ស្ទឹងត្រែង៖ បន្ទាប់ពីចំណាយពេលជាច្រើនម៉ោងដើម្បីស្វែងរកសាកសពទាហាន២នាក់ ដែលបានធ្លាក់ចូលទឹកអូរ នៅព្រឹកមិញនេះ សាកសពអ្នកទាំង២ត្រូវបានរកឃើញស្រង់ឡើងលើគោកហើយ ដោយមានធ្វើកិច្ចតាមបែបសាសនាយ៉ាងត្រឹមត្រូវ និងមានការគរពវិញ្ញាណក្ខន្ធរបស់មិត្តភក្តិរួមអាវុធទៀតផង។

ចំណែកក្រុមគ្រួសារទាហាន២រូបនេះ បានធ្វើដំណើរមកទទួលសាកសពកូននៅខេត្តស្ទឹងត្រែង ដោយក្តីសោកសង្រេងយ៉ាងខ្លាំង។

ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយមីងរបស់ទាហានឈ្មោះភីនី ដាលិ បានសរសេរលើទំព័រហ្វេសប៊ុកថា “Updated news: សាកសពក្មួយប្រុសរបស់ខ្ញុំ ត្រូវបានកងកម្លាំងរកឃើញនូវម៉ោងប្រហែល៩ព្រឹក… ពេលនេះដែរក្រុមគ្រួរសារយើងខ្ញុំកំពុងតែដឹកសាកសពគាត់ត្រលប់មកគេហដ្ឋាន ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ដែលមានលំនៅដ្ឋានភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ផ្សារតានី)…”។

គួរបញ្ជាក់ថា មន្ត្រីយោធា២នាក់ដែលបានបាត់ខ្លួន ក្រោយជួបហេតុការណ៍បាក់ដីធ្លាក់ចូលក្នុងអូរ ដែលមានទឹកហូរគួចខ្លាំងនោះ សមត្ថកិច្ចបានប្រទះឃើញសពហើយនៅព្រឹកនេះ ដោយម្នាក់រកឃើញនៅម៉ោង៧និង៤១នាទីព្រឹក និងម្នាក់ទៀតរកឃើញនៅម៉ោងជាង៨ព្រឹក ហើយសពទាហានទាំង២នាក់នេះ បាននៅចម្ងាយឆ្ងាយពីគ្នារហូតដល់៥០០ម៉ែត្រ។

លោកមេបញ្ជាការកងរាជអាវុធហត្ថស្ទឹងត្រែង បានឲ្យដឹងថា សពមន្ដ្រីយោធាម្នាក់ ឈ្មោះ សុខ សុវណ្ណឌី ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧និង៤១នាទីព្រឹកនេះ ដែលជាអ្នកជិះពីក្រោយ។ លុះនៅម៉ោងជាង៨ព្រឹកនេះ សពម្នាក់ទៀតឈ្មោះភីនី ដាលិ ក៏ត្រូវបានរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រពីគ្នា៕




