ខេត្តបាត់ដំបង ៖ នារីវ័យក្មេង ដៃឆើត ចំនួន២នាក់ បានធ្វើសកម្មភាពផ្លោះរបងក្រោយផ្ទះលក់សម្លៀកបំពាក់បោះដុំ ១កន្លែង ចូលទៅរើកកាយ លួចបានលុយប្រមាណ ៥០០លានរៀល និងគ្រឿងអលង្ការមាស មួយចំនួន រួចនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះ២ថ្ងៃក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ ខ្លួនបានទាំង២នាក់ រួមទាំងស្ត្រីជាម្តាយម្នាក់ទៀត សរុប ៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវង់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះម៉ុន ម៉ុត ភេទស្រី អាយុ៣៩ឆ្នាំ (២នាក់នេះជាម្តាយនិងកូន រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល) និងទី៣-ឈ្មោះប៉ាកកា ជីឡូរី ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ក្រុមជនសង្ស័យ ទាំង៣ នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ព្រមទាំងរឹប អូសវត្ថុតាង បានមួយចំនួន កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះ។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា ករណីលួចលុយនេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះលក់សម្លៀកបំពាក់បោះដុំ មួយកន្លែង ស្ថិតនៅចំណុចភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលមានជនរងគ្រោះ ឈ្មោះថាច់ ប៊ុនសុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាដើមបណ្តឹង។

លោកអធិការ បានបញ្ជាក់ថា ក្នុងសំណុំរឿងអំពើចោរកម្មនេះ គឺនាងៗវ័យ១៦ឆ្នាំ ទាំង២នាក់នោះជាអ្នកប្រព្រឹត្តផ្ទាល់ រីឯស្ត្រីម្នាក់ជាម្តាយ ជាអ្នករួមគំនិត ជួយលាក់ផលចោរកម្ម។

លោកអធិការ បានបន្តថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ មន្ត្រីជំនាញរបស់លោក បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាលើនារីវ័យក្មេងៗដែលធ្លាប់ដើរចូលផ្ទះគេ កន្លងមក ហើយធ្លាប់ត្រូវសមត្ថកិច្ចចាប់យកមកអប់រំ។ បើតាមពិនិត្យកន្លែងកើតហេតុ ពួកនាងៗ បានឡើងផ្លោះរបងខាងក្រោយផ្ទះ ចូលតាមទ្វារក្រោយ ខណៈម្ចាស់ផ្ទះ កំពុងនៅលក់ដូរខាងមុខ។ ពួកនាងបានចូលកកាយលួចថង់លុយ និងគ្រឿងអលង្ការ មួយចំនួនផង បោះចេញទៅក្រៅរបងខាងក្រោយ រួចនាំគ្នាជញ្ជូនចេញដោយសុវត្ថិភាព។

តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា បាត់បង់លុយ និងគ្រឿងអលង្ការ រួមមាន ១-ប្រាក់ខ្មែរ ចំនួន៤៩៥លានរៀល ២-ប្រាក់ដុល្លារ ចំនួន៤ពាន់ដុល្លារ ៣-ខ្សែកមាស ១ខ្សែ ទម្ងន់៣តម្លឹង និង៤-ខ្សែកាឡៃ ១ខ្សែ ទម្ងន់៥តម្លឹង។

ក្រោយពីឃាត់ខ្លួនក្រុមចោរស្រីដៃឆើត សមត្ថកិច្ចបានស្រាវជ្រាវរកឃើញនិងដកហូតវត្ថុតាងបានមកវិញមួយចំនួន ដូចជា ១-ប្រាក់ខ្មែរ ចំនួន២៦៧ ៩៥០ ០០០រៀល ២-ខ្សែលោហៈពណ៌លឿង ចំនួន៤ខ្សែ ៣-ផ្លាកដៃលោហៈពណ៌លឿង ចំនួន១ខ្សែ ៤-ខ្សែដៃលោហៈពណ៌លឿង ចំនួន១ខ្សែ ៥-ក្រវិលលោហៈពណ៌លឿង ១គូ ៦-បន្តោងព្រះ ចំនួនមួយ ៦-ម៉ូតូម៉ាកហុងដា ស្កុបពី គ្មានស្លាកលេខ ចំនួន១គ្រឿង ៩-ទូរស័ព្ទ ចំនួន៤គ្រឿង រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយទៀត។

លោកឈឿង គឹមសុង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រុមជនសង្ស័យ ស្ត្រីវ័យក្មេងៗទាំង នេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕