ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់បាននាំនារីវ័យក្មេងម្នាក់ឡើងផ្ទះសំណាក់រួមរ័កមេត្រី ដោយប្រើថ្នាំជំនួយផង ស្រាប់តែអកុសលខាងប្រុសប្រឹងខ្លាំងពេកហួសកម្លាំង ធ្វើឱ្យគាំងបេះដូងស្លាប់លើបង្គងយ៉ាងអាណោចអាធ័ម ធ្វើឱ្យខាងស្រីភ័យបានរត់គេចខ្លួនបាត់ស្រមោល។
ករណីបុរសចំណាស់សង្ស័យស្លាប់លើបង្គងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់លេខ២០៣ ផ្ទះសំណាក់យីហោនាគមាស ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសចំណាស់ជាជនរងគ្រោះខាងលើ មានឈ្មោះធាំ រ៉េត អាយុ៧២ឆ្នាំ មានលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកខាងស្រីជាដៃគូស្នេហ៍ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំណាស់ជាជនរងគ្រោះខាងលើ បាននាំនារីវ័យក្មេងម្នាក់ជាដៃគូស្នេហាធ្វើដំណើរមកពីភ្នំពេញ ដើម្បីមកបង្កាត់ភ្លើងស្នេហ៍យ៉ាងពុះកញ្ជ្រោលនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ទីបំផុតស្រាប់តែខាងប្រុសគាំងបេះដូងស្លាប់នៅលើបង្គង ធ្វើឱ្យខាងស្រីភ័យក៏រត់គេចខ្លួនបាត់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា តាមការបំភ្លឺពីអ្នកបំរើការងារនៅផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ គេឃើញបុរសរងគ្រោះខាងលើបាននាំនារីជាគូស្នេហ៍ (មិនស្គាល់អត្តសញ្ញាណ) ចូលមកស្នាក់នៅក្នុងបន្ទប់លេខ២០៣ ផ្ទះសំណាក់យីហោនាគមាស ជាលក្ខណៈបណ្តោះអាសន្ន។

លុះដល់វេលាម៉ោងប្រមាណជា៩និង៣០នាទីយប់ថ្ងៃដដែល មិនឃើញចេញមកវិញទេ។ អ្នកបំរើការងារឆ្ងល់ក៏ទៅគោះទ្វារបន្ទប់ តែមិនមានសំឡេងតប ក៏រុញទ្វារមើលស្រាប់តែឃើញបុរសខាងលើ ដេកនៅលើពូកដាស់យ៉ាងណាក៏មិនភ្ញាក់ ធ្វើឱ្យមានការសង្ស័យស្ទាបស្ទង់និងពិនិត្យមើលដង្ហើម ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ប្រញាប់ផ្តល់ដំណឹងដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ ចំណែកខាងស្រីមិនដឹងថា រត់គេចចេញពីផ្ទះសំណាក់ តាំងពីពេលណានោះឡើយ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញដោយមានការចូលរួមពីក្រុមគ្រូពេទ្យផង បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះជាជំងឺគាំងបេះដូង ហើយបានប្រើថ្នាំលើសកម្រិត។

ការអះអាងបែបនេះ ដោយសារនៅក្នុងបន្ទប់ សមត្ថកិច្ចបានរកឃើញដបថ្នាំម៉្យាង ដែលមានគ្រាប់ទ្រវែងនៅក្នុងបន្ទប់។ សមត្ថកិច្ចអះអាងថា ចំពោះភាគីខាងស្រីដែលជាដៃគូស្នេហ៍ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបំភ្លឺជុំវិញករណីនេះ។

បន្ទាប់ពីពិនិត្យនិងបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងដល់សាច់ញាតិសព ឱ្យមកទទួលយកសាកសពដឹកទៅកាន់លំនៅដ្ឋានឯរាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕