ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែតូចចិត្តនឹងប្តីធ្វើបាបចិត្តលួចលាក់មានស្រីរាប់មិនអស់ ក៏បានដឹកដៃកូនប្រុសតូចអាយុប្រមាណ៤-៥ឆ្នាំម្នាក់ធ្វើដំណើរឡើងមកលើស្ពានជ្រោយចង្វា បំណងលោតទឹកសម្លាប់ ប៉ុន្តែដោយសារតែមិនដាច់ចិត្ត ទើបអង្គុយយំនៅកណ្តាលស្ពានជ្រោយចង្វា ធ្វើឱ្យប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ប្រទះឃើញឈប់សួរនាំនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍ស្ត្រីខូចចិត្តប្តីមានស្រី បែរជាដឹកដៃកូនប្រុសប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្ត្រីដែលប៉ុនប៉ងលោតពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជិត៣០ឆ្នាំ ចំណែកកូនប្រុសតូចទើបនឹងមានវ័យប្រមាណ៤-៥ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីខាងលើ រួមនឹងកូនតូចខាងលើ ជិះម៉ូតូកង់បីមកឈប់នៅកំពែងខាងលិច (លើស្ពានជ្រោយចង្វា) លុះមកដល់កន្លែងកើតហេតុក៏បានចុះពីលើម៉ូតូ កង់បីអង្គុយនៅលើកំពែងនោះដោយមានការសង្ស័យ គាត់ក៏បានប្រាប់ឱ្យស្រីនោះចុះទៅក្រោមវិញ ព្រោះខ្លាចមានបញ្ហា ស្រាប់តែនាងក៏បានទៅអង្គុយលើស្ពានម្តង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង តែយ៉ាងណាមើលទៅសភាពរបស់នាងក៏មិនដាច់ចិត្តលោតទឹកសម្លាប់ខ្លួនដែរ។

ក្រោយកើតហេតុ គេឃើញអ្នកសារព័ត៌មានជាច្រើនបានមកថតផ្តិតយករូបភាព និងព្យាយាមសាកសួរពីដំណើរដើមទងដែរ តែស្ត្រីរូបនោះមិនព្រមនិយាយអ្វីសូម្បីតែមួយម៉ាត់ ដោយចេះតែព្យាយាមបិទមុខមិនឱ្យអ្នកសារព័ត៌មានថត និងហាមមិនឱ្យផ្សាយរឿងរបស់នាងឡើយ។ បន្ទាប់មកខណៈដែលដើរចុះពីលើស្ពានបណ្តើរ គេឃើញស្ត្រីរូបនោះបានចុចទូរស័ព្ទហៅក្រុមគ្រួសារឱ្យមកទទួលបណ្តើរ លុះជិតដល់គល់ស្ពាន ក៏ឃើញមានបុរស២នាក់បើករថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AM-3510 ទៅដល់ ហើយបុរសម្នាក់ក្នុងចំណោមនោះ (ពាក់អាវក្រហម) បានស្ទុះរត់ឡើងទៅទទួលលើកបីកូនប្រុសចុះមកក្រោមវិញ ដោយអះអាងថាគាត់គឺជាប្តីស្ត្រីខាងលើនិងជាឪពុករបស់ក្មេងប្រុសនេះផងដែរ។

ចំណែកស្ត្រីរូបនោះនៅពេលឮអ្នកសារព័ត៌មានតាមសួរដដែលៗថា ហេតុអ្វីបានជាមកលោតទឹកបែបនេះ? ក៏ឆ្លើយតបយ៉ាងខ្លីទាំងសម្តីហាក់ខឹងសម្បាថា “ខ្ញុំគ្រាន់តែអង្គុយពិបាកចិត្តទេ ខ្ញុំអត់មានបានលោតទេ បើខ្ញុំលោតមិនមែនខ្ញុំឈរនៅកន្លែងហ្នឹងទេអត់មានអ្នកណាជួយទេ ខ្ញុំគ្រាន់តែអង្គុយទេតើ?…”។
ដោយឡែក បុរសជាប្តីវិញគ្រាន់តែចុះពីលើរថយន្តភ្លាម ក៏ស្ទុះរត់ទៅលើកបីកូនប្រុសប្រកបដោយអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធនិងកូនជាទីស្រលាញ់របស់ខ្លួន។ បន្ទាប់មកបុរសជាប្តីបានបីកូនដើរចុះពីលើស្ពានបណ្តើរ អង្អែលក្បាលប្រពន្ធបណ្តើរ ប៉ុន្តែមិនបាននិយាយអ្វីជាមួយគ្នានោះទេ រួចក៏នាំប្រពន្ធចូលទៅក្នុងរថយន្តដែលឈប់ចាំរួចជាស្រេច។

នៅមុនពេលឡើងរថយន្ត បុរសដែលអះអាងថាជាប្តីរូបនោះបានបញ្ជាក់យ៉ាងខ្លីប្រាប់ថា មូលហេតុដែលប្រពន្ធគាត់ធ្វើឱ្យមានការភ្ញាក់ផ្អើលបែបនេះ គឺដោយសារតែមានការយល់ច្រឡំជាមួយគាត់ជាប្តីពីរឿងគាត់មានស្រី។

យ៉ាងណា បុរសជាប្តីដែលប្រើសម្តីយ៉ាងទន់ភ្លន់មុននឹងឡើងលើរថយន្តចាកចេញពីកន្លែងកើតហេតុទៅ ក៏មិនភ្លេចងាកមកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ក៏ដូចជាសមត្ថកិច្ចដែលបានជួយអន្តរាគមន៍ឃាត់ប្រពន្ធរបស់គាត់ទាន់ពេលវេលាផងដែរ ពុំនោះទេគាត់ច្បាស់ជាមានវិប្បដិសារៈអស់មួយជីវិតមិនខាន៕