ភ្នំពេញ ៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅហាងការ៉េមខូលស្តូន តាមបណ្តោយផ្លូវជាតិលេខ១២៨ ស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់កយកម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-9446 បានសម្រេចដោយសុវត្ថិភាព។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ី ច័ន្ទលីដា ភេទស្រី មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១០១ ផ្លូវសុធារស ក្នុងភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រភពដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលទៅញ៉ាំការ៉េមនៅក្នុងហាងខាងលើ លុះពេលចេញមកក្រៅវិញស្រាប់តែបាត់ម៉ូតូ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើងហើយក៏ទៅសួរនាំម្ចាស់ហាង តែត្រូវបានគេឆ្លើយថា មិនទទួលខុសត្រូវនោះទេ ដោយសារហាងពុំមានសន្តិសុខមើលទ្បើយ។ ដូចនេះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងភ្លាមៗនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូនិងចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

គួរកត់សម្គាល់ថា ក្នុងខណ្ឌទួលគោក មួយរយៈចុងក្រោយនេះបានកើតមានអំពើចោរកម្មលួចឆក់ព្រោងព្រាត ធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកឱ្យជួយទប់ស្កាត់ និងបង្កើនការល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីកុំឱ្យចោរធ្វើសកម្មភាពដោយគ្មានញញើតបែបនេះ៕