Monday, November 24, 2025
Homeព័ត៌មានជាតិរឿងបាត់លុយ៥០០ដុល្លារ... សួរនាំប្តីពេលកំពុងស្រវឹង

រឿងបាត់លុយ៥០០ដុល្លារ… សួរនាំប្តីពេលកំពុងស្រវឹង

ខេត្តកណ្តាល ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប់ជាប្រចាំនិងឧស្សាហ៍វាយដំប្រពន្ធជាច្រើនលើកច្រើនសារមកហើយ តែប្រពន្ធមិនធ្លាប់ប្តឹងផ្តល់នោះទេ លុះក្រោយពីផឹកស្រាស្រវឹងជោកជាំ ខឹងប្រពន្ធសួរនាំរឿងបាត់លុយ៥០០ដុល្លារ ស្រាប់តែខឹងច្រឡោតស្ទុះទៅដាល់ប្រពន្ធបណ្តាលឱ្យប៉ោងភ្នែកម្ខាងរងរបួសយ៉ាងដំណំ ជាហេតុធ្វើឱ្យប្រពន្ធទ្រាំលែងបានប្តឹងសមត្ថកិច្ចចាប់អូសកប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារប្តីដាល់ប្រពន្ធប៉ោងភ្នែកនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល។

បុរសជាប្តីកំណាចដែលវ៉ៃដំប្រពន្ធគ្មានត្រាប្រណី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហាន អៀមហុង អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើសាឡង់បូមខ្សាច់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះលីម គុយស៊ីម អាយុ៣៧ឆ្នាំ មុខរបរកសិករ (រងរបួសហើមភ្នែកចំហៀងខាងស្តាំ)។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធរបស់ខ្លួនជាញឹកញាប់ ប៉ុន្តែឈ្មោះ លីម គុយស៊ីម ជាប្រពន្ធមិនដែលដាក់ពាក្យបណ្តឹងទេ។ លុះថ្ងៃទី៣១ ខែកក្កដ្ថា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល បុរសជាប្តីឈ្មោះហាន អៀមហុង បានផឹកស្រាស្រវឹងហើយប្រើប្រពន្ធឱ្យឡើងទៅបិទក្បាលរ៉ូប៊ីណេទឹក ព្រោះខ្លាចទឹកហៀរអាង។ ពេលនោះស្ត្រីរងគ្រោះជាប្រពន្ធបានសួរនាំប្តីរបស់ខ្លួនរឿងបាត់លុយ៥០០ដុល្លារ ថាតើប្តីយកទៅណា? បន្ទាប់មកក៏មានទំនាស់ពាក្យសំដីជាមួយគ្នា ហើយជនសង្ស័យក៏បានបើកឡានចេញទៅបាត់។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានបើកឡានមកដល់ផ្ទះវិញ ហើយចុះពីលើឡានវាយបំផ្លិចបំផ្លាញតុធ្វើពីដែកក្រាលការ៉ូបែកខូចខាតចំនួនមួយ ព្រមទាំងបែកចានមួយចំនួនទៀត។ បន្ទាប់មក ដោយសារតែមិនទាន់រំសាយ កំហឹងអស់ ជនសង្ស័យក៏ស្រាប់តែស្ទុះទៅដាល់ស្ត្រីរងគ្រោះជាប្រពន្ធដែលកំពុងតែដេកលើប៉ៅអ៊ីនៅក្នុងផ្ទះ បណ្តាលឱ្យត្រូវភ្នែកចំហៀងខាងស្តាំហើមប៉ោងរបួសមួយកន្លែង ពេលនោះអ្នកជិតខាងបានទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញាតីឱ្យជួយអន្តរាគមន៍តែម្តង។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕

RELATED ARTICLES