Monday, November 24, 2025
Homeព័ត៌មានជាតិប្រទះឃើញពួកគាត់ហើយ... ប៉ុន្តែបានត្រឹមសោកស្តាយប៉ុណ្ណោះ

ប្រទះឃើញពួកគាត់ហើយ… ប៉ុន្តែបានត្រឹមសោកស្តាយប៉ុណ្ណោះ

ស្ទឹងត្រែង៖ មន្ត្រីយោធា២នាក់ដែលបានបាត់ខ្លួន ក្រោយជួបហេតុការណ៍បាក់ដីធ្លាក់ចូលក្នុងអូរ ដែលមានទឹកហូរគួចខ្លាំងនោះ សមត្ថកិច្ចបានប្រទះឃើញសពហើយនៅព្រឹកនេះ ដោយម្នាក់រកឃើញនៅម៉ោង៧និង៤១នាទីព្រឹក និងម្នាក់ទៀតរកឃើញនៅម៉ោងជាង៨ព្រឹក ហើយសពទាហានទាំង២នាក់នេះ បាននៅចម្ងាយឆ្ងាយពីគ្នារហូតដល់៥០០ម៉ែត្រ។

ជនរងគ្រោះ ភីនី ដាលិ

លោកមេបញ្ជាការកងរាជអាវុធហត្ថស្ទឹងត្រែង បានឲ្យដឹងថា សពមន្ដ្រីយោធាម្នាក់ ឈ្មោះ សុខ សុវណ្ណឌី ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧និង៤១នាទីព្រឹកនេះ ដែលជាអ្នកជិះពីក្រោយ។ លុះនៅម៉ោងជាង៨ព្រឹកនេះ សពម្នាក់ទៀតឈ្មោះភីនី ដាលិ ក៏ត្រូវបានរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រ ពីគ្នា។

ជនរងគ្រោះ សុខ សុវណ្ណឌី

ខេត្តស្ទឹងត្រែង ៖ យុវជនជាមន្ត្រីយោធាបម្រើការនៅអង្គភាពកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំយោធភូមិភាគទី១ ចំនួន២នាក់កំពុងជិះម៉ូតូដឹកគ្នាឆ្លងស្ពាន ដែលត្រូវគេសាងសង់ទុកសម្រាប់ឆ្លងអូរធ្វើដំណើរបណ្តោះអាសន្ន ស្រាប់តែទឹកហូរកួចខ្លាំងពេក បណ្តាលឱ្យបាក់ស្ពានស្រុតដីចូលទឹកលិចទាំងម៉ូតូ ទាំងមនុស្ស២នាក់ បាត់ខ្លួនរកមិនឃើញ និងត្រូវបានប្រជាពលរដ្ឋនៅចំណុចភូមិសាស្ត្រអូអាឡៃ ស្រុកសៀមប៉ាង ថតបានទិដ្ឋភាពជាក់ស្តែង មើលទៅគួរឱ្យរន្ធត់បំផុត។

គួបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ យោធា២នាក់ជិះម៉ូតូឆ្លងស្ពាន ក៏ត្រូវស្ពានបាក់ធ្លាក់ចូលទឹកបាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅចំណុចស្ពានអូរម៉ា ក្នុងភូមិសាស្ត្រអូរអាឡៃ ស្រុកសៀមប៉ាង ព្រំដែនកម្ពុជា-ឡាវ។

ជនរងគ្រោះទាំង២នាក់ខាងលើ រួមមាន ទី១-ឈ្មោះសុខ វណ្ណឌី និងទី២-ឈ្មោះភីនី ដាលិ ជាយោធានៅអង្គភាពកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុខ វណ្ណឌី មានជំងឺគ្រុនចាញ់ ឃើញមិត្តរួមអាវុធមានជំងឺបែបនេះ ឈ្មោះជាយោធាភីនី ដាលិ បានយកម៉ូតូមួយគ្រឿងដឹកទៅមន្ទីរពេទ្យបង្អែក ដោយធ្វើដំណើរឆ្លងកាត់ស្ពានឆ្លងអូរ ដែលទុកសម្រាប់ធ្វើដំណើរបណ្តោះអាសន្នដែលជាកន្លែងកើតហេតុនោះ ស្រាប់តែរំពេចនោះ ស្ពានក៏បានបាក់ស្រុតដីធ្លាក់ទាំងម៉ូតូ ទាំងជនរងគ្រោះទាំង២នាក់ចូលក្នុងទឹកលិចបាត់តែម្តង ខណៈដែលទឹកកំពុងហូរខ្លាំង ទើបធ្វើឱ្យទាំងមនុស្សនិងម៉ូតូហូរទៅតាមខ្សែទឹកបាត់ លុះរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះជាយោធាទាំងពីរខាងលើ នៅមិនទាន់រកឃើញនៅឡើយ។

យ៉ាងណាដំណឹងនៃការស្លាប់យោធា២រូបខាងលើនេះ បានធ្វើឲ្យមហាជន ក្រុមគ្រួសារនិងមិត្តភក្តិរួមអាវុធ មានការសោកស្តាយយ៉ាងខ្លាំង ហើយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបួងសួងឲ្យអ្នកទាំង២បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES