ខេត្តកំពត ៖ បុរសម្នាក់បានចេញទូកទៅនេសាទទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ ស្រាប់តែអកុសលក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលសមុទ្រ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្ទៃសមុទ្រ ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់មានឈ្មោះរ៉េម សុបយ៉ាន អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរនេសាទសមុទ្រ មានលំនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនឹងអ្នកភូមិប៉ុន្មាននាក់ទៀត បាននាំគ្នាចេញទូកទៅនេសាទនៅលើផ្ទៃសមុទ្រដូចសព្វដង។ លុះក្រោយមកមេឃក៏ចាប់ផ្តើមងងឹតនិងធ្លាក់ភ្លៀងរលឹមស្រិចៗ ស្រាប់តែរំពេចនោះ ក៏មានផ្លេកបន្ទោរចាំងព្រាករួចក៏មានរន្ទះបាញ់លាន់ឮកក្រើក បណ្តាលឱ្យត្រូវចំជនរងគ្រោះដេកដួលស្លាប់នៅលើទូកកណ្តាលសមុទ្រភ្លាមៗមួយរំពេច។
ក្រោយកើតហេតុ ក្រុមអ្នកនេសាទដែលចេញទៅនេសាទជាមួយជនរងគ្រោះបានដឹកសពជនរងគ្រោះត្រឡប់មកច្រាំងវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិខ្មែរឥស្លាម៕