Monday, November 24, 2025
Homeព័ត៌មានជាតិចាញ់បោកមេខ្យល់នាំទៅធ្វើការ ដាច់បាយដាច់ទឹកសន្លប់តាមផ្លូវ

ចាញ់បោកមេខ្យល់នាំទៅធ្វើការ ដាច់បាយដាច់ទឹកសន្លប់តាមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានចាញ់បោកមេខ្យល់ថានាំទៅរកការងារធ្វើនៅឯខេត្តព្រះសីហនុ លុះមិនទាន់ដល់គោលដៅរកការងារបានធ្វើផង ស្រាប់តែមេខ្យល់នោះគេចខ្លួនបាត់ធ្វើឱ្យបុរសខាងលើគ្មានលុយជាប់ខ្លួនដាច់បាយដាច់ទឹករកផ្លូវទៅផ្ទះមិនឃើញ មកដេកដួលនៅតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងមុខរោងចក្រហេនសាំ ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើមានឈ្មោះសឿន យ៉ុន អាយុ៤៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សៀប អាយុ៤៥ឆ្នាំ មុខរបរកសិករនិងមានលំនៅក្នុងភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមសម្តីបុរសខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គាត់ត្រូវបានឈ្មោះ ភឿន ជាអ្នកស្គាល់គ្នាបបួលគ្នាថា ទៅរកការងារធ្វើនៅឯខេត្តព្រះសីហនុ ដោយធ្វើដំណើរចេញពីស្រុកកំណើតទៅដល់ខេត្តកំពត ល្បួងនាំចាយលុយអស់។

បន្ទាប់មកឈ្មោះ ភឿន បានគេចខ្លួនទៅបាត់មិនដឹងថាទៅណា ចំណែកគាត់ក៏មិនដែលដើរមិនស្គាល់ផ្លូវ ម៉្យាងអត់លុយមានតែសុំឡានឈ្នួលគេជិះ មកទើរត្រឹមម្តុំចោមចៅ មិនដឹងថាទៅណាទៀតគ្មានលុយកាក់ ដើរតែលតោលរសាត់អណ្តែតរហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ដើរដល់ចំណុចខាងលើ ហេវហត់អស់កម្លាំងពេកក៏អង្គុយនៅមួយកន្លែង។

តាមប្រជាពលរដ្ឋបងប្អូនកម្មកររោងចក្រទាំងប្រុសស្រី ក្រោយពីប្រទះឃើញបុរសខាងលើដើរដួលដេកញ័រដៃជើង ពួកគាត់មានចិត្តសប្បុរសជួយជាបាយទឹកថវិកា តែអ្វីជាក់ស្តែងបុរសរូបនេះបដិសេធមិនព្រមទទួលយក រហូតដល់មានបងប្អូនកម្មករយកលុយញ៉ុកចូលហោប៉ាវខោឱ្យ ក៏នៅតែគាត់យកចេញហុចឱ្យគេវិញ។

ទោះជាយ៉ាងណាក្តី ទឹកចិត្តបងប្អូនកម្មករមានមនុស្សធម៌នាំគ្នាព្យាយាមបញ្ចុះបញ្ចូល លើកហេតុផលថា ថវិកាសម្រាប់ជាសោហុយវិលត្រឡប់ទៅស្រុកវិញ ហើយត្រូវបានអន្តរាគមន៍ពីសមត្ថកិច្ចជួយសម្រួល និងហៅម៉ូតូកង់បីដឹកជូនទៅរករថយន្តឈ្នួល ដើម្បីធ្វើដំណើរទៅស្រុកកំណើតវិញ៕

RELATED ARTICLES