ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូដឹកស្រីស្នេហ៍របស់ខ្លួនជ្រែចុះជ្រែឡើងពេញផ្លូវ និងថែមទាំងជ្រែចូលក្បួនរថយន្តថ្នាក់ដឹកនាំ ធ្វើឱ្យផ្អើលដល់កម្លាំងមានសមត្ថកិច្ចដែលឈរការពារក្បួនថ្នាក់ដឹកនាំតាមដងផ្លូវ ប្រដេញស្ទាក់ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងមុខការដ្ឋានសំណង់មួយកន្លែងម្តុំបឹងត្របែក ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លេងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកម្លាំងអធិការដ្ឋានខណ្ឌចំការមន បានដាក់កម្លាំងពង្រាយទៅតាមគោលដៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលចរាចរណ៍និងការពារក្បួនរបស់ថ្នាក់ដឹកនាំមកពីខេត្តកណ្តាល ដែលឆ្លងកាត់។ ពេលដែលក្បួនរបស់ថ្នាក់ដឹកនាំមកដល់ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់នោះ ក៏ស្រាប់តែលេចមុខយុវជនម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ដឹកស្រីស្នេហ៍ពីក្រោយជិះដេញតាមក្បួនយ៉ាងលឿន។

ប្រភពដដែលបន្តថា ឃើញសភាពបែបនេះកម្លាំងសមត្ថកិច្ចក៏នាំគ្នាហៅឱ្យឈប់ តែពួកគេមិនព្រមឈប់ឡើយ នៅតែនាំគ្នាជិះតាមក្បួនយ៉ាងលឿនជាបន្តទៀត។ ពេលដែលកម្លាំងរបស់លោកស្រែកហៅ និងព្យាយាមឃាត់ឱ្យម៉ូតូរបស់ពួកគេមិនព្រមឈប់នោះទេ ក៏ធ្វើការស្រែកតាមវិទ្យុទាក់ទងបន្ត ទៅអ្នកនៅឈរតាមគោលដៅខាងមុខៗ ឱ្យនាំជួយស្ទាក់ចាប់ឃាត់បន្តនិងរហូតដល់ចំណុចខាងមុខការដ្ឋានសំណង់ខាងលើ ទើបចាប់ឃាត់ម៉ូតូរបស់ពួកគេបាន ព្រមទាំងនាំយកទៅកាន់អធិការដ្ឋានខណ្ឌចំការមនភ្លាមៗតែម្តង។

ក្រោយពេលកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ម៉ូតូរបស់យុវជនខាងលើរួចហើយ គេឃើញយុវជនជាអ្នកបើកបរម៉ូតូរូបនោះមានសភាពស្រវឹងស្រាយ៉ាងជោកជាំទៅហើយ ហើយដោយសារតែគូស្នេហ៍ទាំង២នាក់មានការឈ្លោះប្រកែកគ្នា ទើបធ្វើរូបគេផឹកស្រាស្រវឹងនិងបើកបរម៉ូតូ តាមក្បួនរបស់ថ្នាក់ដឹកនាំទាំងមិនដឹងអីបែបនេះ។

ក្រោយពីកម្លាំងមានសមត្ថកិច្ចនាំខ្លួនយុវជនប្រុសស្រីជាគូស្នេហ៍នោះធ្វើការសាកសួរដឹងពីមូលហេតុថា មកពីយុវជនជាអ្នកបើកបរម៉ូតូមានការឈ្លោះប្រកែកជាមួយនឹងនារីជាគូស្នហ៍និងផឹកស្រាស្រវឹងផងនោះ ទើបកម្លាំងនគរបាលនៃអធិការខណ្ឌចំការមន គ្រាន់តែយកមកអប់រំណែនាំរួច ទើបដោះលែងឱ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ៕