ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញាណាក់ ស្រីណា បានឱ្យដឹងថា នៅឆ្នាំ២០១៩នេះ នាងត្រូវបានអ្នកដឹកនាំសម្តែងរឿងប្តូរពីការសម្តែងតួស្លូតមកជាកាចវិញម្តង ដែលរឿងនេះធ្វើឱ្យនាងប្តូរចរិតដល់ទៅ១៨០ដឺក្រេឯណោះ។
ស្រីណា ថា នាងពេញចិត្តការសម្តែងតួអង្គថ្មីនេះដើម្បីជាបទពិសោធន៍ថ្មីមួយទៀត ប៉ុន្តែរឿងរៀបការវិញនៅពេលនេះ នាងមិនទាន់មានគូស្នេហ៍ដែលត្រូវចូលរោងការដូចគេឡើយ…។

ឪណាក់ ស្រីណា ជាតារាសម្តែងនិងពិធីការិនីដែលមានត្រេមុខស្លូត ហេតុនេះហើយកន្លងមកនាងត្រូវបានអ្នកដឹកនាំសម្តែងជ្រើសឱ្យធ្វើជាតួស្លូត ត្រូវគេធ្វើបាបឲ្យទឹកភ្នែករហូតតាមរយៈភាពយន្ត និង MV។
ប៉ុន្តែពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញាស្រីណា សម្រាប់ឆ្នាំ២០១៩នេះ នាងបានប្រែប្រួលហើយ ព្រោះត្រូវផលិតកម្មរស្មីហង្សមាស បានឱ្យនាងសម្តែងរឿងមួយដែលជាតួកាចឆ្នាសឆ្នើមតែម្តង ហើយតាមរយៈរឿងនោះ នាងយល់ថា អ្នកទស្សនានឹងប្លែក ព្រោះជាច្រើនឆ្នាំមកនេះនាងលេងតែតួស្លូតរហូត។

ណាក់ ស្រីណា ថា “រឿងហ្នុងខ្ញុំបានថតឱ្យហង្សមាស បាន៩០%ហើយ ប៉ុន្តែអ្នកដឹកនាំមិនឱ្យប្រាប់ចំណងជើងទេ អ៊ីចឹងខ្ញុំលាក់សិន។ ភាពយន្តមួយនេះអ្នកដឹកនាំធ្វើឱ្យខ្ញុំប្រែប្រួលទាំងស្រុង ព្រោះខ្ញុំមិនលេងតួស្លូតដូចមុនទេ គឺប្រែប្រួលដល់ទៅ១៨០ដឺក្រេ ដោយសារគេតម្រូវឱ្យខ្ញុំលេងតួកាចវិញម្តង អ៊ីចឹងហើយចរិតខ្ញុំពីមុនប្រែប្រួលអស់ហើយពេលថតរឿងនេះ។ ខ្ញុំពេញចិត្តក្នុងការសម្តែងរឿងនេះ ព្រោះវាជាបទពិសោធន៍ថ្មីមួយទៀត ហើយក្នុងនាមជាតារាសម្តែងការលេងតួបានច្រើនបែប ទើបល្អសម្រាប់យើងជាអ្នកសិល្បៈ”។

ណាក់ ស្រីណា មិនទាន់ហ៊ានសន្និដ្ឋានថា ការលេងតួកាចអាចជោគជ័យដូចនាងសម្តែងតួស្លូតឡើយ ហើយនាងអះអាងថា ការទទួលថតកុនរឿងថ្មីមួយមិនសំខាន់ថាតួឯកឬរងទេ ប៉ុន្តែសំខាន់នៅលើសកម្មភាពរបស់តួដែលគេដាក់ឱ្យនោះ បើមានសកម្មភាពច្រើនគួបផ្សំតម្លៃខ្លួនសមរម្យ និងពេលវេលាអំណោយផលផង នាងនឹងទទួលថត។
ដោយឡែក ទាក់ទងរឿងអាជីព ពិធីការិនីនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្រីណា កាន់កម្មវិធី២ គឺ “តន្ត្រី AD” និង “វេទិកាអាហារូបករណ៍”។

ពិធីការិនីតូច្រឡឹងស្រអែមស្រស់រូបនេះថា ការងារពិធីការិនីនាងស្រលាញ់ពេញចិត្តជាងគេ ព្រោះមានលំនឹងនិងជាអ្វីដែលនាងចូលចិត្ត។
ដោយឡែក ទាក់ទងអាជីពចម្រៀងវិញ បើទោះស្រីណា មានទឹកដមសំឡេងមិនចាញ់តារាចម្រៀងអាជីពមែន ប៉ុន្តែនាងថា មិនមានបំណងឈានទៅប្រឡូកឱ្យជោគជាំនោះទេ ព្រោះនាងដឹងថាអាចច្រៀងបាន ប៉ុន្តែមិនមែនអាចប្រើប្រាស់សំឡេងច្រៀងបានគ្រប់ប្រភេទដូចតារាចម្រៀងអាជីពទេ ហេតុនេះហើយបានជានាងមិនហ៊ានប៉ងធ្វើជាអ្នកចម្រៀងអាជីពដូចគេ។

ណាក់ ស្រីណា មានអាយុ៣០ឆ្នាំហើយ ប៉ុន្តែនាងថា នៅឆ្នាំ២០១៩នេះ នាងមិនទាន់ដល់ពេលវេលាត្រូវចូលរោងការទេ ព្រោះថារកមិនទាន់បានអ្នកត្រូវចិត្ត ម៉្យាងទៀតអ្នកដែលតាមស្រលាញ់ សុទ្ធតែមិនទាន់ច្បាស់លាស់ អ៊ីចឹងការកំណត់ពេលវេលារៀបការ គឺមិនអាចនិយាយបានឡើយ។

ពិធីការិនីរូបនេះ វាចាថា “កន្លងមកមានអ្នកតាមស្រលាញ់ដែរ ប៉ុន្តែមិនទាន់ច្បាស់លាស់ផង។ ខ្ញុំអាចនិយាយបានថា ការរៀបការមិនទាន់ដល់ពេលទេ។ ធម្មតាទេយើងចង់បានមនុស្សល្អជាគូជីវិត ចង់បានអ្នកដែលមានចំណេះដឹងជាគូអនាគតយើង តែឥឡូវយើងមិនទាន់មានអ្នកត្រូវចិត្តបែបហ្នឹងទេ។ ម៉្យាងទៀតពេលហ្នឹង យើងក៏ជាប់រវល់ការងារសិល្បៈច្រើនដែរ អ៊ីចឹងក៏មិនសូវជាមានពេលវេលាសម្រាប់គិតគូររឿងគូស្រករច្រើនដែរ ព្រោះផ្តោតលើការពង្រឹងអាជីពសិល្បៈដែរ”។

ក្រៅពីជាពិធីការិនីនិងតាសម្តែង ណាក់ ស្រីណា ក៏មានមុខរបរក្រៅសិល្បៈផងដែរ គឺហាងសម្អាងការណុប ដាណា ដែលនាងបានចូលហ៊ុនជាមួយបងស្រីរបស់នាង ដែលបានបើកនៅខេត្តកំពង់ចាម រយៈពេល១១ឆ្នាំមកហើយ និងពេលនេះបានបើកនៅភ្នំពេញម្តុំសាលាន័រតុន ជាង១ឆ្នាំមកហើយដែរ។
ស្រីណា ត្រូវបានគេដឹងថា នាងជាតារាដែលជិតដិតបំផុតជាមួយតារាចម្រៀងសុគន្ធ និសា ផងដែរ។

ឆ្លើយតបសំណួរថា តើស្រីណា នឹងជ្រើសយកស្វាមីជាអាណិកជនខ្មែរនៅបរទេស ដូចសុគន្ធ និសា ដែរឬទេ ?
ស្រីស្រស់រូបនេះថា សំណួរនេះនាងឆ្លើយមិនចេញទេ ព្រោះនាងថា គូព្រេងមិនអាចកំណត់បានទេ ពេលណាដល់គូ គឺពេលហ្នុងហើយ…៕