខាតខ្លាំងពេកទើបប្រពន្ធរបស់គាត់បានសុំមកធ្វើការងារជានារីម៉ាស្សាកោសជប់នៅហាង ខាងលើ ដែលជាហាងម្តាយមីងរបស់នាងដើម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ ចំណែករូបគាត់ជាប្តីចេញទៅរត់ម៉ូតូរ៉ឺម៉ក។

បុរសជាប្តីរូបនេះបានបន្តថា នៅមុនពេលកើតហេតុរូបគាត់ទើបនឹងត្រឡប់មកពីរត់ម៉ូតូរ៉ឺម៉ក ហើយក៏បានចូលមកទីតាំងម៉ាស្សាដែលជាកន្លែងប្រពន្ធធ្វើការបំណងយកលុយឱ្យប្រពន្ធទុក។ នៅពេលមកដល់មិនឃើញប្រពន្ធនៅជាន់ក្រោម ទើបគាត់ឡើងទៅបន្ទប់ជាន់ទី២ លុះពេលបើកបង្អួចមើលភ្លាម ស្រាប់តែឃើញប្រពន្ធកំពុងតែឡើងឋានសួគ៌ (រួមរ័ក) ជាមួយប្រុស ធ្វើឱ្យព្រលឹងគាត់ហោះចេញពីខ្លួនអស់ ព្រោះតែនឹកស្មានមិនដល់ថាប្រពន្ធហ៊ានធ្វើដល់ថ្នាក់នេះ។

ក្រោយពីបុរសជាប្តីបានយំឡាំប៉ាផ្អើលពេញទីតាំងកើតហេតុរួចមក គេឃើញសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះអន្តរាគមន៍និងជួយសម្របសម្រួលសម្រាលស្ថានភាពកុំឱ្យបុរសជាប្តីខាងលើរំជួលចិត្តពេក លុះក្រោយមកបុរសជាប្តីបានអះអាងថា ខ្លួនមិនប្តឹងផ្តល់ប្រពន្ធនោះទេ គ្រាន់តែចង់ឱ្យប្រពន្ធឈប់ធ្វើបែបនេះតទៅទៀត។

ទោះបីយ៉ាងណា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ភាគីស្ត្រីជាប្រពន្ធដែលត្រូវប្តីចោទប្រកាន់ថាបានដេករួមរ័កជាមួយប្រុសថ្មីទាំងសរសៃខ្ចីនោះ បានចេញមុខបំភ្លឺដោយច្រានចោលនូវអ្វីដែលប្តីលើកឡើងទាំងស្រុងថា មិនមានការពិតទាល់តែសោះ ហើយអ្វីដែលប្តីធ្វើឡើងនេះទាំងខំស្រែកយំឡាំប៉ាបោកខ្លួនទាញអំបោសស្បែកជើងវាយក្បាលខ្លួនឯងផងនេះ គឺគ្រាន់តែជាឆាកល្ខោនដែលប្តីសម្តែងប៉ុណ្ណោះ មូលហេតុព្រោះតែប្តីចង់ល្បី ណាមួយខឹងនឹងនាងដែលមិនព្រមត្រឡប់ទៅរួមស្នេហ៍ជាមួយគ្នាវិញ ទើបធ្វើបែបនេះដើម្បីឱ្យនាងខ្មាសគេពេញមួយប្រទេសតែម្តង។

ស្រីជាប្រពន្ធបានរៀបរាប់ថា តាមពិតនាងមិនបានដេករួមរ័កជាមួយមនុស្សប្រុសណាទាំងអស់ ពោលគឺប្តីចោទប្រកាន់មកលើនាងទាំងបំពានគ្មានការពិតទាល់តែសោះ។ តាមពិតនៅមុនពេលកើតហេតុ នាងនិងប្តីបានឈ្លោះប្រកែកគ្នាតាំងពីក្បាលល្ងាចពីរឿងប្តីយកទូរស័ព្ទរបស់នាងទៅលេង និងបានយកគណនីហ្វេសប៊ុកនាងឆាតទៅគេឯង រួចក៏ធ្វើជាយកលេសមករករឿងចោទប្រកាន់នាងថា កំពុងមានចិត្តផិតក្បត់លួចលាក់មានប្រុសសហាយ។ លុះត្រូវនាងស្តីបន្ទោសថា ទូរស័ព្ទខ្លួនឯងមានមិនលេងមកលេងទូរស័ព្ទគេ ហើយនៅឆាតទៅគេឯងផ្តេសផ្តាសទៀត ស្រាប់តែប្តីច្រឡោតខឹងក៏ចេញទៅផឹកស្រាបាត់ទៅ។

ស្ត្រីជាប្រពន្ធបន្តថា រហូតមកដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែប្តីបានត្រឡប់មកវិញទាំងស្រវឹងជោកស្រែកឡាំប៉ាផ្អើលតែម្តង។ តាមពិតទៅផ្ទះម៉ាស្សានេះគឺជាផ្ទះមីងរបស់នាងហើយថ្ងៃកើតហេតុនេះគឺបានបិទទ្វារតាំងពីក្បាលល្ងាចមកម៉្លេះលុះពេលប្តីផឹកស្រវឹងមកតាមរកនាងតែនាងមិនព្រមជួបក៏ស្រែកយំឡាំប៉ានៅមុខហាងទើបម្តាយមីងរបស់នាងបានចេញទៅប្រាប់ថាឱ្យត្រឡប់ទៅវិញសិនទៅយប់ជ្រៅហើយកុំស្រែកឡូឡារំខានដំណេកអ្នកជិតខាង តែប្តីនាងមិនព្រមទៅទើបនាងបានចេញទៅនិយាយជាមួយប្តីវិញម្តងថា ស្រវឹងហើយទៅរកកន្លែងដេកទៅរឿងឈ្លោះគ្នាចាំស្អែកចាំដោះស្រាយទៀត តែប្តីនៅតែមិនព្រមនិងថែមទាំងបោះសម្តីថា “អញចង់ល្បីចាំមើលអញនឹងធ្វើឱ្យល្បីហើយយប់នេះ!”។

នាងបន្តថា ស្រាប់តែមិនបានប៉ុន្មានផង ប្តីនាងក៏ចាប់ផ្តើមសម្តែងធ្វើជាយំបោកខ្លួនឱ្យអ្នកសារព័ត៌មានមកថត ហើយក៏ចាប់ផ្តើមទាញអំបោសនិងស្បែកជើវាយក្បាលខ្លួនឯង ធ្វើដូចជាមនុស្សខូចចិត្តចង់ស្លាប់អីចឹង តែដុំថ្មនៅក្បែរនោះបែរជាមិនហ៊ានយកមកវាយក្បាលទៅវិញ។ សរុបមកប្តីនេះគ្រាន់តែសម្តែងឆាកល្ខោនព្រោះចង់ល្បីនិងចង់ឱ្យនាងវិលទៅរួមស្នេហ៍ជាមួយខ្លួនវិញប៉ុណ្ណោះ។

ស្ត្រីជាប្រពន្ធបានឱ្យដឹងថា រវាងនាងនិងប្តីនេះគឺបានស្រលាញ់រួមរស់ជាមួយគ្នាអស់រយៈ ពេល៥-៦ឆ្នាំមកហើយ ដោយមិនបានរៀបការឬសែនព្រេនអ្វីទាំងអស់ ហើយតាំងពីជួបស្រលាញ់គ្នាដំបូង គឺឪពុកម្តាយខាងប្តីមិនពេញចិត្តនឹងនាងនោះទេ ទើបពួកនាងបានពង្រត់គ្នាទៅរស់នៅខេត្តសៀមរាប ដោយលក់ម៉ូតូអស់១គ្រឿងទៀតផង។

ក្រោយមកម្តាយក្មេកក៏បានហៅឱ្យពួកនាងត្រឡប់មករស់នៅជាមួយវិញ តែគាត់នៅតែមិនពេញចិត្តជាមួយនាងជាកូនប្រសាដដែល ដោយចេះតែរករឿងចាប់កំហុសនាងគ្រប់ពេល។ លុះពេលនាងចាប់ផ្តើមមានផ្ទៃពោះកូនដំបូង ស្រាប់តែម្តាយក្មេកបានប្រាប់ឱ្យនាងរំលូតកូនចោលទៅ ព្រោះតែគាត់ចោទថា នាងចង់ទុកកូនដើម្បីចងជើងកូនប្រុសរបស់គាត់ ប៉ុន្តែនាងមិនព្រមទម្លាក់កូននេះចោលឡើយ ទើបធ្វើឱ្យម្តាយក្មេកកាន់តែខឹងសម្បានាងខ្លាំងឡើង រហូតដល់ក្រោយមកពេលដែលនាងសម្រាលកូនរួចហើយ ម្តាយក្មេកនេះក៏បាននាំប្តីនាងទៅដណ្តឹងប្រពន្ធថ្មីទៀតផង តែដោយសារប្តីរបស់នាងមិនពេញចិត្ត ទើបត្រឡប់មកវិញកុំអីប្តីនាងបានប្រពន្ធថ្មីតាំងពីពេលនោះម៉្លេះ។

ស្ត្រីជាប្រពន្ធរូបនេះបានបន្ថែមថា ចំណែកប្តីរបស់នាងគឺជាមនុស្សត្រចៀកស ជឿតែម្តាយរបស់គេប៉ុណ្ណោះ រីឯម្តាយក្មេកនោះវិញក៏កាន់ជើងកូនប្រុស ទោះជាកូនប្រុសធ្វើបាបចិត្តកាយនាងយ៉ាងណាក៏បន្ទោសតែនាងជាកូនប្រសា មិនដែលគិតថាកូនប្រុសគាត់ខុសនោះឡើយ។ ដោយសារតែប្តីត្រចៀកសនេះហើយ ទើបធ្វើឱ្យជីវិតគ្រួសារនាងរស់នៅមិនសូវចុះសម្រុងគ្នាទេ តែងកើតមានរឿងរកាំរកូសមិនឈប់ ហើយប្តីនេះតែងផឹកស្រាស្រវឹងជាប់ជាប្រចាំ មិនសូវប្រឹងរកលុយចិញ្ចឹមប្រពន្ធកូនទេ លុះនាងស្តីថា បន្តិចបន្តួចក៏ខឹងសម្បារករឿងវាយដំនាងរហូត។ នាងធ្លាប់ហៅឱ្យទៅធ្វើកិច្ចសន្យាមុខអាជ្ញាធរមូលដ្ឋានផងដែរ ថាបញ្ឈប់ការឈ្លោះគ្នាឈប់ផឹកស៊ីឈប់លេងល្បែង ឈប់មើលងាយនាងជាប្រពន្ធ បើមិនកែ នាងនឹងចុះចេញដោយខ្លួនឯង។ ពេលខ្លះនាងបាននិយាយណែនាំប្តីថា យើងមានប្រពន្ធហើយកុំផឹកស៊ីលេងល្បែងខ្លាំងពេក តែប្តីបែរជាបោះសម្តីថាត្រឹមសម្បត្តិស្រីសំផឹងមកប្រដៅអីគេ សូម្បីឪពុកម្តាយគេមិនស្តាប់ផង។

ស្ត្រីជាប្រពន្ធ បានរំលឹកថា កាលពីនាងមានផ្ទៃពោះកូនទី២គ្រប់ខែដល់ថ្ងៃសម្រាល នាងបានប្រាប់ប្តីថាយប់នេះកុំទៅផឹកស្រាអី បើផឹកៗបន្តិចបានហើយ ព្រោះយប់នេះនាងត្រូវសម្រាលកូនហើយ នៅចាំជួយមើលថែនាងផង តែប្តីមិនស្តាប់ចេញទៅផឹកបាត់។ ក្រោយពីស៊ូទ្រាំបៀមទុក្ខលេបថ្មលេបក្រួសជាមួយប្តីនេះ រហូតមានកូន២ ធ្វើឱ្យនាងឆ្អែតឆ្អន់ហើយទើបសម្រេចចិត្តចែកផ្លូវគ្នា ជាហេតុធ្វើឱ្យប្តីខឹងសម្បាមកឡូឡាឡាំប៉ា ចោទប្រកាន់នាងថាដេករួមរ័កជាមួយប្រុសថ្មីទៅវិញ។ ពេលនេះ នាងពិតជាអស់ចិត្តពីប្តីនេះហើយ ទោះជាមកអង្វរ ក៏នាងលែងអាណិតទន់ចិត្តទៀតដែរ។

យ៉ាងណា ស្ត្រីជាប្រពន្ធរូបនេះក៏បានសំណូមពរដល់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំទាន់កាត់សេចក្តីឬវាយតម្លៃមនុស្សណាម្នាក់ ដោយគ្រាន់តែឮសម្តីចេញពីមាត់ម្ខាងៗ ត្រូវស្តាប់ហេតុផលទាំងសងខាងរួចយកមកវែកញែក ពិចារណាមើលថា តើខាងណាខុស ខាងណាត្រូវឱ្យពិតប្រាកដ ចៀសវាងចោទប្រកាន់មនុស្សទាំងបំពាន៕

RELATED ARTICLES