ភ្នំពេញ ៖ បុរសពោះម៉ាយម្តាយដោយសារតែនឹករលឹកម្តាយខ្លាំងពេក ក៏ខំស្កាត់ដំណើរតាំងពីស្រុកកំណើតឯខេត្តកំពង់ចាម មកលេងម្តាយនៅផ្ទះជួលឯរាជធានីភ្នំពេញ ស្រាប់តែអកុសលស្នាក់នៅជាមួយម៉ែបាន២យប់ ក៏កើតអាការគាំងបេះដូងដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល១កន្លែង ស្ថិតតាមបណ្តោយផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សាកសពជនរងគ្រោះ មានឈ្មោះកៃ ធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុរសពោះម៉ាយ មុខរបរកម្មករសំណង់ មានលំនៅភូមិកុមាររាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមសម្តីស្ត្រីឈ្មោះឱ ម៉ោត អាយុ៦៦ឆ្នាំ ស្នាក់នៅនិងជួយមើលថែចៅនៅផ្ទះកន្លែងកើតហេតុ ត្រូវជាម្តាយរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ខាងលើ ជាបុរសពោះម៉ាយមានកូនប្រុសម្នាក់ តែត្រូវបានខាងប្រពន្ធយកទៅនៅជាមួយ ក្រោយលែងលះគ្នា។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុដោយសារតែនឹកគាត់ជាម្តាយខ្លាំងពេក ទើបកូនប្រុសរូបនេះខំធ្វើដំណើរចេញមកតាំងពីស្រុក មកលេងគាត់នៅផ្ទះជួលខាងលើ ទើបបាន២យប់ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពេលគាត់ភ្ញាក់ពីដំណេកមិនឃើញកូនងើប ទើបចូលទៅដាស់ ស្រាប់តែប្រទះឃើញកូនប្រុសដេកស្លាប់រឹងស្តូកបាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចអាជ្ញាធរចុះពិនិត្យជាក់ស្តែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតមានអាការគាំងបេះដូង ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
