Monday, November 24, 2025
Homeព័ត៌មានជាតិហួសនឹងថ្លែង ដោយសារអ្នកបើកបរ ទើបរៀនបាន២ថ្ងៃ

ហួសនឹងថ្លែង ដោយសារអ្នកបើកបរ ទើបរៀនបាន២ថ្ងៃ

ខេត្តស្វាយរៀង ៖ យុវជនម្នាក់ទើបនឹងរៀនបើករថយន្តបានចំនួន២ថ្ងៃ ក៏ឡើងកាន់ដៃចង្កូតបើករថយន្តដឹកកម្មករកម្មការិនីរោងចក្ររាប់សិបនាក់ លុះដោយសារតែចេះស្ទើរភ្លើងផង ខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានគ្រោះថ្នាក់រេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជាង៤០នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករដោយសារតែតៃកុងឡានស្ទើរភ្លើងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចឃុំពពែត ស្រុកស្វាយទាប។

យោងតាមលោកវេជ្ជបណ្ឌិតកែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា កម្មករ-កម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះ មានកម្មករប្រុសស្រីចំនួន២នាក់បានស្លាប់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលជិត៤០នាក់ទៀត កំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងមន្ទីរពេទ្យជីភូ ក្រុងបាវិត។

ជនរងគ្រោះទាំង២នាក់ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករខាងលើនេះ រួមមាន ទី១-ឈ្មោះគង់ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប។ និងទី២-ឈ្មោះស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិបាក់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ គេឃើញមានរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 1AM-3462 មានដឹកកម្មករ-កម្មការិនីប្រមាណ៥០នាក់ បានបើកបរក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាមានឧបសគ្គអ្វី ក៏ស្រាប់តែរថយន្តបានរេចង្កូតក្រឡាប់ដោយខ្លួនឯងចំនួន៣-៤ត្រឡប់ បណ្តាលឱ្យចាក់កម្មករចោលរងរបួសរដូករណែលពេញថ្នល់ ក្នុងនោះមានកម្មករ-កម្មការិនីចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកជាង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីតៃកុងស្ទើរភ្លើង និងបើកបរដោយខ្វះការប្រុងប្រយ័ត្ន។ ក្នុងនោះអ្នកបើកបររថយន្តទើបនឹងរៀនបើកបរបានចំនួន២ថ្ងៃប៉ុណ្ណោះ ស្រាប់តែហ៊ានឡើងមកកាន់ដៃចង្កូតទាំងស្ទើរភ្លើងនិងបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យក្លាយជាគ្រោះថ្នាក់ដ៏ធំបែបនេះ។

ក្រោយកើតហេតុ ក្រុមកម្មករដែលរងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចចាត់បញ្ជូនដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខអ្នកបើកបរដើម្បីនាំខ្លួនយកមកសាកសួរនិងចាត់ការតាមច្បាប់៕

RELATED ARTICLES