ឯកឧត្តមអង្គ វង្សវឌ្ឍនា ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោកជា ពេជ្រ ដោយបានចោទប្រកាន់ពីបទផិត ដែលបានប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់២០១៩។

កាសម្រេចបញ្ឈរជើងលោកជា ពេជ្រ បន្ទាប់ពីភរិយាដើមរបស់លោកព្រះរាជអាជ្ញារូបនេះបានទម្លាយរឿងអាស្រូវក្នុងគ្រួសាររបស់ខ្លួនថា លោកជា ពេជ្រ បានក្បត់ចិត្តលួចលាក់ទៅមានប្រពន្ធចុង មានទាំងកូនរស់នៅភូមិគ្រឹះធំស្កឹមស្កៃ និងមិនព្រមចូលខ្លួនដោះស្រាយជាមួយខ្លួនជាប្រពន្ធដើម។មិនតែប៉ុណ្ណោះភរិយាដើមរបស់លោកជា ពេជ្រ ក៏បានរំលឹកនូវពាក្យសម្តីរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងបញ្ជាក់ថា មន្ត្រីប្រពន្ធច្រើន នឹងត្រូវដកចោលជាបន្តបន្ទាប់។

យ៉ាងណា បើតាមលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី អាចនឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌបើរកឃើញថាបានប្រព្រឹត្តបទល្មើស “ផិត” ប្រពន្ធពិតមែន ដោយចំណាត់ការទាំងនេះគឺធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់លោកស្រី ហ៊ាន លក្ខិណា ដែលជាភរិយាដើមរបស់លោក ជា ពេជ្រ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ហើយកាលណាលោក ជា ពេជ្រ ជាប់បណ្តឹងនៅតុលាការ គឺក្រសួងយុត្តិធម៌ត្រូវផ្អាកការងារលោកជាបណ្តោះអាសន្នសិន ដើម្បីដំណើរនីតិវិធីតុលាការតែបើរកឃើញថាលោកជា ពេជ្រ មានទោសដូចការចោទប្រកាន់មែន គឺអាចត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ តែបើរកឃើញថាមិនមានកំហុសទេ គឺ លោកអាចចូលបំពេញការងារជាធម្មតាវិញ។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អ្នកស្រីហ៊ាន លក្ខិណា ជាប្រពន្ធដើមរបស់លោកព្រះរាជអាជ្ញាជា ពេជ្រ បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រីថា “សម្តេចបានប្រកាសយ៉ាងច្បាស់ហើយថា បើមន្ត្រីរូបណាហ៊ានមានស្រីឬក៏ប្រពន្ធចុង សម្តេចត្រូវដកចោលទាំងអស់។ រឿងរបស់នាងខ្ញុំមួយរឿងនេ វាយូរពេកហើយនាងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់មេត្តាជួយមើលបុគ្គលព្រះរាជអាជ្ញាជា ពេជ្រ ម្នាក់នេះផងកុំឱ្យគេបានដៃពេកហើយកុំឱ្យដូចពាក្យលោកជា ពេជ្រ ម្នាក់នេះ និយាយថាគ្មានអ្នកណាហ៊ានធ្វើអីគេបានព្រោះគេជាអ្នកច្បាប់មានមិត្តភក្តិក៏ជាអ្នកច្បាប់ដែរ ថែមទាំងមានខ្នងសុទ្ធតែអ្នកធំកំពូលអ្វីដែលសំខាន់ទៀតនោះ គឺលោកព្រះរាជអាជ្ញាជា ពេជ្រ រូបនេះគេមានលុយច្រើនចឹងហើយបានគេហ៊ានចំអកឱ្យនាងខ្ញុំជាប្រពន្ធដើមថាទៅប្តឹងដល់ណាក៏មិនឈ្នះគេដែរ។ អ្នកលួចមានប្រពន្ធចុងត្រូវមានទោស (ឯកពន្ធភាព)…”។
ដោយឡែក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ អ្នកស្រីហ៊ាន លក្ខិណា ធ្លាប់បានអំពាវនាវសុំដល់សម្តេចហ៊ុន សែន ជួយអន្តរាគមន៍លើករណីប្តីលួចមានប្រពន្ធចុង ដើម្បីផ្តល់យុត្តិធម៌ដល់ខ្លួនដែលជាប្រពន្ធដើមស្របច្បាប់ផងដែរ។

អ្នកស្រីហ៊ាន លក្ខិណា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅពេលនោះថា “នាងខ្ញុំសូមលំឱនកាយ សូមអភ័យទោសពីចម្ងាយ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែមានព្រហ្មវិហារធម៌ជួយប្រជាជនស្លូតត្រង់ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផង ដែលលោកព្រះរាជអាជ្ញា ជា ពេជ្រ (បម្រើការងារនៅខេត្តរតនគិរី) បានធ្វើបាបនាងខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់។ លោកជា ពេជ្រ អាងខ្លួនឯងជាអ្នកច្បាប់ អាងខ្នងអ្នកធំ អាងអំណាច និងប្រាក់កាស និងអាងមានមិត្តភក្តិ សុទ្ធតែជាអ្នកច្បាប់ទាំងអស់ ចឹងគាត់មិនខ្លាចច្បាប់ទេ។ គាត់លួចមានប្រពន្ធចុង ខុសច្បាប់ឯកពន្ធភាព ហើយគាត់ថា គាត់មានលុយរាប់លានដុល្លារចឹង គ្មានអ្នកណាយកឈ្នះគាត់បានទេ ព្រោះច្បាប់នៅខាងគាត់អស់ហើយ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ១០ឆ្នាំទៀត គាត់ចាយលុយមិនអស់ផង។ លោកជា ពេជ្រ គាត់ថា នាងខ្ញុំមិនមានបងប្អូន មិត្តភក្តិ ជាអ្នកច្បាប់ដូចគាត់ទេ ចឹងមិនអាចឈ្នះគាត់បានឡើយ។ គួរពុំគួរសូមសម្តេចទាំងពីរ មេត្តាអភ័យទោសដល់នាងខ្ញុំផងចុះ ដោយសារនាងខ្ញុំមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ…”។

អ្នកស្រីហ៊ាន លក្ខិណា បានសរសេរបន្ថែម ថា “ព្រះរាជអាជ្ញា គឺជាអ្នកច្បាប់ គឺឪច្បាប់ ដល់មកប្រព្រឹត្តទង្វើខុសច្បាប់ លួចមានប្រពន្ធចុង។ ជាក់ស្តែងអ៊ីចឹង វាហួសនឹងនិយាយហើយ បើសិនលោកព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះ រួចខ្លួនទៀតនោះ គឺតុលាការអយុត្តិធម៌ពេកហើយ សម្រាប់ប្រជាជនស្លូតត្រង់ ដូចជារូបនាងខ្ញុំ។ ដូច្នេះសូមមតិមហាជន និងសារព័ត៌មាន ព្រមទាំងទូរទស្សន៍ទាំងអស់ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង។ នាងខ្ញុំរង់ចាំទទួលការសម្ភាសន៍ពីទូរទស្សន៍ទាំងអស់ជានិច្ច សូមទំនាក់ទំនងតាមឆាតរបស់នាងខ្ញុំ…”។

ស្ត្រីជាប្រពន្ធដើមរូបនេះបានសរសេរបន្ថែមទៀតថា “សូមលោកតុលាការមេត្តាជួយបន្តនីតិវិធីដោះស្រាយរឿងក្តីរបស់នាងខ្ញុំហ៊ាន លក្ខិណា ដែលជាប្រពន្ធស្របច្បាប់នឹងលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង (ខេត្តរតនគិរី) ផងនាងខ្ញុំបានដាក់ពាក្យប្តឹងពីបទ (ឯកពន្ធភាព) ហើយតុលាការក៏បានទទួលយកសំណុំរឿងនាងខ្ញុំដែរ តែបែរជាយកសំណុំរឿងនាងខ្ញុំទៅទុកចោលទៅវិញ ហើយពន្យារពេលរហូត។ ចេះតែថាខ្វះនេះខ្វះនោះមិនចេះចប់ មិនចេះហើយរវល់រហូត ហាក់បីដូចជាចង់ឱ្យលោកព្រះរាជអាជ្ញាជា ពេជ្រ ម្នាក់នេះ រួចខ្លួនពីសំណាញ់ច្បាប់ចឹងបើមិនព្រមយករឿងនាងខ្ញុំមកដោះស្រាយទេនោះនាងខ្ញុំនឹងប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមហើយ…”៕