Monday, November 24, 2025
Homeព័ត៌មានជាតិដោយសារមិត្តភក្តិប្តី... ជាង១ឆ្នាំ ទើបតែប្រទះឃើញ

ដោយសារមិត្តភក្តិប្តី… ជាង១ឆ្នាំ ទើបតែប្រទះឃើញ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានអះអាងថារថយន្តមួយគ្រឿងម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-5970 នៅក្នុងយានដ្ឋានកំពុងជួសជុល គឺជាកម្មសិទ្ធិរបស់គាត់ដែលត្រូវមិត្តភក្តិប្តីជាអាណិកជនខ្មែរ-សិង្ហបុរីម្នាក់ ឆបោកយកទៅបាត់ជាង១ឆ្នាំកន្លះ ស្រាប់តែប្រទះឃើញនៅយានដ្ឋានជួសជុលរថយន្ត ប៉ុន្តែរកម្ចាស់ដែលយកមកដាក់ជួសជុលមិនឃើញ។

ហេតុការណ៍នេះបានកើតឡីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានមួយកន្លែងគ្មានស្លាកយីហោ តាមផ្លូវបេតុងលេខ៩០BT ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីដែលអះអាងថាជាម្ចាស់រថយន្តនោះ មានឈ្មោះ យាន ណាវី អាយុ៣០ឆ្នាំ មុខរបរបើកហាងលក់សាប៊ូ CS ស្នាក់នៅផ្ទះលេខ២៧BEo ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

តាមស្ត្រីរូបនេះបានរៀបរាប់នៅកន្លែងកើតហេតុឱ្យដឹងថា គាត់បានដាក់ពាក្យប្តឹងទៅលើឈ្មោះសារឿង សំណាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ពុំស្គាល់លំនៅពីបទឆបោករថយន្តម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-5970 នៅចំណុចផ្ទះលេខ២៧EB0 ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

ស្ត្រីរងគ្រោះបន្តថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យដែលជាមិត្តភក្តិរបស់ប្តីគាត់ និងជាអាណិកជនខ្មែរសិង្ហបុរី បានឆបោករថយន្តរបស់គាត់ដោយជននោះបានប្រាប់គាត់ថា យកសោរថយន្តទៅចម្លង ពេលបានរថយន្តហើយក៏គេចខ្លួនបាត់ដំណឹងរហូត ទើបគាត់និងប្តីបានព្យាយាមទាក់ទងតាមទូរស័ព្ទ តែមិនចូល ក៏សម្រេចចិត្តបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវចាប់ជនបង្កមកចាត់ការតាមច្បាប់ ។

ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌមានជ័យ បានយករថយន្តខាងលើនេះទៅរក្សាទុកនៅប៉ុស្តិ៍សិន រង់ចាំយកឯកសារមកផ្ទៀងផ្ទាត់និងរង់ចាំម្ចាស់ដែលយករថយន្តនេះមកដាក់ឱ្យជាងជួសជុលដើម្បីឃាត់ខ្លួនសាកសួរថា តើរថយន្តនេះជារបស់អ្នកណាពិតប្រាកដ។

ចំណែកម្ចាស់យានដ្ឋានបានឱ្យដឹងថា រថយន្តនេះគឺមានបុរសម្នាក់មិនស្គាល់ឈ្មោះបានយកមកដាក់ឱ្យគាត់ជួសជុលហើយទៅបាត់ ស្រាប់តែវេលារសៀល ក៏មានរឿងបែបនេះកើតឡើងតែម្តង៕

RELATED ARTICLES