Monday, November 24, 2025
Homeព័ត៌មានជាតិឲ្យផឹកស្រាបៀរ បែរជាចង់ផឹកស្រាថ្នាំ... ផ្ទុះរឿងប្រាវ

ឲ្យផឹកស្រាបៀរ បែរជាចង់ផឹកស្រាថ្នាំ… ផ្ទុះរឿងប្រាវ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានទៅចូលរួមផឹកស៊ីជាមួយនឹងបុរស៣នាក់ដែលជាមិត្តភក្តិរស់នៅភូមិជាមួយគ្នាលុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួនក្រុមជនសង្ស័យ៣នាក់ក៏បង្ខំឱ្យជនរងគ្រោះក្លែមសាច់ឆ្កែ តែជនរងគ្រោះមិនព្រមទើបធ្វើឱ្យក្រុមជនសង្ស័យខឹងដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅចម្ងាយប្រមាណ១០០ម៉ែត្រពីវង់ផឹកស៊ី។ ចំណែកជនដៃដល់២នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈដែលម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងវង់ផឹកស៊ីមួយកន្លែងស្ថិតក្នុងភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

បុរសរងគ្រោះដែលត្រូវជនដៃដល់ព្រួតគ្នាកាប់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះ អ៊ុន ឈី អាយុ៤២ឆ្នាំ មុខរបរកសិករ មានប្រពន្ធ និងមានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំណែកជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះតន រឿន អាយុ២៤ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះឈួន ថន អាយុ ៣៤ឆ្នាំ មុខរបរកសិករ។

ដោយឡែក ជនដៃដល់ដែលកំពុងរត់គេចខ្លួនមានឈ្មោះគក់ ខ្លី អាយុ៣១ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យទាំង៣នាក់ខាងលើមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

យោងតាមចម្លើយរបស់ជនសង្ស័យទាំង២នាក់ (ឈ្មោះរឿន និងឈ្មោះថន) ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជាក់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានការផឹកស៊ីមួយនៅចំណុចផ្ទះរបស់ឈ្មោះគ័ន។ ដំបូងឡើយការផឹកស៊ីនោះដំណើរការមានគ្នាតែ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានឈ្មោះរឿន ឈ្មោះថន និងឈ្មោះខ្លី (ក្រុមជនដៃដល់) ដោយនាំគ្នាផឹកស្រាថ្នាំអស់មួយលីត្រ បន្ទាប់មកក៏ទិញស្រាបៀរ១កេស និងសាច់ឆែយកមកផឹកក្លែមបន្តទៀត លុះពេលត្រឡប់មកពីទិញវិញក៏ទៅហៅនិងដឹកជនរងគ្រោះឈ្មោះអ៊ុន ឈី ឱ្យមកផឹកស៊ីជាមួយគ្នា។

ជនសង្ស័យទាំង២នាក់ បានបន្តសារភាពថា បន្ទាប់ពីផឹកអស់ស្រាកន្លះកេស ជនដៃដល់ឈ្មោះខ្លី ក៏បានបង្ខំជនរងគ្រោះឱ្យផឹកស្រាបៀរនិងហូបសាច់ឆ្កែ តែជនរងគ្រោះមិនព្រមសុខចិត្តផឹកស្រាថ្នាំវិញ ជាហេតុធ្វើឱ្យជនដៃដល់មានការខឹងសម្បា ហើយក៏បានទាស់ពាក្យសំដីគ្នា ស្រាប់តែជនដៃដល់ស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ចំគល់ថ្គាមជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ពេលនោះជនរងគ្រោះបានព្យាយាមរត់គេចបានចម្ងាយប្រមាណ១០០ម៉ែត្រ ក៏ត្រូវជនដៃដល់រត់ដេញតាមកាប់បណ្តាលឱ្យជនរងគ្រោះស្លាប់នៅតាមផ្លូវតែម្តង។ បន្ទាប់ពីកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ ចំណែកពួកខ្លួនដែលគ្រាន់តែជាអ្នកផឹកស៊ីជាមួយគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរតែម្តង។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ (ឈ្មោះរឿន និងឈ្មោះថន) យកមកធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ ចំណែកឯជនដៃដល់ឈ្មោះខ្លី កំពុងរត់គេចខ្លួននិងត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនដើម្បីនាំយកមកផ្តន្ទាទោសផងដែរ។

ដោយឡែក សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ហើយអ្វីដែលគួរឱ្យសង្វេគបំផុតនោះ គឺក្រុមគ្រួសារជនរងគ្រោះមានជីវភាពទីទ័លក្រខ្លាំងណាស់ ហើយកូនប្រុសស្រីតូចៗចំនួន៣នាក់ត្រូវបានក្លាយខ្លួនជាក្មេងកំព្រា។ រីឯប្រពន្ធក៏ធ្លាក់ខ្លួនមេម៉ាយត្រូវចិញ្ចឹមបីបាច់មើលថែកូន៣នាក់ទៀតផង៕

RELATED ARTICLES