តារាចម្រៀង សុខ ចិន្តា ហៅវ៉ាន់នីឡា បានស្នើដល់មហាជនទាំងឡាយដោះលែងឬលើកកលែងដល់អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលទើបសឹកថ្មីៗនេះទៅដោយឈប់ទើសទាល់ឬរិះគន់អ្វីទៀតចុះ ព្រោះថាកាលនៅជាសង្ឃធ្វើនេះធ្វើនោះមិនសម នាំឱ្យមានការរិះគន់ជាការត្រឹមត្រូវហើយ តែពេលនេះអតីតសង្ឃរូបនោះបានសឹកក្លាយជាគ្រហស្ថធម្មតាទៅហើយ ល្មមបញ្ឈប់ការរិះគន់ទៅ។
កញ្ញាវ៉ាន់នីឡា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថា “ល្មមដោះលែងគាត់ទៅ ថានៅជាលោកទៅធ្វើនេះធ្វើនោះមិនសម ឥឡូវសឹកហើយ ជិះ business class ក៏មានអ្នករិះគន់ ឃើញគេនិយាយពីរឿងរូបគាត់មួយសន្លឹកហ្នុងតាំងព្រឹក លោកប្អូន give up ហើយចុះបង បង កាលបាន give up ?”។
គួរបញ្ជាក់ថា ការលើកឡើងជាសំណូមពររបស់តារាចម្រៀងវ៉ាន់នីឡា ខាងលើនេះធ្វើឡើង ក្រោយពេលដែលអតីតសង្ឃវ័យក្មេងកក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទបន្ទាប់ពីបានធ្វើរឿងខុសឆ្គង ដោយធ្លាយរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលថា ព្រះអង្គត្រូវចោរប្លន់សម្លាប់។ ក្រោយពេលសឹកភ្លាមអន្ទិតកក្កដា សុភ័ណ្ឌ បានឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិកភ្លាម ដោយបង្ហាញរូបភាពជិះយន្តហោះលំដាប់វីអាយភី តែងខ្លួនដូចស្ទាវ ជាដើម។

ជាមួយនេះនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកឈ្មោះ “Voeun Sarorn” ដែលជារបស់ព្រះសង្ឃមួយអង្គបានសរសេរបកអាក្រាតពីអតីតសង្ឃកក្កដា សុភ័ណ្ឌថា “ស្លៀកពាក់បែបនេះសមជាមនុស្សស្លាប់រស់នឹងមនុស្សធម៌ដែរឬ? ញោមៗអើយ ជឿសង្គមសង្ឃដែលគេដឹងរឿងខ្លះទៅ។ សុភ័ណ្ឌ ជាមនុស្សមានមហិច្ឆតាលាភសក្ការៈខ្លាំងណាស់។ តាំងពីបួសមកដោយសារខ្លួនមិនមានលក្ខណៈជាប្រុសពេញលក្ខណៈទើបចូលចិត្តរបស់ស្អាតស៊ីវិល័យ ទោះស្អាតបែបអ្នកបួសក៏ដោយ។ ចូលចិត្តប្រើចីវរថ្លៃៗទូរស័ព្ទទំនើបៗតាំងពីមិនទាន់គេស្គាល់ម៉្លេះ។ នេះជាលក្ខណៈសម្គាល់ខ្លះៗ ៖
១-ចង់មានលុយច្រើន ៖ ដំបូងឡើយការមានលុយច្រើន មិនមែនក្នុងន័យសន្សំទេ គឺដើម្បីផ្តាច់ចេញពីជីវិតអ្នកបួសដូចជាបិណ្ឌបាតឬជីវិតសាមញ្ញ តែប្តូរមកជីវិតហ៊ឺហា។ លក្ខណៈបែបនេះសម្រាប់អ្នកបួសថ្មីឬយូរល្មមមិនអាចធ្វើបានឡើយ ប៉ុន្តែសុភ័ណ្ឌ អាចធ្វើបានយ៉ាងងាយ ហើយអាចចាត់ទុកជាបព្វជិតសម្បូរលុយចាយ។
តើរកតាមវិធីណា? អន្ទិតម្នាក់នេះបានបួសក្នុងសង្គមសង្ឃដែលនៅក្បែរសង្ឃល្បី សង្ឃមានលុយ សង្ឃមានលាភសក្ការៈ សង្ឃមានញោមញាតិច្រើន។ នៅក្បែរផង ចូលរួមផង…។ បានធ្វើឱ្យគាត់មានឱកាសរកលាភបាន គឺរៀនធ្វើតាមផង ទាក់លាភបានផង។ ជាធម្មតា អន្ទិតនេះតែងតែទៅចូលរួមនឹងកម្មវិធីបុណ្យធំដែលរៀបចំដោយបព្វជិតល្បីៗ ទោះគេមិនហៅក៏ដោយ។
ពេលទៅចូលរួមធ្វើជាជួយនេះជួយនោះ តែបំណងធំគឺចូលទាក់ទងបរិស័ទណា ដែលល្បីៗមានលុយច្រើន ឬមកពីក្រៅប្រទេស ជាដើម។ បើដឹងថាអ្នកណាមួយនៅក្រៅស្រុក សុភ័ណ្ឌ មិនទៅណាឆ្ងាយទេ ជួយនេះជួយនោះ ឬធ្វើជាខ្វល់នឹងសុខទុក្ខបុគ្គលនោះៗ។ ទម្រាំចប់បុណ្យមួយៗបព្វជិតសោភ័ណ្ឌ អាចទាញទឹកចិត្តគេបាន ហើយត្រូវគេរាប់រក និងប្រគេនលុយជាហូរហែ។

សុភ័ណ្ឌ ជាបព្វជិតដែលនិយាយទូរស័ព្ទច្រើនសឹងមិនលស់ពេល។ ភាគច្រើនគឺនិយាយជាមួយញោមៗដែលខ្លួនទាក់ទងរួចហើយ។ ចំណុចដែលបព្វជិតម្នាក់នេះតែងតែប្រើដើម្បីអន្ទងចិត្តគេ
គឺ ១-ថាខ្លួនចង់រៀនសូត្រ តែអត់លុយរៀនកម្សត់ណាស់ ស្នាក់នៅក្រោមជណ្តើរកុដិ…។ តែជាក់ស្តែង សុភ័ណ្ឌ មិនដែលខ្វល់នឹងការរៀនសូត្រម្តងណាឡើយ។
២-ថា ខ្លួនកូនកំព្រាកម្សត់ពេកណាស់ គ្មានប្រាក់កាសតែជាក់ស្តែង ចាយលុយខ្ជះខ្ជាយ…។
៣-ថា ខ្លួនជាកូនសិស្សបព្វជិតល្បីៗ ពេលខ្លះថាជាកូនសិស្សលោកគ្រូ ជួន កក្កដា ពេលខ្លះថា សិស្សឆាត សុឆេត ជាដើម ដើម្បីទាញសមានចិត្តបរិស័ទដែលមានលុយ។
៤-ថាខ្លួនជាអ្នកបម្រើផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ហើយចីវរដែលប្រើផ្លេកៗនោះ ជាការប្រទានរបស់សម្តេចទៀតផង តែជាក់ស្តែង ចូលចិត្តប្រើចីវរភ្លឺឆើតៗដោយខ្លួនឯង ព្រោះត្រេកត្រអាលនឹងរបស់ប្រើ។ ការប្រាប់ថាជាអ្នកបម្រើផ្ទាល់របស់សម្តេចក្នុងបំណងទាក់ទាញលុយផង បានប្រើចីវរបែបហ៊ឺហាផង។

២-មហិច្ឆតាចង់ទៅក្រៅស្រុក ៖ សុភ័ណ្ឌ ជាបព្វជិតកូនកំព្រាទីមួយ ដែលមិនខ្វល់នឹងរៀនមានលុយច្រើន និងចង់ទៅលេងបរទេស។ បុគ្គលរូបនេះ ប្រើតែចំណុចបី ដើម្បីទាក់ទាញ មនុស្សមានលុយបានគឺ ៖
១. ដើរតាមកម្មវិធីលោកល្បីៗរៀបចំក្នុងបំណងរកបរិស័ទណាគ្រាន់បើ មានលុយ
២. និយាយជាមួយបុគ្គល ដែលខ្លួនទាក់បានហើយ រហូតក្លាយជាបងធម៌ញោមធម៌… ជាដើម។
៣. ចូលសរសេរសរសើរនៅតាមហ្វេសប៊ុកចំពោះបុគ្គលណាដែលមានលុយល្បីឬនៅក្រៅស្រុក ដើម្បីទាក់ទាញឬពង្រឹងការទាក់ទង។
មានន័យថា សុភ័ណ្ឌ អាចរកម៉ូយថ្មីតាមហ្វេសប៊ុកបាន សូម្បីនៅ New Zealand នេះក៏មានដែរ។ ការទាក់ទងនេះចំណេញពីរ គឺបានលុយ និងបានចេញក្រៅស្រុក។ សុភ័ណ្ឌ ប្រសប់និយាយណាស់អាចនិយាយឱ្យមនុស្សដែលមិនសូវបានត្រៀមខ្លួន ស្រក់ទឹកភ្នែកអាណិតអាសូរ ឬធ្លាក់លុយបាន និយាយរហូតគេ ទ្រាំមិនបានរកវិធីធានាទៅលេងក្រៅស្រុកទៀតផង។
ឧទាហរណ៍ ៖ មានសង្ឃនៅក្បែរគេដឹងរឿងថា សុភ័ណ្ឌ មិនរៀននៅសសាលាណាមួយទេ តែថ្ងៃមួយ បែរជាឃើញថតនៅសាលាមួយប៉ុស្តិ៍ ហើយសរសេរថានឹកសាលារវល់ពេកមិនបានមករៀន ព្រោះជាប់ធ្វើមនុស្សធម៌។ លោកដឹងរឿងនិយាយថា អាមួយហ្នឹងបោកលុយគេបានហើយមើលទៅ បានជាទៅថតដូចរៀនមែនទែនចឹង (តាមពិតគ្មានរៀនអីទេថត ដើម្បីឱ្យម្ចាស់លុយអស់ចិត្ត។ នេះជាការសន្និដ្ឋាន)។

៣-មហិច្ឆតាសន្សំលុយ ៖ ការធ្វើមនុស្សធម៌ដំបូង ហាក់ដូចជាការធ្វើតេស្តសាកល្បងអ៊ីចឹង។ ប៉ុន្តែ សុភ័ណ្ឌ ចាប់ផ្តើមស្ទង់ដឹងថាការធ្វើមនុស្សធម៌ អាចរកចំណូលបាននិងមានគេចាប់អារម្មណ៍ ជាពិសេសមនុស្សលំបាកបំផុត វេទនាបំផុតគួរឱ្យអាណិតបំផុត។ មនុស្សទាំងនេះនឹងធ្វើឱ្យមានការចាប់អារម្មណ៍ទាក់ទាញច្រើន និងចូលលុយច្រើន”។
គណនីហ្វេសប៊ុកដដែលបានសរសេរបន្តថា “សំណេរនិងការផ្សាយវីឌីអូអមដោយការសម្តែងពិតជាធ្វើឱ្យមហាជនរំជួលចិត្តណាស់អាណិតផងសង្វេគផងតក់ស្លុតផង។ ទប់ចិត្តមិនបានលុយក៏ចាប់ផ្តើមធ្លាក់មកបណ្តើរៗ។ ជាកលឧបាយសុភ័ណ្ឌ ប្រើវិធីយ៉ាងណាឱ្យគេយល់ថាខ្លួនជាមនុស្សងាប់រស់នឹងជួយអ្នកកម្សត់វេទនាដេកមិនលក់បក់មិនល្ហើយ ចង់តែជួយគេ។ ព្រោះតែយល់ថា សុភ័ណ្ឌ ជាសង្ឃល្អជួយតែអ្នកកម្សត់វេទនាមិនគិតខ្លួនបរិស័ទមិនខ្វល់នឹងលុយដែលសុភ័ណ្ឌ ចាយវាយឡើយ។ លុយចង់យកធ្វើអីក៏យកទៅ។ លុយណាប្រាប់គេបានក៏ប្រាប់ឯលុយមិនអាចប្រាប់ក៏ឆាន់តែម្តងទៅ។

មួយទៀតជាទម្លាប់បរិស័ទ បើគាត់ផ្ញើជួយអ្នកណាមួយតាមរយៈសុភ័ណ្ឌ ច្បាស់ជារំលែកជាពីរ ឬមួយចំនួនសម្រាប់បច្ច័យបួនឬអ្វីផ្សេៗទៀតតាមគាត់ចង់។ ដំណាក់កាលនេះ សុភ័ណ្ឌ អាចថែមប្រហុកថែមរបោយ ទម្លាក់លុយបាន។
ដូច្នេះ សុភ័ណ្ឌ ចំណាយ $១០០ អាចបានរាប់រយឯណោះ។ លុយបែបៗនេះ តើមហាជនដឹងបានយ៉ាងម៉េច បើគាត់ម្នាក់ៗយល់អ្នកបួសមិនធ្វើចឹងទេ។ ម៉្យាងទៀត សុភ័ណ្ឌ ចាប់មានមហិច្ឆតាចង់មានលុយច្រើន និងចាប់ផ្តើមសន្សំលុយ។ មកដល់ពេលនេះត្រូវចាំថា សុភ័ណ្ឌ មិនមែនកម្សត់ ខ្វះលុយដូចអ្នកផងធ្លាប់ឮតគ្នានោះទេ។ សុភ័ណ្ឌ ជាអ្នកមានហើយ លុយចាយមិនខ្វះទេ។
វិធីរកលុយ តាមពីររបៀបគឺ ១. រកមនុស្សដែលវេទនាបំផុត ឬដែលទាក់ទាញបំផុតដូចកុមារកំព្រាជាដើម។ ពេលផ្សាយ នឹងមានអ្នកចូលលុយសម្រាប់កម្មវិធីផង ផ្ទាល់ខ្លួនផង។
២.ការធ្វើបុណ្យធំ សុភ័ណ្ឌ ចេះរៀបធ្វើបុណ្យនេះ តាមគ្រូតាៗល្បីៗមួយចំនួន ដែលប្រមូលលុយបានច្រើន ដូចជា កឋិនទាន ជាដើម។ ឆ្នាំកន្លងទៅ សុភ័ណ្ឌ បានធ្វើបុណ្យកឋិនយ៉ាងធំមួយនិងមានច្រើនត្រៃ មិនចាញ់ឧកញ៉ាប៉ុន្មានទេ។ ឯភ្ញៀវចូលរួមក៏មានអ្នកមានលុយចូលរួមដែរ។

តាមសម្គាល់ខ្លះមក ទំហំប៉ុណ្ណេះ បើសុភ័ណ្ឌ មានគំនិតមិនស្មោះត្រង់លុយសល់មិនតិចឡើយ។ បងប្អូនធ្លាប់ឃើញសុភ័ណ្ឌ ស្ពាយគ្រឿងក្រអូប ដូចជាទឹកអប់មកពីបរទេស ដោយសំអាងលេសថា គេផ្ញើទិញឱ្យ តែការពិតគឺសុភ័ណ្ឌ ទិញខ្លួនឯងដើម្បីយកទៅផ្គាប់ចិត្តអ្នកមានលុយនៅស្រុកខ្មែរ ជាញោមធម៌ បងធម៌ ប្អូនធម៌…។ អ្នកដែលនឹងទទួលរបស់បញ្ញើនោះ សុទ្ធតែមានទំនាក់ទំនងខ្លះហើយ។ អ្នកទទួលរបស់ពីលោកនឹងយល់ថា លោករាប់អានអញស្មោះ…។ តែត្រូវចាំថា អ្នកទទួលរបស់បញ្ញើនោះនឹងមិនរួចខ្លួនឡើយ គឺជាមូយពេលបុណ្យនោះឯង។ ទទួលទឹកអប់អាត្មា ពេលបុណ្យកុំភ្លេចជួយចំណាយលុយអាត្មាផង”។

គណនីហ្វេសប៊ុកដដែលបានសរសេរបន្តទៀតថា”…រឿងនេះពិតវែងឆ្ងាយ បងប្អូនលំបាកមើលណាស់តែសហគមន៍សង្ឃដឹងរឿងនេះយូរហើយ តែលំបាកនិយាយរហូតដល់សុភ័ណ្ឌ ពុលនឹងលុយខ្លាំងដូចសព្វថ្ងៃ។ រឿងចុងក្រោយបងប្អូនអាចសួរថាចុះបរិស័ទដែលសុភ័ណ្ឌ បានទាក់ទងនោះមិនមានអ្នកដឹងសោះឬ? ចម្លើយមានអ្នកដឹងច្រើន តែក៏មានអ្នកមិនអាចដឹងបានដែរ។ ដំណើរសុភ័ណ្ឌ ដូចរោងល្ខោនអ៊ីចឹង។ សម្តែងហើយសារោង មិនអាចសម្តែងរឿងដដែលជាមួយមនុស្សដដែលបានទេតែខ្មែរយើងចិត្តល្អណាស់ ទោះដឹងហើយបានត្រឹមមិនមាត់ហើយលែងទាក់ទងទៀត។ ម៉ូយចាស់បាត់ទៅម៉ូយថ្មីមកដល់។
សុភ័ណ្ឌ នៅក្បែរយូរបន្តិច គេនឹងយល់បានហើយបាត់សេចក្តីទុក្ខចិត្ត ព្រោះការសម្តែងខុសការពិតនេះឯង។ សាធារណជនអាចជេរអាត្មាបែបណាក៏បាន តែការពិតនេះអាត្មាត្រូវតែប្រាប់។ ចុងក្រោយ អាត្មាជូនជាយោបល់ថា ខ្មែរភាគច្រើនចិត្តល្អណាស់ តែច្រើនតែដើរខុសផ្លូវព្រោះបញ្ញាតិច។ បើញោមញាតិចង់ជួយមនុស្ស សូមជួយដោយត្រង់ ឬផ្ញើដោយភាពវៃឆ្លាត។ ឧទាហរណ៍ ៖ បងប្អូនមានលុយដល់ទៅ $១០០ ម៉េចក៏ចាំបាច់រំលែក ៥០$ សម្រាប់អ្នកផ្ញើ ឯ$៥០ទៀត សម្រាប់ជនកម្សត់វេទនា។ មួយទៀត យើងជាម្ចាស់លុយ អាណិតជនរងគ្រោះចាញ់សុភ័ណ្ឌ ប៉ុនណាទៅ រហូតថ្នាក់ប្រគល់សិទ្ធិផ្តាច់មុខកំពូលមនុស្សទៅសុភ័ណ្ឌ ស្តេចអាជីវកម្មបែបនេះ។ ទំហំលុយសោភ័ណ្ឌ អាចទិញផ្ទះ ទិញឡានទំនើបជិះបានហើយណាញោមៗ។ សូមប្រយ័ត្នផង!”។

ទោះជាយ៉ាងណា ជុំវិញការលើកឡើងខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺឆ្លើយតបពីអន្ទិតកក្កដា សុភ័ណ្ឌ បានទេ កាលពីម្សិលមិញ ខណះដែលពេលនេះ អន្ទិតរូបនេះកំពុងមានវត្តមាននៅឯសហរដ្ឋអាមេរិក ដោយបានបង្ហើបពីគម្រោងបើកហាងលក់ Online នាំចូលទំនិញដោយផ្ទាល់ពីក្រៅប្រទេស ដោយដកលុយចំណេញ ៥០% សម្រាប់ជួយដល់ជនក្រីក្រ និងក្មេងកំព្រា ដូចកាលនៅជាសង្ឃហើយស្នើសុំមហាជនជួយគាំទ្រផង។

អន្ទិតកក្កដា សុភ័ណ្ឌ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ថា “បើខ្ញុំបើកហាងលក់ Online តូចៗមួយនៅប៉ុន្មានថ្ងៃទៀតនេះ ដើម្បីចិញ្ចឹមជីវិត ហើយខ្ញុំនឹងនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្តង តែខ្ញុំនឹងសុំដកការចំណេញ ៥០% សម្រាប់ជួយដល់អ្នកក្រីក្រ និងក្មេងកំព្រាដូចដើម តើមានអ្នកគាំទ្រទេ?”៕