បន្ទាប់ពីរងការរិះគន់មិនចំដៃមាត់ពីបណ្តាញអ្នកនិយមលេងហ្វេសប៊ុក និងមានមន្ត្រីរាជរដ្ឋាភិបាល គ្រូបង្រៀន លើកបង្ហាញពីចម្លើយត្រឹមត្រូវ ដែលថា ប្រទេសកម្ពុជា ចេកផ្លូវគោកចេញជា២។នៅពេលនេះ លោកកៅ សីហា ដែលជាបេក្ខភាពឆ្លើយសំណួរនោះ ត្រូវបានអ្នកដឹកនាំកម្មវិធីព្រមឲ្យឡើងបន្តឆ្លើយសំណួរបន្តទៀតក្នុងកម្មវិធី “Heaven or Hall Cambodia” (ឋានសួគ៌ ឬឋាននរក)។

លោកមាស រិទ្ធី ដែលជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីឈ្មោះ បានធ្វើការបង្ហាញនូវលិខិតសុំទោសជាសាធារណៈរបស់អ្នកផលិតកម្មវិធី “Heaven Or Hell Cambodia” ដោយក្នុងលិខិតនោះ អ្នកផលិតកម្មវិធីក៏ទទួលស្គាល់កំហុសដោយអចេតនា ដោយការយកចម្លើយពីសៀវភៅដែលពុំមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជននិងកីឡា ហើយថានេះជាកំហុសរបស់ក្រុមការងារកម្មវិធី “Heaven Or Hell Cambodia” ដែលចេញសំណួរចម្លើយ ពុំមែនជាកំហុសរបស់ពិធីការិនី ចាន់ កែវនិមល ឡើយ”។

ការបង្ហាញលិខិតសុំទោសនេះ គឺក្រោយពេល១ថ្ងៃ គឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ រឿងដ៏កក្រើតមួយនេះបានដឹងដល់សម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេចបានទូរស័ព្ទមកកាន់លោកមាស រិទ្ធី ឲ្យមើលលើរឿងមួយនេះឡើងវិញ “បើថាខុសដឹងខុស” ហើយសូមទោសគេ តែបើត្រូវ ត្រូវពន្យល់គេឲ្យច្បាស់។

ដោយឡែក គណនីហ្វេសប៊ុកលោកអុឹម ជីវ៉ា បានបង្ហោះសារថា “ពេលនេះសូមអបអរសាទរបងប្រុស កៅ សីហា ពេលនេះបងទទួលបានប្រាក់1000$វិញហើយ ហើយបានបានទៅប្រកួតនៅវគ្គបន្តហើយ ដោយខាងផលិតកម្មវិធីហង្សមាស គេទទួលស្គាល់កំហុសហើយ។ បងលែងស៊យហើយ ហើយក៏បានប្រាក់ព្យាបាលជើងរបស់បងដែរ ជូនពរឆាប់ជាណាបង”។

គួរបញ្ជាក់ថា កម្មវីធី “ឋានសួគ៌ ឬ ឋាននរក” ត្រូវបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដោយមានពិធីការិនីគឺអ្នកនាងកែវ ចាន់និមល ហើយបេក្ខភាពឆ្លើយសំណួរ គឺលោកកៅ សីហា។ នៅក្នុងកម្មវិធីនោះ បានដាក់សំណួរថា “តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ពេលនោះលោកកៅ សីហា បានឆ្លើយថា “មាន២ប្រភេទ” ប៉ុន្តែក្នុងកម្មវិធីនោះបែរជាថា មាន៣ប្រភេទទីវិញ ធ្វើឲ្យលោកសីហា ធ្លាក់ពីកម្មវិធីទៅវិញ ដោយបាត់ឱកាសទទួលប្រាក់១០០០ដុល្លារ។

បន្ទាប់ពីកម្មវិធីនោះចប់ មហាជនជាច្រើនបានធ្វើការរិះគន់មិនសំចៃមាត់លើអ្នកដឹកនាំកម្មវិធី “ឋានសួគ៌ ឬ ឋាននរក” ដោយបានយកអំណះអំណាងជាច្រើនមកបង្ហាញ ផ្លូវគោកនៅកម្ពុជាមានតែ២ប្រទេសប៉ុណ្ណោះ៕