ភ្នំពេញ ៖ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសមត្ថកិច្ចគ្រប់ប្រភេទចៀសវាងដាច់ខាតនូវ៤កុំ គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀន។
សម្តេចស ខេង បានអំពាវនាវបែបនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

សម្តេចស ខេង បានសរសេរថា “ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស។ តាមរយៈសកម្មភាពយ៉ាងសកម្មផុលផុសនេះយើងបានធ្វើការចាប់ខ្លួនមេខ្លោង រួមទាំងជនល្មើសមួយចំនួនធំ និងបានរឹបអូសគ្រឿងញៀននិងសារធាតុផ្សំជាច្រើន ព្រមទាំងបានបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

តាមរយៈលទ្ធផលសម្រេចបានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាពេលកន្លងមក ធ្វើឱ្យសាធារណជនទូទៅយ៉ាងច្រើនលើសលប់សម្តែងការសាទរ និងជំរុញលើកទឹកចិត្តដល់យុទ្ធនាការនេះ ឱ្យបន្តសកម្មភាពរបស់ខ្លួនកាន់តែសកម្មថែមទៀត”។

សម្តេចស ខេង បានសរសេរបន្តថា “ទោះបីលទ្ធផលសម្រេចបានទាំងនេះមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានានៅក្នុងសង្គមយ៉ាងណាក្តី ក៏យើងនៅតែបន្តខិតខំពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឱ្យបទល្មើសគ្រឿងញៀនត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត។

ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធនឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេសតាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់និងកាត់ផ្តាច់តម្រូវការគ្រឿងញៀនក្នុងស្មារតីរួមគ្នាទទួលខុសត្រូវក្នុងការកសាងសង្គមកម្ពុជា ដែលល្អផូរផង់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនា គ្មានគ្រឿងញៀន។

ទន្ទឹមនេះ សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឱ្យបានដាច់ខាតនូវ៤កុំ គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន។

ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ ប្រគេនពរ ប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ប្រការ”៕