Monday, November 24, 2025
Homeព័ត៌មានជាតិរៀបចំបើកហាងថ្មី ចោរមកសម្ពោធ អស់៥០គ្រឿង

រៀបចំបើកហាងថ្មី ចោរមកសម្ពោធ អស់៥០គ្រឿង

ភ្នំពេញ ៖ ហាងទូរស័ព្ទទើបនឹងរៀបចំថ្មី និងយកទូរស័ព្ទចូលមករៀបចំត្រៀមសម្ពោធបើកលក់ ត្រូវចោរគាស់ហែកដំបូលចូលលួចយកអស់ចំនួន៥០គ្រឿង។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះសង់ថ្មី តាមមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីស្ត្រីម្នាក់ឈ្មោះពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាងដែលរងគ្រោះត្រូវចោរគាស់ចូលលួចទូរស័ព្ទអស់នេះ បានបំភ្លឺថា គាត់ទើបនឹងរៀបចំហាងមិនទាន់ទាំងដាក់យីហោផង ដោយបានដាក់សម្ភារៈ និងទូរស័ព្ទថ្មីៗចូល ក្នុងទូបាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ពោធលក់នៅពេលឆាប់ៗខាងមុខនេះ។

ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ពេលដែលក្រុមគ្រួសារភ្ញាក់ពីដំណេកនៅផ្នែកខាងក្រោយចេញមកមុខ ក៏ឃើញទ្វារចំហមើលទៅដំបូលរបើកធ្លុះធ្លាយប្រហោងធ្លុង លុះមើលទៅទូបាត់ទូរស័ព្ទដែលសុទ្ធតែថ្មីៗអស់រលីងសរុបអស់ចំនួន៥០គ្រឿងឯណោះ។

ស្ត្រីម្ចាស់ហាងដែលរងគ្រោះ ឱ្យដឹងដែរថា ក្រុមគ្រួសារគាត់ដេកលង់លក់ ដោយពុំដឹងសោះថា ចោរគាស់ដំបូលរួចចងខ្សែទម្លាក់ខ្លួនចូលលួចតាំងពីថ្មើរណា គឺរហូតទាល់តែព្រឹកឡើងងើបពីដំណេកទើបដឹងនិងភ្ញាក់ផ្អើលតែម្តង រួចហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីគាស់ហែកទម្លុះដំបូលចូលលួចទូរស័ព្ទនៅក្នុងហាងថ្មី ដែលមិនទាន់ទាំងបើកលក់ និងដាក់ស្លាកយីហោផងនោះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកពិនិត្យ និងទទួលពាក្យបណ្តឹងជនរងគ្រោះ ដើម្បីស្រាវជ្រាវមុខសញ្ញាឈានទៅចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោស៕

RELATED ARTICLES