Monday, November 24, 2025
Homeព័ត៌មានជាតិលួងលោមពួកនាង ឲ្យតែទៅដល់ប្រទេសចិន ដឹងតែបាន៣០០០ដុល្លារហើយ

លួងលោមពួកនាង ឲ្យតែទៅដល់ប្រទេសចិន ដឹងតែបាន៣០០០ដុល្លារហើយ

ភ្នំពេញ ៖ នារីជាមេខ្យល់២នាក់បានប្រើល្បិចលួងលោមក្មេងស្រីចំនួន៤នាក់ បំណងយកទៅលក់នៅប្រទេសចិន ដោយត្រៀមឆ្លងដែនចេញពីកម្ពុជាតាមច្រកបាវិតចូលប្រទេសវៀតណាម និងបន្តដំណើរចូលប្រទេសចិនតែម្តង តែគំរោងការជួញដូរក្មេងស្រីទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដឹងទាន់និងទប់ស្កាត់ទាន់ពេលវេលា ដោយឃាត់ខ្លួនមេខ្យល់បាន២នាក់ ព្រមទាំងរំដោះក្មេងស្រីរងគ្រោះបានសរុបចំនួន៤នាក់។

ប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ប្រុងនាំក្មេងស្រី៤នាក់យកទៅលក់នៅប្រទេសចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរបងវត្តមហាមន្ត្រី ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ទោ ហួត សុភ័ក្ត្រ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ជាក់ស្តែងឃាត់ខ្លួនស្ត្រីសង្ស័យចំនួន៦នាក់។

នគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យទាំង២នាក់ដែលពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែន រួមមាន ទី១-ឈ្មោះសុខា រដ្ឋធានី ហៅនីយ៉ា អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងក្រអូប និងទី២-ឈ្មោះថាច់ ដាវី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ។ ចំណែកនារីរងគ្រោះមានចំនួន៤នាក់ ក្នុងនោះ២នាក់ជាអនីតិជន។

តាមប្រភពពីនគរបាលជំនាញ បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ រហូតដល់ស៊ីជំរៅបានចុះទៅឃាត់ខ្លួនស្ត្រីសង្ស័យភ្លាមៗនិងនាំមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។

តាមសម្តីក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលពួកនាងសម្រេចចិត្តទៅប្រទេសចិន គឺមានស្ត្រីម្នាក់ដែលជាមេខ្យល់បានទាក់ទងនិងលួងលោមពួកនាងថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម នឹងទទួលបានលុយក្នុងម្នាក់៣០០០ដុល្លារ ហើយរាល់ការធ្វើឯកសារនិងធ្វើដំណើរ គឺមានអ្នករាប់រងទាំងអស់តែម្តង។

ក្មេងស្រីរងគ្រោះបន្តថា ពេលនោះពួកនាងបានសួរថា ចុះបើពួកនាងពុំមានលិខិតឆ្លងដែនផង ទៅយ៉ាងម៉េច? នារីជាមេខ្យល់ក៏បានប្រាប់ថា ពុំចាំបាច់មានលិខិតឆ្លងដែនទេ គឺត្រូវធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់បាវិត គឺមានមេខ្យល់ម្នាក់ទៀត ជាជនជាតិវៀតណាមចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិនតែម្តង។

បច្ចុប្បន្នស្ត្រីមេខ្យល់ទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នាំមកសាកសួរ រួចឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

RELATED ARTICLES