ខេត្តក្រចេះ ៖ បុសម្នាក់បានផឹកសុីជាមួយប្តីរបស់នារីរងគ្រោះនៅក្នុងផ្ទះ លុះពេលផឹកស្រវឹងធ្លាក់ភ្នែកខ្លាំងពេក ក៏បានសុំផ្ទះដេក១យប់ លុះពេលទៀបភ្លឺ ប្តីរបស់នារីរងគ្រោះចេញទៅលើកមងបាត់ ជនសង្ស័យបានបើកមុងចូលទៅរំលោភនារីរងគ្រោះ តែមិនបានសម្រេច ព្រោះតែនារីរងគ្រោះប្រឹងរើបម្រះស្រវាយកកាំបិតមកគំរាមចាក់ ទើបជនសង្ស័យរូបនេះគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះនារីរងគ្រោះ ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី។

ជនសង្ស័យដែលចាប់រំលោភប្រពន្ធគេ មានឈ្មោះសូ ធុយ អាយុ៣០ឆ្នាំ។ ចំណែកនារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុ២៥ឆ្នាំ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ចោទប្រកាន់ជនសង្ស័យចាប់រំលោភសេពសន្ធវៈនៅលើផ្ទះ។ លុះទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ជនសង្ស័យនាំមកសាកសួរតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ប្តីរបស់នារីរងគ្រោះនិងជនសង្ស័យបានផឹកសុីជាមួយគ្នានៅលើផ្ទះកើតហេតុ ដោយសារស្រវឹងធ្លាក់ភ្នែកខ្លាំងពេក ជនសង្ស័យបានសុំដេកផ្ទះរបស់នារីរងគ្រោះដេក១យប់។

សមត្ថកិច្ចបានបន្ថែមទៀតថា លុះដល់វេលាទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ប្តីរបស់នារីរងគ្រោះបានចេញទៅលើកមងបាត់ ដោយទុកឲ្យប្រពន្ធដេកក្នុងមុងលើផ្ទះតែ២នាក់ជនសង្ស័យ។ គ្រាន់តែប្តីរបស់នារីរងគ្រោះចេញទៅបាត់ ជនសង្ស័យបានបើកមុងចូលទៅចាប់រំលោភនារីរងគ្រោះ ប៉ុន្តែដោយសារខំរើបម្រះរហូតបានរួចខ្លួន ក៏បានស្ទុះទៅទាញកាំបិតយកមកគំរាម ពេលនោះជនសង្ស័យក៏បានរត់គេចបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់៕