ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ធ្លាប់ទាក់ទងស្នេហាជាមួយនឹងមនុស្សប្រុសពេញលក្ខណៈចំនួន២នាក់រួចមកហើយតែត្រូវម្តាយជំទាស់រារាំងជាប់រហូត ទើបធ្វើឱ្យកូនស្រីក្តៅចិត្តក៏ទាក់ទងស្រលាញ់គ្នាជាមួយនឹងនារីភេទដូចគ្នាម្នាក់ដោយប្រកាសប្រាប់ម្តាយថានឹងយកស្រីដូចគ្នាធ្វើប្តី ជាហេតុធ្វើឱ្យម្តាយខឹងសម្បាផងភ័យខ្លាចកូនស្រីបានប្តីស្រីផងក៏តាមបំបែកចំណងស្នេហ៍កូនស្រីរហូតផ្ទុះជាជម្លោះរវាងម្តាយកូនស្រីបែកផ្សែងផ្អើលពេញមុខរោងចក្រ។
ហេតុការណ៍ជម្លោះម្តាយនិងកូនស្រីរឿងមិនចង់ឱ្យកូនស្រីស្រលាញ់ភេទដូចគ្នានេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងមុខរោងចក្រហុងវ៉ា ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ភាគីតួអង្គខាងស្រីដែលប្រកាសប្រាប់ម្តាយថា នឹងយកមនុស្សស្រីធ្វើប្តីនេះមានឈ្មោះ ស៊ីម លក្ខិណា អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រហុងវ៉ា ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិម្រាម ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកភាគីជាតួអង្គខាងប្រុសស្នេហ៍សុំមិនបង្ហាញអត្តសញ្ញាណ គ្រាន់តែដឹងថាជាមនុស្សស្រីមានវ័យស្របាក់ស្របាលគ្នា មុខរបរជាកម្មការិនីរោងចក្រ ធ្វើការនិងស្នាក់នៅបន្ទប់ជួលជាមួយគ្នា។ ដោយឡែកភាគីស្ត្រីជាម្តាយខាងស្រីមិនបង្ហាញពីអត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីជាម្តាយបានតាមមករកកូនស្រីឈ្មោះស៊ីម លក្ខិណា ដល់មុខរោងចក្រហុងវ៉ា។ លុះបន្តិចក្រោយមកក៏ឃើញកូនស្រីរួមនឹងគូស្នេហ៍ភេទដូចគ្នាបានដឹកដៃគ្នាចេញមកជួប រួចក៏កើតជាការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាផ្អើលពេញមុខរោងចក្រតែម្តង ធ្វើឱ្យប្រជាពលរដ្ឋចោមរោមមើល ខ្លាចក្រែងកើតមានអំពើហិង្សា ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍សម្របសម្រួលភ្លាមៗ។

តាមសម្តីភាគីខាងកូនស្រីបានលើកឡើងថា រូបនាងអស់ជម្រើសហើយ ព្រោះតែគ្រួសាររបស់នាងពិសេសម្តាយចេះតែមិនពេញចិត្តចំពោះមនុស្សដែលនាងស្រលាញ់ទាល់តែសោះ តាមរារាំងបំបែកអស់២លើករួចមកហើយ លុះចុងក្រោយក៏តាមមកបំបែកបំបាក់ទៀត។
ភាគីកូនស្រីរូបនេះបានបន្តថា ដើមឡើយនាងគឺជាមនុស្សស្រីពេញលក្ខណៈ និងបានស្រលាញ់មនុស្សប្រុសពេញលក្ខណៈដែរ តែពេលមានស្នេហាលើកទី១ ត្រូវម្តាយមិនពេញចិត្តនឹងគូស្នេហ៍ជាមនុស្សប្រុសនោះសោះ ទើបនាងបានបែកចែកផ្លូវគ្នាវិញទៅហើយក៏បានទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ទៀត ស្រាប់តែម្តាយដឹងរឿងក៏មិនពេញចិត្តដដែល។ ដោយសារតែគ្មានជម្រើសស្រលាញ់អ្នកណាក៏ម្តាយចេះតែជំទាស់ ទើបនាងសម្រេចចិត្តទាក់ទងស្នេហាជាមួយមនុស្សស្រីដូចគ្នា (ស្រលាញ់ភេទដូចគ្នា) ម្តងមើល ស្រាប់តែត្រូវម្តាយតាមរារាំងដដែល។

ចំណែកភាគីស្ត្រីជាម្តាយបានឱ្យដឹងថា “កូនស្រីអីខុសគេខុសឯង កើតមកខ្លួនធំក្រមុំពេញវ័យ ហាស្តីឡើងយកស្រីដូចគ្នាធ្វើជាប្តី…”។ ស្ត្រីជាម្តាយបន្តថា កូនស្រីរបស់គាត់ម្នាក់នេះកាលពីមានស្នេហ៍លើកទី១ ស្រឡាញ់ភេទផ្ទុយគ្នាក៏ពិតមែន តែភាគីខាងប្រុសប្រើប្រាស់នូវសារធាតុញៀន ទើបគាត់បំបែកបំបាក់មិនឱ្យទាក់ទងគ្នា ព្រោះខ្លាចកូនខូចអនាគត និងញៀនថ្នាំតាមគូស្នេហ៍។ ក្រោយមកស្រាប់តែកូនស្រីបានស្រលាញ់គ្នាជាមួយយុវជនម្នាក់ទៀត ជាសមាសភាពមិនល្អដូចគ្នាទើបគាត់តាមបំបែកជាលើកទី២ទៅ។ យ៉ាងណាគាត់តាមបំបែកកូនស្រីនេះមិនមានបំណងអ្វីក្រៅតែពីចង់ឱ្យកូនស្រីមានអនាគតល្អនោះឡើយ តែកូនស្រីមិនយល់ចិត្តបែរជាដាក់បន្ទុកមកលើគាត់ក្លាយជាមនុស្សអាក្រក់ តាមជ្រែកស្នេហ៍របស់គេទៅវិញ។

ស្ត្រីជាម្តាយរូបនេះបានឱ្យដឹងទៀតថា បន្ទាប់មកតាំងពីអំឡុងខែមករា ឆ្នាំ២០១៩មក កូនស្រីរបស់គាត់ស្រាប់តែបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងស្រីដូចគ្នា (ស្រលាញ់ភេទដូចគ្នា) ទោះជាគាត់ហាមយ៉ាងណាក៏មិនស្តាប់ថែមទាំងព្យាយាមគេចវេសមកសម្ងំជួលផ្ទះ ស្នាក់នៅជុំគ្នាទៀតទើបគាត់បានព្យាយាមតាមស្រាវជ្រាវស្វែងរក រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះ ក៏រកឃើញដឹងកន្លែងកូនូស្រីស្នាក់នៅនិងធ្វើការ ទើបធ្វើដំណើរតាំងពីស្រុកកំណើតឡើងមករកកូនស្រីដើម្បីសួរនាំ និងចង់យកកូនស្រីវិលទៅផ្ទះវិញ ពោលគាត់ក៏ដូចជាក្រុមគ្រួសារមិនពេញចិត្តនូវស្នេហារបស់កូនស្រីស្រឡាញ់ស្រី ជាភេទដូចគ្នានេះឡើយ ស្រាប់តែកូនស្រីមិនត្រឹមតែប្រកែកមិនព្រមទៅវិញនោះទេ ថែមទាំងឈ្លោះប្រកែកមាត់តូចមាត់ធំដាក់គាត់ជាម្តាយទៀត។

ដោយឡែក ភាគីតួអង្គប្រុសវិញមិនអនុញ្ញាតឱ្យស្គាល់អត្តសញ្ញាណឡើយ និងព្យាយាមគេចមុខរហូត។

ករណីខាងលើដោយមានទំនាស់សម្តីរវាងម្តាយនិងកូនត្រូវបានសមត្ថកិច្ចចុះទៅសម្របសម្រួលហៅនាំទៅនិយាយគ្នានៅប៉ុស្តិ៍ ចៀសវាងវិបត្តិក្នុងគ្រួសារក្លាយជាហិង្សាដោយប្រការណាមួយ ក៏ប៉ុន្តែក្រោយពីទៅដល់ប៉ុស្តិ៍នគរបាលចោមចៅ១ ភាគីខាងកូនស្រីនៅតែប្រកាន់ជំហរស្រីស្រឡាញ់ស្រី រឿងអ្វីមិនសំខាន់ៗឱ្យតែបានគ្នា ហើយក៏នាំគ្នាឡើងជិះម៉ូតូចាកចេញទៅបាត់ រីឯភាគីខាងម្តាយក៏ធ្វើដំណើរទៅតាមដែរ៕