Monday, November 24, 2025
Homeព័ត៌មានជាតិមិនចេះតិច!!! ប៉ូលិសចរាចរណ៍ម្នាក់ជួយលាក់លុយចោរ ត្រូវជាប់ខ្នោះ

មិនចេះតិច!!! ប៉ូលិសចរាចរណ៍ម្នាក់ជួយលាក់លុយចោរ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមនសហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាមន្ត្រីនគរបាលចរាចរណ៍ពាក់ព័ន្ធពីបទទទួលផលចោរកម្មលើចំនួនទឹកប្រាក់រាប់សែនដុល្លារ ដែលដឹកចេញពីធនាគារ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី អ៊ិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក បម្រើការងារនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ស្នាក់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលចរាចរណ៍រូបនេះពាក់ព័ន្ធទទួលបញ្ញើប្រាក់ដែលជនសង្ស័យឈ្មោះវ៉ា សុខ និងឈ្មោះអៀម សំអន យកទៅផ្ញើដែលប្រាក់មានចំនួនរាប់សែនដុល្លារ ដែលគេប្រើល្បិចលួចនិងប្លន់ពីក្រុមហ៊ុនឆាយ វ៉ាន់។ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ជាមួយជនសង្ស័យ២នាក់ដែលបានចាប់ខ្លួន។

គួរបញ្ជាក់ថា មុននេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា បានចាប់បញ្ជូនបុរស២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរកឃើញក្រដាសប្រាក់ប្រមាណជិត៣០ម៉ឺនដុល្លារអាមេរិក ដែលគ្មានប្រភពច្បាស់លាស់ និងអាវុធខ្លីទំនើប១ដើមទំនងអត់ច្បាប់។

ជនដែលត្រូវចាប់ខ្លួនឈ្មោះវ៉ា សុខ អាយុ៣៨ឆ្នាំ ជាអ្នកបើកបររថយន្តស្នាក់នៅផ្ទះលេខ២០២E3 ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងម្នាក់ឈ្មោះអៀម សំអន អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មន្ត្រីរូបនេះជាប់ចោទសមគំនិត ទទួលផលចោរកម្ម។

ទាក់ទិននឹងការនាំខ្លួនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ពួកគេជាប់ពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស និងគំរាមប្លន់យកប្រាក់។

ដើមចមនៃបទល្មើសខាងលើនេះ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះសំ ឆាយវ៉ាន់ ភេទប្រុស អាយុ៧៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវ២៨៦ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌចំការមន ជាប្រធានក្រុមហ៊ុនឆាយវ៉ាន់ បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គណនេយ្យរបស់ក្រុមហ៊ុនឆាយវ៉ាន់ បានឱ្យមូលប្បទានបត្រ (សែក) ១សន្លឹក មានទឹកប្រាក់៥លានដុល្លារអាមេរិក ទៅបុគ្គលិកឈ្មោះនី សំអាត និងអ្នកបើកបររថយន្តម្នាក់ឈ្មោះវ៉ា សុខ ដើម្បីទៅបើកប្រាក់ពីធនាគារ CIMB ដែលមានទីតាំងស្ថិតនៅជាប់អតីតក្រសួងពាណិជ្ជកម្មតាមបណ្តោយមហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ។

បន្ទាប់ពីបើកប្រាក់បានហើយ ឈ្មោះនី សំអាត ក៏ដាក់លុយនោះច្រកចូលទៅក្នុងសាក់កាដូចំនួន២ និងថង់ខ្មៅមួយ រួចដាក់បាំងខាងក្រោយ អ្នកបើកបរក្នុងរថយន្ត ហើយនាំគ្នាបើករថយន្តត្រឡប់ទៅវិញ និងបានទៅយកបុគ្គលិកម្នាក់ទៀត ដែលនៅចាំមុខកាស៊ីណូណាហ្គា២ ក៏ចេញដំណើរទៅមុខទៀត និងបានដាក់បុគ្គលិកម្នាក់នោះឱ្យចុះវិញនៅមុខធនាគារ ABA តាមមហាវិថីព្រះសីហនុ កែងផ្លូវលេខ៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ពាក្យបណ្តឹងដដែលបានបន្តថា លុះពេលរថយន្តបើកទៅដល់មុខផ្ទះលេខ៤៥៧ ផ្លូវ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង អ្នកបើកបរឈ្មោះវ៉ា សុខ បានប្រើល្បិចធ្វើជាឈប់រថយន្តចូលទិញទឹកផឹក រួចត្រឡប់ទៅក្រោយវិញ និងបានបើកទ្វាររថយន្តឆក់យកសាក់កាដូ ពណ៌ខ្មៅមួយ ដែលមានទឹកប្រាក់ចំនួន២លាន៤សែន ដុល្លារអាមេរិក ហើយបានគំរាមមិនឱ្យឈ្មោះ នី សំអាត ស្រែករួចរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនគេចបាត់ទៅ។

រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការចម្រុះរួមមានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កម្លាំងនគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវសហការគ្នាឈានដល់ការឃាត់ខ្លួនឈ្មោះវ៉ា សុខ នៅចំណុចកាស៊ីណូសុខសាន្ត ក្រុងបាវិត ខេត្តស្វាយរៀង។ កម្លាំងសហការបានដកហូតរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស NX-200t គ្មានស្លាកលេខនិងប្រាក់ចំនួន១៣ម៉ឺនដុល្លារ ហើយបានបញ្ជូនជនរូបនេះមកកាន់រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះវ៉ា សុខ បានឆ្លើយសារភាពថា ខ្លួនបានយកលុយទៅផ្ញើនឹងឈ្មោះអៀម សំអន ចំនួន២៥ម៉ឺនដុល្លារ និងផ្ញើម្នាក់ទៀត៧០ម៉ឺនដុល្លារផងដែរ។

បន្ទាប់ពីទទួលបានចម្លើយជាក់លាក់នោះហើយ សមត្ថកិច្ចស្រាវជ្រាវបានឈានទៅឃាត់ ខ្លួនឈ្មោះអៀម សំអន នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងធ្វើការដកហូតបានប្រាក់២៤៣៣០០ដុល្លារអាមេរិក អាវុធខ្លីទំនើបម៉ាក KIMBER ពណ៌ទឹកប្រាក់១ដើម គ្រាប់៨គ្រាប់ វិទ្យុទាក់ទង៤គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ម៉ាក 0PP0។

លុះដល់ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៩ ក៏ឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាលចរាចរណ៍ ដែលទទួលលុយទុកជាង៧០ម៉ឺនដុល្លារផងដែរ៕

RELATED ARTICLES