ភ្នំពេញ ៖ ករណីឃាតកម្មដ៏ឃោរឃៅដែលជនជាឃាតករបានវាយសំពងមិត្តភក្តិរួមការងារចំនួន៧បំពង់ទីប បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងថតរូបល្អពេញចិត្ត តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ព្រោះតែភ្លើងប្រចណ្ឌនេះ ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនជាឃាតករបានហើយកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងភ្នំយាយសំ ស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យជាឃាតករដែលទើបនឹងត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មានឈ្មោះឈុន ឌីម ភេទប្រុស អាយុ២៦ឆ្នាំ ជាអតីតបុគ្គលិកហាងថតរូបល្អពេញចិត្ត តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ចំណែកជនរងគ្រោះមានឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកហាងថតរូបល្អពេញចិត្ត ស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅឯខេត្តតាកែវ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតករខាងលើនេះធ្វើឡើងដោយកម្លាំងចម្រុះ រួមមាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន សហការជាមួយនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុពេលជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេង ក៏ស្រាប់តែជនសង្ស័យបានដើរមកពីក្រោយយកដំបងដែកជ្រុងវាយក្បាលជនរងគ្រោះពីក្រោយបណ្តាលឱ្យបែកចេញឈាមដួលសន្លប់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ហើយបន្តទៅប្រទេសវៀតណាម រួចក៏ស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ហើយក៏ត្រូវបានដឹកត្រឡប់មកវិញយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ។
រហូតដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះរួមមាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន សហការជាមួយនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យនៅចំណុចខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចខាងមុខហាងថតរូបល្អពេញចិត្ត ផ្ទះលេខ១៤៣ ផ្លូវ២៨៦ ក្រុមទី៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយជនជាឃាតករបានវាយសំពងមិត្តភក្តិរួមការងារចំនួន៧បំពង់ទីប បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ដោយសារតែជនបង្កប្រចណ្ឌប្រពន្ធជាមួយជនរងគ្រោះ។

តាមសម្តីយុវតីអ៊ឹម ស្រីកែវ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្នុងហាងថតរូបល្អពេញចិត្ត និងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា ជនដៃដល់បានប្រើបំពង់ទីបវាយលើជនរងគ្រោះដែលជាបងថ្លៃរបស់នាងនៅកន្លែងធ្វើការល្អពេញចិត្តផ្តិតរូប បណ្តាលឱ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងរផ្នែកក្បាល ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែអកុសលដឹកបានពាក់កណ្តាលផ្លូវជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

យុវតីជាប្អូនថ្លៃស្រីរបស់ជនរងគ្រោះបានបង្ហើបប្រាប់ថា មូលហេតុដែលនាំឱ្យជនសង្ស័យប្រើបំពង់ទីបវាយជនរងគ្រោះរហូតដល់ស្លាប់បែបនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌដោយជនដៃដល់ជាឃាតករបានប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់គេ (ជនដៃដល់់) ដែលសុទ្ធសឹងតែជាអ្នកធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ព្រោះកន្លងមកប្រពន្ធរបស់ជនដៃដល់ឧស្សាហ៍លេងសើចជាមួយជនរងគ្រោះណាស់ និងហាក់មានសភាពស្និតស្នាលនឹងគ្នាទៀតផង ទើបធ្វើឱ្យជនដៃដល់មានចិត្តប្រចណ្ឌចេះតែកើតមានរឿងឈ្លោះប្រកែកជាមួយប្រពន្ធជាញឹកញាប់។ ជាក់ស្តែងនៅថ្ងៃកើតហេតុ ជនដៃដល់និងប្រពន្ធបានឈ្លោះប្រកែកគ្នារហូតដល់ស្ត្រីជាប្រពន្ធជនដៃដល់បានធ្វើដំណើរទៅស្រុកកំណើត ស្រាប់តែល្ងាចឡើងក៏កើតមានករណីឃាតកម្មវ៉ៃសម្លាប់ជនរងគ្រោះបែបនេះតែម្តង៕