ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានទាក់ទងស្នេហាជាមួយនឹងបុរសជាសន្តិសុខដែលអះអាងថាខ្លួនក៏ពោះម៉ាយដូចគ្នា លុះក្រោយពីរួមរស់នឹងគ្នាដូចប្តីប្រពន្ធអស់រយៈពេល២ឆ្នាំ ស្រាប់តែបែកធ្លាយរឿងរ៉ាវថាតាមពិតប្តីហេងស៊យមានប្រពន្ធកូនមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយជាហេតុធ្វើឱ្យខាងស្រីផ្ទុះកំហឹងលាយឡំនឹងភ្លើងប្រចណ្ឌឈានដល់ការឈ្លោះប្រកែកគ្នាកណ្តាលផ្លូវ និងត្រូវខាងប្រុសច្រានដួលរលាត់ដីធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តយំឡាំប៉ាទាមទារចែកផ្លូវគ្នា។
ហេតុការណ៍គូស្នេហ៍ផ្ទុះជម្លោះនឹងគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន វិថីត្រសក់ផ្អែម (ផ្លូវលេខ៦៣) កែងផ្លូវ៣៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

គូស្នេហ៍ខាងលើនេះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ សុទ្ធតែមានវ័យប្រមាណជាង៣០ឆ្នាំរៀងៗខ្លួនអស់ទៅហើយ ហើយភាគីខាងប្រុសមានមុខរបរគឺជាសន្តិសុខឯកជន។
ភាគីខាងស្រីដែលជាស្ត្រីមេម៉ាយបានរៀបរាប់ប្រាប់ថា នាងគឺជាស្ត្រីមេម៉ាយដែលបានលែងលះប្តីមុនដាច់ស្រេចជាយូរឆ្នាំមកហើយ សព្វថ្ងៃរស់នៅជាមួយកូន។ ក្រោយមកកាលពីអំឡុងពេលប្រមាណ២ឆ្នាំមុននេះ នាងបានស្គាល់បុរសជាសន្តិសុខខាងលើ ដោយកាលណោះនាងបានប្រាប់គាត់តាមត្រង់ថា នាងគឺជាស្រីមេម៉ាយទេ។ ចំណែកគាត់ក៏បានអះអាងប្រាប់នាងវិញថា គាត់ក៏ជាបុរសពោះម៉ាយដែរ ដោយបានលែងលះប្រពន្ធដាច់ស្រេចហើយ។ បន្ទាប់មកនាងនិងបុរសជាសន្តិសុខនោះក៏ចាប់ផ្តើមទាក់ទងស្នេហាគ្នាយ៉ាងស៊ីជម្រៅ តែមិនបានរៀបការ ឬបើកប្រកាសជាសាធារណៈឱ្យគេដឹងដែរ។

ស្ត្រីមេម៉ាយរូបនេះបន្តថា សម្រាប់នាងពិតជាស្រលាញ់ប្តីអត់ខាន់ស្លានេះខ្លាំងណាស់ ហើយក៏មិននឹកស្មានដល់ថាប្តីហេងស៊យនេះបោកប្រាស់កុហកនាងថាពោះម៉ាយទាំងដែលការពិតនៅមានប្រពន្ធកូនមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ។ លុះក្រោយពីបែកធ្លាយរឿងរ៉ាវនៅយប់កើតហេតុនាងក៏ជិះម៉ូតូទៅជួបមុខប្រុសស្នេហ៍ដើម្បីសួរនាំនិងដោះស្រាយគ្នាឱ្យដាច់ស្រេចស្រាប់តែកើតមានជម្លោះនឹងគ្នារហូតដល់ខាងប្រុសបានច្រាននាងបណ្តាលឱ្យដួលមុតដៃរយះចេញឈាមទើបនាងកើតទុក្ខមិនសុខចិត្តក៏សម្រេចផ្តាច់ស្នេហ៍ទាំងយប់តែម្តង។
ចំណែកភាគីបុរសជាសន្តិសុខវិញបានរៀបរាប់ប្រាប់ថា រូបគេនិងស្ត្រីខាងលើពិតជាបានទាក់ទងលួចលាក់ស្នេហាគ្នាប្រាកដមែន ដោយស្ទើរតែក្លាយជាប្តីប្រពន្ធទៅហើយ គ្រាន់តែមិនបានរៀបការឬសែនព្រេនអ្វីនោះទេ។ កន្លងមកពួកគេតែងណាត់ជួបគ្នាញឹកញាប់ដែរ ដោយរូបគេឧស្សាហ៍ទូរស័ព្ទហៅនាងមកជួបនៅជិតៗកន្លែងធ្វើការរបស់ខ្លួនជាញឹកញាប់។

បុរសជាសន្តិសុខបន្តថា លុះដល់យប់កើតហេតុរូបគេបានទូរស័ព្ទណាត់ជួបគ្នាទៀតហើយនាងក៏បានជិះម៉ូតូអាគុប១គ្រឿងតែម្នាក់ឯងមកជួបគ្នាដូចសព្វដងតែលើកនេះមិនដូចលើកមុនពួកគេទាំង២នាក់បានកើតមានជម្លោះទាស់សម្តីគ្នានៅលើម៉ូតូរហូត ទើបគាត់ទ្រាំមិនបានក៏ឈប់ម៉ូតូឈ្លោះប្រកែកគ្នាធ្វើឱ្យរូបគេជ្រុលដៃរុញស្ត្រីជាប្រពន្ធដួលទៅលើថ្នល់បណ្តាលឱ្យមុតដៃរយះចេញឈាម។ បន្ទាប់ពីរងរបួសឈាមហូរពេញដៃស្រាប់តែនាងបានអង្គុយយំស្រែកមិនព្រមឡើងជិះម៉ូតូទៅផ្ទះតាមការលួងលោមរបស់រូបគេឡើយ។
ដោយឃើញស្រែកឡូឡារំខានខ្លាំងពេក ទើបក្រុមសន្តិសុខដែលយាមនៅជិតនោះបានដើរទៅមើល និងជួយឃាត់កុំឱ្យរំខានដល់ការសម្រាករបស់អ្នកដទៃនិងបានសួរនាំភាគីទាំងសងខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ មានទាំងលោកមេប៉ុស្តិ៍ទៀតបានចុះទៅដល់ដើម្បីជួយអន្តរាគមន៍ និងជួយសម្របសម្រួល ទើបបុរសជាសន្តិសុខនោះហៅនាងឡើងម៉ូតូជិះទៅកន្លែងគាត់ធ្វើការដើម្បីនិយាយគ្នាដែរ។ ប៉ុន្តែស្ត្រីរូបនេះមិនព្រមទៅទេដោយសុំបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធលួចលាក់នេះជាមុនសិន ទើបលោកមេប៉ុស្តិ៍សួរនាំ និងសួររកប័ណ្ណសម្គាល់ខ្លួន ប្តីបានសំពះសុំទោសនិងសន្យាឈប់ទាក់ទងគ្នានៅចំពោះមុខសមត្ថកិច្ចតែម្តង រួចចែកផ្លូវគ្នាចេញបាត់អស់៕